តេរ៉ាស្តូរី (Terrastories) គឺជាកម្មវិធីសម្រាប់សហគមន៍បង្កើតផែនទីនៃទីតាំងរបស់គាត់ ការពារទឹកដីនោះ និងចែករំលែករឿងរ៉ាវនានាអំពីទឹកដីនោះ។
កម្មវិធីនេះអាចប្រើប្រាស់បានទាំងអត្តបុគ្គល ទាំងសហគមន៍ ដែលចង់ភ្ជាប់ឯកសារជាសំឡេងឬជាវីដេអូ ទៅនឹងផែនទី។ កម្មវិធីនេះត្រូវបានរចនាឡើងតាមរបៀបដែលផ្តល់ភាពងាយស្រួលនិងភាពរីករាយដល់អ្នកប្រើប្រាស់ ដែលសូម្បីតែសមាជិកសហគមន៍ដែលមិនចេះបច្ចេកវិទ្យាសោះក៏អាចប្រើបាន។
តេរ៉ាស្តូរី ចាប់ផ្តើមនៅពេលដែលអ្នកជំនាញផែនទីមួយក្រុម និងអ្នកជំនាញបច្ចេកវិទ្យាមួយក្រុម សម្រេចចិត្តថានឹងបង្កើតកម្មវិធី Terrastories ដើម្បីជួយសហគមន៍មួយនៅអាមេរិកខាងត្បូង កត់ត្រារឿងរ៉ាវប្រវត្តិសាស្ត្រអំពីទីកន្លែងរបស់គាត់។ សហគមន៍ ម៉ាតាវ៉ៃ ម៉ារូន (Matawai Maroons) នៅប្រទេស ស៊ូរីណាម (Suriname) ជាសហគមន៍ជនជាតិអាហ្វិកដែលបានរំដោះខ្លួនពីទាសភាព និងរត់ភៀសខ្លួនទៅរស់នៅក្នុងព្រៃតកូនតចៅអស់រយៈពេលជាងបីសតវត្សរ៍មកហើយ និងបន្តរស់នៅកន្លែងដដែលរហូតដល់បច្ចុប្បន្ន។ សហគមន៍ ម៉ាតាវ៉ៃ ម៉ារូន មានបំណងចងក្រងរឿងរ៉ាវផ្ទាល់មាត់អំពីបុព្វបុរសដំបូងរបស់ខ្លួនដែលបានមកដល់ទឹកដីនេះ។ មេកន្រ្ទាញរបស់សហគមន៍ចង់បានឧបករណ៍មួយដែលជួយកូនចៅជំនាន់ក្រោយយល់ដឹងអំពីទីកន្លែងដែលពួកគាត់រស់នៅ យល់ពីប្រវត្តិសាស្រ្តនិងវប្បធម៌ និងយល់អំពីសមាជិកសហគមន៍ជានរណា។
តេរ៉ាស្តូរី ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនោះ។ ស្របពេលជាមួយគ្នាដែរ ក្រុមការងារក៏បានឮអំពីតម្រូវការស្រដៀងគ្នានេះពីសហគមន៍ផ្សេងទៀតនៅជុំរិញសកលលោក។
ប្រសិនបើអ្នកមានផែនទីនៃតំបន់ដែលអ្នករស់នៅ ហើយអ្នកចង់បញ្ចូលរឿងរ៉ាវផ្ទាល់មាត់ទាក់ទងនឹងតំបន់នោះ តេរ៉ាស្តូរី គឺជាឧបករណ៍ដែលអ្នកត្រូវការ។ ម្យ៉ាងទៀត ដោយសារ តេរ៉ាស្តូរី គឺជាកម្មវិធីគ្រប់គ្រងប្រព័ន្ធព័ត៌មានដែលបន្ថែមពីលើផែនទី វាក៏អាចប្រើប្រាស់សម្រាប់កត់ត្រាព័ត៌មានណាមួយដែលមានទំនាក់ទំនងជាមួយទីកន្លែងបានដែរ។
តេរ៉ាស្តូរី ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់យុវវ័យនៃសហគមន៍អ្នកការពារផែនដី។ វាត្រូវបានរចនាឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីទឹកដី អំពីប្រវត្តិសាស្រ្តនិងវប្បធម៌ ហើយក៏ផ្តល់ភាពរីករាយនិងជក់ចិត្តនៅពេលប្រើប្រាស់កម្មវិធីនេះ។ គ្រូបង្រៀនអាចប្រើប្រាស់កម្មវិធី តេរ៉ាស្តូរី ជាផ្នែកមួយនៃកម្មវិធីសិក្សា ដើម្បីឲ្យយុវជនមានចំណេះដឹងមូលដ្ឋានក្នុងការប្រើប្រាស់កុំព្យូទ័រ ហើយក្នុងពេលជាមួយគ្នានោះស្វែងយល់អំពីសហគមន៍របស់ខ្លួន។
សុវត្ថិភាពនៃទិន្នន័យគឺជាការបារម្ភចម្បងរបស់សហគមន៍ការពារផែនដី។វាអាស្រ័យទៅលើតម្រូវការរបស់អ្នក អ្នកប្រហែលជាមិនចង់ឲ្យផែនទីរបស់អ្នកទាំងមូលឬផ្នែកណាមួយ ធ្លាក់ទៅក្នុងដៃមនុស្សដែលមិនគប្បីនោះឡើយ។តេរ៉ាស្តូរី ត្រូវបានបង្កើតឡើងដោយភ្ជាប់ជាមួយនឹងកង្វល់នេះ ដូច្នេះកម្មវិធីនេះមានមុខងារមួយដែលអនុញ្ញាតឲ្យសហគមន៍អាចកំណត់ថារឿងណាមួយជារឿងឯកជន និងអាចកំហិតល័ក្ខខ័ណ្ឌសម្រាប់អ្នកចូលមើល។ នេះមានន័យថា អ្នកត្រូវមាន log-in ដើម្បីអាចចូលអានរឿងទាំងនោះបាន។ ផ្ទុយទៅវិញ មានរឿងខ្លះដែលសហគមន៍ចង់ចែករំលែកជាមួយពិភពលោក និងអាចកំណត់មុខងារថាអ្នកណាក៏អាចមើលបានដែរ។
សហគមន៍អ្នកការពារផែនដីជាច្រើនតាំងទីលំនៅនៅតំបន់ជនបទដាច់ស្រយាល ដែលមិនមានសេវាអ៊ីនធ័រនែត។ ជាអកុសល ឧបករណ៍សម្រាប់កត់ត្រារឿងរ៉ាវនិងផែនទីមួយចំនួនមិនអាច ឬស្ទើរតែមិនអាច ដំណើរការបានដោយមិនមានសេវាអ៊ីនធ័រនែត។ ដោយសារតែមូលហេតុនេះហើយ ទើបកម្មវិធី តេរ៉ាស្តូរី ត្រូវបានបង្កើតឡើងឲ្យដំណើរការដោយមិនចាំបាច់មានសេវាអ៊ីនធ័រនែត។ កម្មវិធីទាំងមូលអាចដំណើរការនៅលើកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកណាមួយ ដែលអាចភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀតដោយមិនចាំបាច់មានសេវាអ៊ីនធ័រនែត។ មុខងារនេះទទួលបានការពេញចិត្តពីសហគមន៍មួយចំនួន ដោយសារថា ផែនទីនិងរឿងរ៉ាវដែលពួកគាត់បានកត់ត្រា នឹងមិនបែកធ្លាយទៅក្រៅពីរង្វង់សហគមន៍របស់គាត់។
នៅក្នុងកម្មវិធី តេរ៉ាស្តូរី (Terrastories app) អ្នកអាចផ្លាស់ប្តូរភាសា ផែនទី ឬព័ត៌មានដែលអ្នកបានកត់ត្រា តាមចិត្តអ្នកចង់។ នៅពេលដែលអ្នក download កម្មវិធី វាមកជាមួយផែនទីពិភពលោកមួយ ប៉ុន្តែអ្នកអាចជ្រើសរើសយកការប្រើប្រាស់ផែនទីរបស់អ្នក រួមទាំងផែនទីដែលដំណើរការដោយមិនត្រូវការសេវាអ៊ីនធ័រនែត។ អ្នកក៏អាចបកប្រែកម្មវិធី តេរ៉ាស្តូរី ទៅជាភាសារបស់អ្នក និងអាចកំណត់មុខងារបែងចែករឿងទៅតាមប្រភេទដែលឆ្លុះបញ្ចាំងទីតាំងរបស់អ្នក។
តេរ៉ាស្តូរី រួមមានទាំងផែនទីប្រភេទ interactive និងរឿងរ៉ាវដែលភ្ជាប់ជាមួយផែនទីនោះ។
តម្លើងកម្មវិធី តេរ៉ាស្តូរី: កម្មវិធី តេរ៉ាស្តូរី អាច loads នៅលើ browser ប៉ុន្តែយើងអាចតម្លើងកម្មវិធីនេះនៅលើកុំព្យូទ័រ ដើម្បីអាចប្រើប្រាស់វាបានដោយមិនចាំបាច់មានសេវាអ៊ីនធ័រនែត។ យើងក៏អាចរៀបចំកុំព្យូទ័រតូចមួយឲ្យដើរតួជា local hub ដែលផ្តល់កម្មវិធី តេរ៉ាស្តូរី ទៅឲ្យកុំព្យូទ័រផ្សេងទៀតដែលបានភ្ជាប់បណ្តាញជាមួយគ្នា។ មានការលំបាកបន្តិចបន្តួចក្នុងការតម្លើងកម្មវិធី តេរ៉ាស្តូរី ទៅលើកុំព្យូទ័ររបស់អ្នក មិនដូចកម្មវិធីផ្សេងទៀតដែលអ្នកគ្រាន់តែ download ហើយក៏អាចប្រើបាននោះទេ។ ក៏ប៉ុន្តែ អ្នកឆ្លងកាត់ការលំបាកនេះតែមួយដងប៉ុណ្ណោះ ហើយយើងក៏មានសេចក្តីណែនាំលម្អិតសម្រាប់លោកអ្នកដែរ។ អ្នកក៏អាចស្នើសុំជំនួយក្នុងការតម្លើងកម្មវិធី តេរ៉ាស្តូរី តាមរយៈបន្ទប់ពិភាក្សារបស់ Earth Defenders Toolkit forum ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីការតម្លើងកម្មវិធី តេរ៉ាស្តូរី សូមចុច ទីនេះ។
បន្ទាប់ពីបានតម្លើងកម្មវិធី តេរ៉ាស្តូរី អ្នកអាចបង្កើតសហគមន៍មួយឬច្រើន។ សហគមន៍ គឺជាលំហមួយនៅក្នុង តេរ៉ាស្តូរី ដែលប្រើប្រាស់រួមគ្នាដោយមនុស្សមួយក្រុម។ សហគមន៍មួយមានផែនទីនិងរឿងរ៉ាវជាច្រើនអំពីសហគមន៍នោះ។ ជាងនេះទៅទៀត អ្នកអាចបង្កើតមុខងារផ្សេងៗគ្នាឲ្យអ្នកប្រើប្រាស់នៅក្នុងសហគមន៍នោះ ឧទាហរណ៍ ផ្តល់តួនាទីឲ្យនរណាម្នាក់ជាអ្នកត្រួតពិនិត្យនិងកែសម្រួលរឿងរ៉ាវឬផែនទីជាដើម។ អ្នកក៏អាចទាញយកផែនទីផ្ទាល់ខ្លួនពី Mapbox Studio ឬពី map tile format។ ជាចុងក្រោយ អ្នកអាចបន្ថែមនិមិត្តសញ្ញា ឬរូបភាព background ជាការតុបតែងទំព័រ តេរ៉ាស្តូរី របស់អ្នក។
អាចរុករកមាតិកានៅក្នុងផែនទីឬក្នុងផ្នែករឿងរ៉ាវ
អ្នកប្រើប្រាស់កម្មវិធី តេរ៉ាស្តូរី អាចរុករកនៅលើផែនទី និងចុចនៅលើ storied place ដើម្បីចម្រាញ់យកតែរឿងរ៉ាវដែលទាក់ទងនឹងទីតាំងណាមួយជាក់លាក់។ បន្ថែមពីលើនេះ អ្នកមើលអាចចុចលើ រឿងណាមួយ នៅលើ sidebar ពេលនោះ ផែនទីនៃទីតាំងនៅក្នុងរឿងនោះនឹងលេចឡើង។
នឹងមាន dropdown menus ដែលអនុញ្ញាតឲ្យអ្នកប្រើអាចចម្រាញ់យកតែទីកន្លែងនិងរឿងទៅតាមអ្នកចង់បាន តាមតំបន់ ឬតាមចំណាត់ថ្នាក់បែងចែករបស់សហគមន៍។ ឧទាហរណ៍: សហគមន៍អាចបង្កើតបញ្ជីរាយនាមទីកន្លែងជាភាសាដើមរបស់សហគមន៍នោះ ដែលក្នុងបញ្ជីនោះរួមមាន ការបែងចែកទៅតាមទីតាំងភូមិសាស្រ្ត (ដូចជា ទឹកជ្រោះ កោះ ព្រែកឬស្ទឹង ជាដើម) ឬបែងចែកទៅតាមទំនៀមទម្លាប់របស់សហគមន៍នោះ (ដូចជា ទីសក្ការៈបូជា ឬទីទួលប្រវត្តិសាស្រ្ត)។ សហគមន៍អាចត្រងផែនទីឬរឿងនៅក្នុង តេរ៉ាស្តូរី ដោយផ្អែកតាមការបែងចែកទាំងនេះ។
សមាជិកសហគមន៍មួយដែលមានតួនាទីជាអ្នកត្រួតពិនិត្យរឿងសម្រាប់ការផ្សាយ អាចកំណត់ថា តើរឿងមួយនេះសម្រាប់អ្នកអានទូទៅ ឬសម្រាប់តែសមាជិកសហគមន៍។ បើអ្នកចង់ដឹងបន្ថែម សូមចុច ទីនេះ។
បច្ចុប្បន្ននេះ យើងមានកម្មវិធី តេរ៉ាស្តូរី ជាភាសាអង់គ្លេស ព័រទុយហ្គាល់ អេស្ប៉ាញ ហូឡង់ ម៉ាតាវ៉ៃ និងជប៉ុន។ អ្នកក៏អាចបកប្រែកម្មវិធីនេះទៅជាភាសាដើមរបស់អ្នកបានដែរ។អ្នកអាចបកប្រែសំណេរនៅក្នុង តេរ៉ាស្តូរី ទៅជាភាសាដើមរបស់អ្នក បន្ទាប់មក បញ្ចូលវាទៅក្នុង language folder របស់កម្មវិធី តេរ៉ាស្តូរី។ បើចង់ដឹងបន្ថែម សូមចុចទីនេះ។
តើអ្នកចាប់អារម្មណ៍ចង់ប្រើកម្មវិធី តេរ៉ាស្តូរី ដើម្បីកត់ត្រារឿងរ៉ាវផ្ទាល់មាត់មែនទេ? សូមចូលមើល ឧបករណ៍សម្រាប់ការបណ្តុះបណ្តាលនិងសិក្សា, របស់ Indigenous Mapping Workshop. យើងក៏មានកម្មវិធី online Terrastories នៅក្នុង server ដែលក្រុមការងារ តេរ៉ាស្តូរី អាច ជួយអ្នក, ប្រសិនបើអ្នកចង់សាកល្បង។ សូមកុំក្រែងចិត្តក្នុងការ ចូលរួមជាមួយសហគមន៍ អ្នកប្រើកម្មវិធី តេរ៉ាស្តូរី។ យើងអាចជួយគ្នាទៅវិញទៅមក ជួយភ្ជាប់ទំនាក់ទំនងរវាងគម្រោងផ្សេងៗគ្នា និងជួយផ្តល់យោបល់ក្នុងន័យស្ថាបនាដើម្បីបង្កើនគុណភាពនិងប្រសិទ្ធិភាពនៃឧបករណ៍របស់យើង។
សហគមន៍ ម៉ាតាវ៉ៃ ម៉ារូន (Matawai Maroons) បង្កើតឡើងដោយជនជាតិអាហ្វ្រិកដែលបានរត់គេចខ្លួនរួចពីទាសភាព និងបានប្រយុទ្ធទាមទារសិទ្ធិរស់នៅក្នុងតំបន់ព្រៃស្រោងមួយ តាំងពីជាងបីសតវត្សរ៍មុន។ សហគមន៍នេះបានប្រើប្រាស់កម្មវិធី តេរ៉ាស្តូរី ដើម្បីកត់ត្រាប្រវត្តិសាស្រ្តផ្ទាល់មាត់នៃទីតាំងដំបូងដែលបុព្វបុរសរបស់ខ្លួនតាំងពីលំនៅ នៅតាមបណ្តោយទន្លេ សារ៉ាម៉ាក់កា (Saramacca) នៅប្រទេស ស៊ូរីណាម និងបានប្រើប្រាស់កម្មវិធី តេរ៉ាស្តូរី ដើម្បីភ្ជាប់រឿងរ៉ាវនានាទៅនឹងទីតាំងជាក់ស្តែងនៅលើផែនទី។ អានបន្ថែម។
ក្រុមជនជាតិ ហូដឺណូសូនី (Haudenosaunee) នៅតំបន់ Six Nations Reserve នៃទីក្រុង អនតារីយ៉ូ ប្រទេសកាណាដា បាននិងកំពុងប្រើប្រាស់កម្មវិធី តេរ៉ាស្តូរី ដើម្បីកត់ត្រាចំណេះដឹងបែបប្រពៃណី និងរឿងរ៉ាវរបស់ជនជាតិដើមភាគតិចនៅទន្លេ Grand ជាមួយនឹងទិន្នន័យវិទ្យាសាស្រ្ត អំពីគុណភាពរបស់ទឹកទន្លេនេះ។ អានបន្ថែម.
Software ដែលត្រូវតែមាន: កម្មវិធី តេរ៉ាស្តូរី អាចប្រើបានជាមួយ Windows, Mac, Linux, ឬនៅលើ web server. តេរ៉ាស្តូរី គឺជាកម្មវិធីដែលអាចបើកបាននៅក្នុង browser. ខណៈពេលនេះ យើងមិនអាចតម្លើងកម្មវិធី តេរ៉ាស្តូរី នៅលើទូរស័ព្ទដៃបានទេ ក៏ប៉ុន្តែយើងអាចរៀបចំកុំព្យូទ័រមួយឲ្យដើរតួនាទីជា offline server ដែលអាចចែកចាយសញ្ញា WiFi ដែលទូរស័ព្ទអាចចាប់បាន និងបើកកម្មវិធី តេរ៉ាស្តូរី នៅលើ browser។
សុវត្ថិភាព: ជាមួយកម្មវិធី តេរ៉ាស្តូរី យើងអាចការពារព័ត៌មានរបស់យើង ដោយកំហិតល័ក្ខខ័ណ្ឌសម្រាប់តែសមាជិកសហគមន៍តែប៉ុណ្ណោះ។ អ្នកអាចកំហិតឲ្យអ្នកអានត្រូវតែ log in ដើម្បីអានរឿងទាំងនោះ ធ្វើដូច្នេះ គ្មានអ្នកក្រៅណាអាចមើលឃើញក្រៅពីសមាជិកសហគមន៍ឡើយ។
មុខងារសំខាន់ៗ: អាចបំពេញមុខងារពេញលេញដោយមិនត្រូវការសេវាអ៊ីនធ័រនែត។ ផែនទីជាក់ស្តែង រឿងនានាដែលត្រូវបានការពារ (Protected stories) រឿងរ៉ាវដែលត្រូវបានច្រោះរួចហើយ ផ្អែកតាមបញ្ជីររបស់សហគមន៍ ឬតាមអ្នកនិទាន។ អ្នកអាចបញ្ចូលរឿងច្រើននៅលើទីកន្លែងតែមួយ ហើយរឿងមួយក៏អាចនិយាយអំពីទីកន្លែងច្រើនដែរ។ រុករកមាតិកាតាមរយៈផែនទីឬតាមរយៈរឿងរ៉ាវនានា។ សហគមន៍ច្រើនអាចប្រើប្រាស់ server តែមួយបាន។ មាន administrative menu ដែលអ្នកប្រើប្រាស់អាចស្នើសុំធ្វើជាអ្នកត្រួតពិនត្យ។
ភាសា: អាចបកប្រែទៅជាច្រើនភាសា។ បច្ចុប្បន្នកម្មវិធីនេះមានជាភាសា ហូឡង់ អង់គ្លេស ជប៉ុន ម៉ាតាវ៉ៃ ព័រទុយហ្គាល់ និងអេស្ប៉ាញ។
Import options: យើងអាច import រឿងរ៉ាវជាចង្កោម អ្នកនិទាន និងទីកន្លែង តាមរយៈ administrative menu។
Export options: យើងអាច export ឯកសារនានាចេញពីកម្មវិធី តេរ៉ាស្តូរី ដោយប្រើ command line នៅលើកុំព្យូទ័រ។ Interface សម្រាប់ export ដែលងាយស្រួលសម្រាប់អ្នកប្រើ មាននៅក្នុង administrative menu នៅលើ roadmap។
Media: យើងអាចបន្ថែមរូបថតមួយឬច្រើនទៅលើទីតាំងនានា រឿងនិងអ្នកនិទានរឿង សំឡេងឬវីដេអូ (ច្រើនឬតិចតាមចិត្តអ្នកចង់) ទៅលើរឿងនីមួយៗ.
ក្រុមការងារបង្គោលរបស់ តេរ៉ាស្តូរី សូមថ្លែងអំណរគុណដល់សហគមន៍ ម៉ាតាវ៉ៃ និងអ្នកផ្សេងទៀត ដែលបានចូលរួមចំណែកក្នុងការបង្កើតកម្មវិធីនេះឡើង។
សហគមន៍អ្នកការពារផែនដីជាច្រើននៅទូទាំងសកលលោកបង្ហាញពីអារម្មណ៍ផ្សារភ្ជាប់ដ៏ជ្រាលជ្រៅជាមួយទឹកដីដែលពួកគាត់រស់នៅ និងមានឆន្ទៈចង់ការពារទឹកដីនោះដូចដែលដូនតារបស់គាត់បានធ្វើតៗគ្នាច្រើនជំនាន់មកហើយ។ ដើម្បីអាចការពារទឹកដីបាន ពួកគាត់ត្រូវតែមានចំណេះដឹងអំពីទឹកដី វប្បធម៌ទំនៀមទម្លាប់ ប្រវត្តិសាស្រ្ត របស់ទឹកដីនោះ ហើយការនិទានរឿងគឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុតក្នុងការផ្តល់ចំណេះដឹងនេះដល់សមាជិកសហគមន៍។
ការនិទានរឿងគឺជាវិធីមួយក្នុងបញ្ជូនព័ត៌មានពីជំនាន់មួយទៅជំនាន់មួយទៀត ក៏ប៉ុន្តែអាណានិគម ការកាប់បំផ្លាញព្រៃឈើ និងឥទ្ធិពលនៃវប្បធម៌ដទៃ បានជ្រៀតចូលនិងបំផ្លាញជីវិតសហគមន៍ ហើយមរតករស់ក៏រងការគំរាមកំហែង។
សហគមន៍នានានៅទូទាំងសកលលោកបានប្រើប្រាស់ និងជំរុញការប្រើប្រាស់ បច្ចេកវិទ្យាសោតទស្សន៍ ដើម្បីអភិរក្សរឿងរ៉ាវស្តីអំពីជីវិតដូនតារបស់ពួកគេ។ ការថតសំឡេងគឺជាវិធីសាស្រ្តដ៏ងាយស្រួលនិងមានប្រសិទ្ធិភាពបំផុត ដើម្បីធានាថា រឿងរ៉ាវដ៏មានតម្លៃនានាស្តីអំពីទឹកដី ប្រវត្តិសាស្រ្ត និងវប្បធម៌ ត្រូវបានអភិរក្ស ដើម្បីសហគមន៍ និងដើម្បីកូនចៅជំនាន់ក្រោយៗបានយល់ដឹង។ ការថតវីដេអូអំពីបុគ្គលម្នាក់និទានរឿងណាមួយ យើងមិនត្រឹមតែបានកត់ត្រាទុកនូវសំឡេងរបស់បុគ្គលនោះប៉ុណ្ណោះ ទេ ប៉ុន្តែបានកត់ត្រាទុកទាំងវិធីសាស្រ្តនៃការនិទានរឿង ទឹកមុខនិងកាយវិកា និងទីកន្លែងនៅក្នុងរឿងនោះទៀតផង។
ផែនទីក៏ជាវិធីសាស្រ្តដ៏មានឥទ្ធិពលក្នុងការកត់ត្រាចំណេះដឹងផ្នែកវប្បធម៌ដែរ។ ដោយគ្រាន់តែកត់ត្រាឈ្មោះរបស់ទីតាំងនីមួយៗ អ្នកអាចបង្កើតបណ្ណាល័យមួយដែលអភិរក្សវប្បធម៌ប្រពៃណី បរិស្ថាន និងប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែ ដូចដែលសហគមន៍ជាច្រើនបានជួប ពេលដែលអ្នកចាប់ផ្តើមកត់ត្រាឈ្មោះទីកន្លែង និងចង់អង្គុយជជែកជាមួយចាស់ព្រឹទ្ធាចារ្យដើម្បីសួរនាំគាត់អំពីទីតាំងទាំងនោះ ការនិទានរឿងក៏ចាប់ផ្តើម។ ពេលនោះអ្នកនឹងយល់ថា ឈ្មោះរបស់ទីកន្លែងគ្រាន់តែជាចំណុចចាប់ផ្តើមនៃអ្វីមួយដែលមានវិសាលភាពធំជាងនេះ។