ឧបករណ៍សម្រាប់អ្នកជួយការពារដែនដី៖ របៀបចាប់ផ្តើម

តើអ្វីទៅជាលក្ខណៈពិសេសរបស់ទីកន្លែងដែលអ្នករស់នៅ? តើវាជាទឹកដីដែលអ្នកស្រលាញ់? តាមការប៉ាន់ស្មានរបស់យើង អ្នកមកទីនេះដោយសារតែអ្នកមានបំណងអភិរក្សតំបន់មួយចំនួន​ដែល​មាន​សារៈសំខាន់​សម្រាប់អ្នក។ អ្នកប្រហែលជារស់នៅក្នុងតំបន់ដែលមានទន្លេ ឬក៏មានព្រៃឈើ ដែលគ្រួសារ​របស់​អ្នក​បាន​និង​កំពុង​រស់នៅជាច្រើនជំនាន់មកហើយ។ ហើយជាអកុសល ទឹកដីរបស់អ្នកកំពុងតែប្រឈមនឹងការគម្រាមកំហែងជាបន្តបន្ទាប់។

ពួកយើងបង្កើតឧបករណ៍នេះឡើងដើម្បីជាជំនួយដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​បំពេញ​កិច្ចការ​ដ៏សំខាន់​ក្នុង​បុព្វហេតុ​ការពារ​ភពផែនដី ជាពិសេស​អ្នកដែល​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​ប្រើប្រាស់​ផែនទី ឧបករណ៍​សម្រាប់​កត់ត្រា​រឿង​​និង​តាមដាន ដើម្បី​ជួយ​ការពារ​ទឹកដី​ពីទង្វើ​បំផ្លិចបំផ្លាញ​បរិស្ថាន។

ទាំងនេះគឺជាសំណួរនិងលំហាត់ផ្សេងៗដែលយើងយល់ថា​វា​មាន​សារៈសំខាន់​ក្នុង​ដំណាក់កាល​ដំបូង​នៃការ​បង្កើត​គម្រោងមួយ។

ចាប់ផ្តើមពីចំណុចដែលអ្នកកំពុងឋិតនៅ

តើមានអ្វីធ្វើឲ្យទឹកដី ទន្លេ ភ្នំ ព្រៃឈើរបស់អ្នកមានតម្លៃសម្រាប់អ្នកក្នុងការការពារថែរក្សាពួកវា?

តើអ្វីខ្លះជាការគម្រាមកំហែងខ្លាំងបំផុតចំពោះទឹកដីនិងសហគមន៍របស់អ្នក?

តើអ្នកអាចជជែកជាមួយសមាជិកផ្សេងទៀតនៅក្នុងសហគមន៍របស់អ្នក ដើម្បីពិភាក្សាអំពីសំណួរទាំងអស់នេះ និងកត់ត្រារាល់គំនិតយោបល់របស់ពួកគេបានទេ?

លំហាត់៖ ផែនការជីវិត

លំហាត់ដ៏សាមញ្ញមួយដើម្បីជួយអ្នកក្នុងការចាប់ផ្តើមធ្វើកិច្ចការនេះ ត្រូវបាន​ជម្រុញ​ទឹកចិត្ត​ដោយ​វិធីសាស្រ្ត​នៃ​ការធ្វើ "ផែនការជីវិត" (plan de vida) របស់​សហគមន៍​ជនជាតិដើម​នៅក្នុង​ប្រទេស​កូឡុំប៊ី។ វិធីសាស្រ្តនោះផ្តោតទៅលើការយល់ដឹងរបស់មនុស្សគ្រប់ជំនាន់ រួមមាន មនុស្សចាស់ អ្នកធ្វើសេចក្តីសម្រេចចិត្ត និងយុវជន។ វាអាចត្រូវបានធ្វើឡើងជាមួយនិងក្រុមមនុស្សតូចឬធំ ក៏ប៉ុន្តែត្រូវប្រាកដឲ្យមានសម្លេងចម្រុះរួមគ្នា។

យកផ្ទាំងក្រដាសធំៗចំនួនបីសន្លឹក រួចហើយគូសគំនូសព្រាងអំពីទឹកដីរបស់អ្នកនៅលើផ្ទាំងក្រដាសនីមួយៗ។
  1. សម្រាប់ផែនទីទី១ ចូរសួរសំណួរ៖ តើទឹកដីរបស់អ្នកធ្លាប់មានរូបរាងលក្ខណៈដូចម្តេច? ចូរពិភាក្សា ហើយគូររូបភាពជាមួយគ្នាជាក្រុម។
  2. សម្រាប់សំណួរទី២ ចូរសួរថា​៖ តើបច្ចុប្បន្ននេះទឹកដីរបស់អ្នកមានទម្រង់ដូចម្តេចដែរ? ចូរពិភាក្សា ហើយគូររូបភាពជាមួយគ្នាជាក្រុម។
  3. សម្រាប់រូបទីបី ចូរសួរសំណួរ៖ តើយើងចង់ឲ្យទឹកដីរបស់យើងមានទម្រង់ដូចម្តេចនៅថ្ងៃស្អែក? ចូរពិភាក្សា ហើយគូររូបភាពជាមួយគ្នាជាក្រុម។

ការធ្វើលំហាត់នេះអាចជួយអ្នកនិងសហគមន៍របស់អ្នក គិតអំពី​ចំណុច​ឬ​ទីន្លែង​ដែល​អ្នក​ចង់​ផ្តោត​ការយកចិត្ត​ទុកដាក់​និង​ថាមពល​ទៅលើវា។

ការចូលរួម គឺជាគន្លឹះ

ពាក្យដែលអ្នកប្រហែលជាបានស្តាប់លឺច្រើនគឺ ការចូលរួម នេះគឺ​សំដៅ​ទៅលើ​គម្រោង​ទាំងឡាយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ក្របខ័ណ្ឌមួយដែលមានចំណែកពីសហគមន៍ទាំងមូល។ ខណៈដែលការធ្វើផែនទីបែបប្រពៃណីមានការចូលរួមតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ការធ្វើផែនទីបែបថ្មីនេះ មានការចូលរួមពីមនុស្សគ្រប់គ្នា(រួមទាំងមនុស្សចាស់និងកូនក្មេង)។ សារៈសំខាន់នៃការចូលរួមនេះធ្វើឲ្យផែនទីមានគុណភាពប្រសើឡើង និង​ធានាថា​វាជា​តំណាង​ឲ្យ​គំនិត​យោបល់​ជាច្រើន។ ទិដ្ឋភាពរួមមួយមិនគួរត្រូវបានរៀបរាប់ឬបរិយាយដោយបុគ្គលតែម្នាក់នោះទេ។

សំណួរត្រូវសួរនៅពេលចាប់ផ្តើមធ្វើកិច្ចការ

អ្វីខ្លអ្វីទៅជាគោលដៅរបស់អ្នក? (តើជោគជ័យមានរូបរាងដូចម្តេច?)

តើទិន្នន័យអ្វីខ្លះដែលអ្នកត្រូវប្រមូល?

តើអ្នកត្រូវការការគាំទ្រអ្វីខ្លះពីខាងក្រៅ? (ឧទាហរ៍ដូចជា ផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ វិទ្យាសាស្រ្ត ច្បាប់ ឧបករណ៍ ការបណ្តុះបណ្តាល ។ល។)

តើសកម្មភាពអ្វីខ្លះដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់អ្នក? (ឧទាហរណ៍ដូចជា ការប្រជុំ បណ្តុះបណ្តាល ការងារចុះភូមិ ការប្រមូលទិន្នន័យ ។ល។)
នរណាតើនរណាខ្លះនឹងទទួលរងប៉ះពាល់ពីគម្រោងនេះ?

តើនរណាខ្លះនឹងចូលរួមក្នុងគម្រោងនេះ?

តើនរណានឹងដឹកនាំគម្រោងនេះ ដើម្បីធ្វើឲ្យគម្រោងដំណើរការទៅដោយរលូន?

តើអ្នកមានតួនាទីជាអ្វី?

តើនរណាប្រហែលជាអាចជួយគាំទ្រកិច្ចការនេះបាន? (តើអ្នកជាចំណែកមួយនៃអង្គការឬសហព័ន្ធដែលអាចជួយជាពេលវេលាឬធនធានដែរឬទេ?)

តើអ្នកចង់ឲ្យក្រុមធ្វើសេចក្តីសម្រេចចិត្តបែបណា?
ទីកន្លែងណាតើគម្រោងនេះនឹងត្រូវបានធ្វើឡើងនៅទីន្លែងណា?

តើកត្តាអ្វីខ្លះដែលពាក់ព័ន្ធទៅនឹងទីន្លែងនេះ? ឧទាហរណ៍ដូចជា បរិបទនយោបាយ សកម្មភាពរបស់សហគមន៍ជិតខាង ។ល។
នៅពេលណាតើអ្នកសង្ឃឹមថានឹងបញ្ចប់គម្រោងនេះនៅពេលណា? (ទោះបីជាបើសិនអ្នកគិតថា នឹងមានការងារធំៗមួយចំនួនដែលនឹងត្រូវធ្វើបន្តក៏ដោយ ក៏វា​មាន​ប្រយោជន៍​ក្នុងការ​កំណត់​កាលបរិច្ឆេទ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​គោលដៅ​ជាក់លាក់​ និង​ដើម្បី​ធានា​ថា​គម្រោង​នឹង​ដំណើរការ​ទៅមុខ​ជានិច្ច)
មូលហេតុអ្វីតើហេតុអ្វីបានជាគម្រោងនេះសំខាន់? តើមានអ្វីកំពុងតែកើតឡើង?

បច្ចេកវិទ្យា

បើត្រឹមតែបច្ចេកវិទ្យា ដូចជាទូរស័ព្ទដៃ ដ្រូន កុំព្យូទ័រ និងជីភីអេសឧបករណ៍ GPS ប៉ុណ្ណឹង​មិនអាច​ការពារ​ទឹកដី​របស់យើងបានទេ។ អ្វីដែលយើងមើលឃើញគឺ បច្ចេកវិទ្យា​នឹងមាន​ប្រសិទ្ធិភាព​ខ្លាំងបំផុត​នៅពេល​ដែលវា​ត្រូវបាន​ប្រើប្រាស់​ជាមួយនឹង​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​នៅក្នុង​សហគមន៍ ដូចជាកិច្ចសហប្រតិបត្តិការ ឬសកម្មភាពណាមួយ ដែលកំពុងតែកើតឡើង។

បច្ចេកវិទ្យាអាចជួយបាននៅពេលដែល ៖

  • អ្នកដឹងថា ការគម្រាមកំហែងណាមួយដែលអ្នកចង់កត់ត្រាទុក ឬទិន្នន័យណាខ្លះដែលអ្នកចង់ប្រមូល។
  • អ្នកចង់បង្កើតផលិតផលជាក់លាក់មួយ(ដូចជាផែនទី គេហទំព័រ យុទ្ធនាការតស៊ូមតិ ឬអត្ថបទ) ដែល​បច្ចេកវិទ្យា​ប្រភេទ​ណាមួយ​អាច​ជួយអ្នក​បង្កើតវាបាន។

បច្ចេកវិទ្យាក៏អាចបង្កើតនូវអ្វីមួយដែលយើងមិនចង់បានដែរ ហើយប្រសិនបើ​អ្នក​កំពុងតែ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​រសើប វាមានសារៈសំខាន់​ក្នុង​ការជ្រើសរើស​ឧបករណ៍​ណាមួយ​ដើម្បី​ជួយ​សហគមន៍​របស់អ្នក​គ្រប់គ្រង​ទិន្នន័យ​ដោយ​ខ្លួនឯង​បាន ដើម្បី​ធានា​ថា​វាមិននាំគ្រោះថ្នាក់​មកឲ្យអ្នក​ឬ​មនុស្ស​របស់អ្នក។

ផលវិជ្ជមានដែលអាចកើតឡើង

  • ភ្ជាប់ទំនាក់ទំនងរវាងជំនាន់ខុសៗគ្នានៅក្នុងសហគមន៍។
  • បង្កើនការចូលរួមរបស់ពលរដ្ឋវ័យក្មេងក្នុងកិច្ចការពារដែនដី។
  • កសាងសហគមន៍តាមរយៈការសិក្សារៀនសូត្រនិងការប្រើប្រាស់ឧបករណ៍ផ្សេងៗជាមួយគ្នា។
  • មានវិធីសាស្រ្តដ៏មានឥទ្ធិពលក្នុងការចែករំលែកព័ត៌មានផ្ទៃក្នុងនិងទៅខាងក្រៅ។

ផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើង

  • មានការផ្លាស់ប្តូរអំណាចមូលដ្ឋាន ដោយមិនមានគម្រោង
  • ការញៀនលេងឧបករណ៍បច្ចេកវិទ្យាឌីជីថលទំនើប អាចបង្ករផលប៉ះពាល់ដល់សម្រាប់សហគមន៍និងបុគ្គល។
  • ក្នុងសហគមន៍ដែលពុំសូវស្គាល់បច្ចេកវិទ្យា ការនាំចូលឧបករណ៍ទំនើបអាចបង្កើតភាពតានតឹងផ្នែកសង្គម និងការតម្លើងឫកពារដោយអ្នកដែលអាចប្រើប្រាស់ឧបករណ៍។
  • ស្របពេលដែលបណ្តាញសង្គម ដូចជា Facebook, WhatsApp និង Instagram មាន​ប្រយោជន៍​សម្រាប់​ការ​ផ្សារភ្ជាប់​សហគមន៍ផ្សេងៗ វាក៏អាចបង្កគ្រោះថ្នាក់ និង​ការ​រំខាន​ដល់​ជីវិតបែបប្រពៃណី​របស់​សហគមន៍​ផងដែរ។
  • ការធ្លាក់ចុះនូវតម្លៃនៃតួនាទីរបស់ថ្នាក់ដឹកនាំសហគមន៍និងចំណេះដឹងបែបប្រពៃណីរបស់ពួកគេ។

អ្វីដែលយើងរៀនសូត្របាននៅក្នុងដំណើរការ

  • វាមិនជាបញ្ហាអ្វីទេ ប្រសិនបើអ្នកមិនដឹងពិតប្រាកដអំពីអ្វីដែលអ្នកកំពុងតែធ្វើ នៅពេលអ្នកចាប់ផ្តើមអនុវត្ត! តាមបទពិសោធន៍របស់យើង គ្រប់គម្រោងដែលទទួលជោគជ័យគឺមានការវិវត្តទៅតាមពេលវេលារបស់វា​។
  • អ្វីដែលសំខាន់បំផុតគឺការកសាងទំនុកចិត្ត។
  • សប្បាយចិត្តនឹងការងារនោះ!
  • គ្មាននរណាម្នាក់ដែលមិនធ្លាប់ធ្វើខុសនោះទេ ដូច្នេះ អ្នកអាចរៀនសូត្របណ្តើរៗនៅពេលកំពុងធ្វើវា។
  • រៀនសូត្រពីបទពិសោធន៍របស់សហគមន៍ដទៃ។