ក្នុងអំឡុងពេលបួនឆ្នាំ យើងបានចាប់ដៃសហការជាមួយសហគមន៍ជនជាតិដើម វ៉ាអូរ៉ានី នៃប្រទេស អេក្វាដ័រ ដើម្បីសាកល្បង software ថ្មីមួយ គឺ ម៉ាពីអូ សម្រាប់ desktop ដើម្បីធ្វើផែនទីទីតាំងបុព្វបុរសរបស់ពួកគេ។ បន្ទាប់ពីរយៈពេលបួនឆ្នាំ នៃការប្រមូលទិន្នន័យផែនទី ជនជាតិដើម វ៉ាអូរ៉ានី បានឈ្នះក្តីនៅក្នុងរឿងរ៉ាវក្តីក្តាំជាមួយរដ្ឋាភិបាល អេក្វាដ័រ និងបានរក្សាដីព្រៃទឹកភ្លៀងប្រមាណជាងកន្លះលានហិចតា ពីការបូមយកប្រេង។
តើជនជាតិដើម វ៉ាអូរ៉ានី ជានរណា ហើយតើពួកគាត់ការពារអ្វី?
វ៉ាអូរ៉ានី គឺជាជនជាតិដើមដែលរស់នៅតំបន់ប្រភពទឹកនៃព្រៃអាម៉ាហ្សូន នៃប្រទេស អេក្វាដ័រ។ ជនជាតិនេះដើមឡើយគឺជាជនពនេរចរ ដែលបរបាញ់សត្វដើម្បីចិញ្ចឹមជីវិត។ ពួកគេចាប់ផ្តើមតាំងទីលំនៅអចិន្រ្តៃយ៍នៅមួយកន្លែងចាប់ពីទសវត្សរ៍ឆ្នាំ ១៩៥០ បន្ទាប់ពីអ្នកផ្សព្វផ្សាយសាសនា និងអ្នកធ្វើអាជីវកម្មអណ្តូងប្រេង បានចូលទៅដល់ទីតាំងរបស់ពួកគេ។ វ៉ាអូរ៉ានី បានវាយប្រយុទ្ធដើម្បីការពារទឹកដីរបស់ពួកគេ ពីការឈ្លានពានជាច្រើនលើកច្រើនសារ ពីពួកជនជាតិ អ៊ីងកា (Inca) និងជនជាតិអេស្ប៉ាញពង្រីកទឹកដី ពីម្ចាស់ចម្ការកៅស៊ូ ដល់អ្នកផ្សព្វផ្សាយសាសនាអាមេរិក និងក្រុមហ៊ុនប្រេង។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានទំនាក់ទំនងជាមួយអ្នកខាងក្រៅ ទឹកដីរបស់ពួកគេបានរួមតូចបន្តិចម្តងៗ ហើយទឹកដីដែលនៅសេសសល់បច្ចុប្បន្នកំពុងត្រូវគំរាមកំហែងដោយការកាប់បំផ្លាញព្រៃឈើ ការបូមប្រេង និង ការតាំងពីលំនៅរបស់ពួកអាណានិគម។
ពិតមែនតែជនជាតិដើម វ៉ាអូរ៉ានី ចាប់ផ្តើមមានទំនាក់ទំនងជាមួយសង្គមនិងសេដ្ឋកិច្ចខាងក្រៅ ពួកគេនៅតែថែរក្សាទំនៀមទម្លាប់វប្បធម៌ និងទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយទឹកដីរបស់ពួកគេ។ បច្ចុប្បន្ន ជនជាតិដើម វ៉ាអូរ៉ានី ជាច្រើននាក់ នៅតែពឹងផ្អែកទៅលើទឹកដី ទន្លេ និងព្រៃ ដើម្បីរស់។ ពួកគេប្រមាញ់សត្វព្រៃ ចាប់ត្រីក្នុងទន្លេ ប្រមូលអនុផលព្រៃឈើ ធ្វើជាអាហារ ធ្វើជាឱសថ និងធ្វើពិធីគោរពបូជា។
បច្ចុប្បន្ន មានជនជាតិដើម វ៉ាអូរ៉ានី ប្រមាណប្រាំមួយពាន់នាក់ រស់នៅជាភូមិតូចៗប្រមាណហាសិបភូមិ និងត្រូវបានទទួលស្គាល់ដោយច្បាប់ នូវសិទ្ធិក្នុងការរក្សាទឹកដី ទីតាំងបុព្វបុរសរបស់ពួកគាត់ នៅលើប្លង់កម្មសិទ្ធិរួមមួយដែលមានដីទំហំប្រមាណជិតមួយលានហិចតា ជាដីដែលមានជីរជាតិបំផុតនៅក្នុងព្រៃទឹកភ្លៀងអាម៉ាហ្សូន។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល អេក្វាដ័រ បានរក្សាសិទ្ធិក្នុងការប្រមូលធនជាតិធម្មជាតិក្នុងដី ដូចជាប្រេងនិងហ្គាសជាដើម និងបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមានឱកាសធ្វើអាជីវកម្មនៅក្នុងតំបន់ និងកេងប្រវ័ញ្ចពីម្ចាស់តំបន់។
មានការខួងអណ្តូងប្រេងនៅក្នុងទឹកដីរបស់ជនជាតិដើម វ៉ាអូរ៉ានី តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ក៏ប៉ុន្តែនៅទឹកដីប៉ែកខាងលិចដែលមានឈ្មោះថា តំបន់ប៉ាស្តាហ្សា (Pastaza) ពុំទាន់មានការបូមប្រេងនៅឡើយទេ។ នៅឆ្នាំ ២០១២ រដ្ឋាភិបាល អេក្វាដ័រ បានបង្កើតតំបន់រុករកប្រេងមួយទៀតដែលហៅថា Block 22 ដែលគ្របដណ្តប់ទៅលើដីមួយផ្នែកធំនៃទឹកដីប៉ែកខាងលិចរបស់ជនជាតិដើម វ៉ាអូរ៉ានី។ នៅពេលនោះ ព្រឹទ្ធាចារ្យ វ៉ាអូរ៉ានី មួយក្រុម បានធ្វើទស្សនកិច្ចនៅទឹកដីជនជាតិដើមដទៃទៀតនៅភាគខាងជើងប្រទេស អេក្វាដ័រ និងបានឃើញផលប៉ះពាល់ធ្ងន់ធ្ងរនៃការបូមប្រេង ទៅលើបរិស្ថាន ទៅលើសុខភាព និងទៅលើជីវភាពរស់នៅរបស់សហគមន៍។ បន្ទាប់ពីវិលត្រឡប់មកដល់ផ្ទះវិញ ក្រុមព្រឹទ្ធាចារ្យបានចែករំលែកអំពីអ្វីដែលពួកគាត់បានឃើញក្នុងអំឡុងពេលទស្សនកិច្ច ហើយសហគមន៍ទាំងមូលក៏ប្តេជ្ញាចិត្តទប់ស្កាត់មហន្តរាយនានាដែលអាចកើតឡើងមកលើទឹកដីនិងជីវិតរបស់ពួកគេ។
ជាយុទ្ធសាស្រ្តទប់ស្កាត់ការបូមប្រេងនៅក្នុងទឹកដីរបស់ពួកគេ ជនជាតិដើម វ៉ាអូរ៉ានី មានបំណងបង្កើត “ផែនទីដែល ពោរពេញទៅដោយវត្ថុដែលពុំអាចកាតថ្លៃបាន“។ ពួកគេចាប់ផ្តើមធ្វើការ ដោយមានជំនួយពីអង្គការក្នុងស្រុកចំនួនពីរ គឺ: Alianza Ceibo, ជាក្រុមការងារសម្របសម្រួលមួយ ដែលមានសហាជិកជាតំណាងជនជាតិដើម មកពីសហគមន៍ផ្សេងៗគ្នានៅប្រទេស អេក្វាដ័រ រួមមាន ជនជាតិដើម កូហ្វាន (Kofan) ជនជាតិដើម សៀកូប៉ៃ (Siekopai) ជនជាតិដើម ស៊ីអូណា (Siona) និងជនជាតិដើមវ៉ាអូរ៉ានី។ អង្គការមួយទៀតគឺ Amazon Frontlines, ជាអង្គការអន្តរជាតិ មានបុគ្គលិកដែលមានមុខជំនាញខុសៗគ្នា ដែលស្នាក់នៅនិងធ្វើការជាមួយក្រុម Alianza Ceibo ទៅលើគម្រោងមួយចំនួន រាប់តាំងពីការតម្លើងប្រព័ន្ធទឹកស្អាត រហូតដល់សេវាការពារផ្នែកច្បាប់។
ជនជាតិដើម វ៉ាអូរ៉ានី បានសាកល្បងប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នាជាច្រើនដើម្បីផលិតផែនទី ប៉ុន្តែឧបករណ៍ទាំងនោះពុំសមស្របទៅនឹងបរិស្ថានរបស់ពួកគេ ដែលនៅទីដាច់ស្រយាល ពុំមានសេវាអ៊ីនធ័រនែតនិងដំណើរការដ៏ស្មុគ្រស្មាញជាច្រើន។ ក្រុមការងារ Digital Democracy ក៏បានមើលឃើញតម្រូវការដូចគ្នានេះនៅសហគមន៍ដទៃទៀតដែលទីតាំងផ្សេង ហើយបានចាប់ផ្តើមបង្កើតកម្មវិធី software ថ្មីមួយដែលឆ្លើយតបទៅនឹងតម្រូវការទាំងនោះ គឺ Mapeo។ ការផលិតផែនទីរបស់ក្រុមជនជាតិដើម វ៉ាអូរ៉ានី បានក្លាយជាគម្រោងសាកល្បងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍កម្មវិធី ម៉ាពីអូ ហើយក្រុមការងារបានចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះនៅឆ្នាំ ២០១៥ និងបានចូលរួមចំណែកក្នុងការកែលម្អកម្មវិធីនេះក្នុងអំឡុងពេលបួនឆ្នាំដែលបង្កើតផែនទីសម្រាប់ភូមិចំនួនម្ភៃ។
តួនាទីរបស់ ផែនទី និងការងារធ្វើផែនទី ក្នុងការការពារទឹកដីរបស់ជនជាតិដើម វ៉ាអូរ៉ានី
ក្រុមជនជាតិដើម វ៉ាអូរ៉ានី មានបំណងប្រើប្រាស់ផែនទីជាឧបករណ៍សម្រាប់សន្ទនាជាមួយនឹងអ្នកខាងក្រៅ អំពីទឹកដីនិងភូមិសាស្រ្តរបស់ពួកគេ និងស្វែងរកការគាំទ្រទស្សនវិស័យរបស់ពួកគេ។ នៅឆ្នាំ ២០១៨ ទស្សនវិស័យនេះត្រូវបានសាកល្បងប្រើប្រាស់ នៅពេលដែលរដ្ឋាភិបាលអេក្វាដ័រ ប្រកាសបង្កើតទីតាំងបូមប្រេងថ្មីដែលមានទំហំជាង 7 លានហិចតា នៃព្រៃទឹកភ្លៀង ក្នុងនោះរួមបញ្ចូលទាំងគម្រោង Block 22 ដែលគ្របដណ្តប់ទឹកដីប៉ែកខាងលិចរបស់សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី ហើយដែលក្រុម វ៉ាអូរ៉ានីកំពុងតែធ្វើផែនទី។
សហគមន៍ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាល អេក្វាដ័រ។ អង្គការ Amazon Frontlines និង Digital Democracy បានជួយសហគមន៍ដោយបានផ្សព្វផ្សាយ online mapstory (រឿងរ៉ាវផ្សារភ្ជាប់នឹងផែនទី) ដែលឆ្លុះបញ្ចាំងសាររបស់សហគមន៍សម្រាប់យុទ្ធនាការនេះ។ ផែនទីដែលផលិតដោយសហគមន៍ជនជាតិដើម វ៉ាអូរ៉ានី ខុសគ្នាពីផែនទីរបស់រដ្ឋាភិបាល។ វាបង្ហាញអំពីភាពស្តុកស្តម្ភនៃជីវៈចម្រុះ និងវប្បធម៌ប្រពៃណីដែលមានប្រវត្តិយូរលង់មកហើយ ហើយគ្រប់ចំអាមនៃទឹកដីដ៏ស្តុកស្តមនេះនឹងត្រូវបំផ្លិចបំផ្លាញដោយការខួងយកប្រេង។
នៅឆ្នាំ ២០១៩ សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី បានឈ្នះក្តី ដោយតុលាការជាតិបានសម្រេចថា រដ្ឋាភិបាលពុំបាន ពិគ្រោះយោបល់ជាមួយសហគមន៍មុននឹងបង្កើតទីតាំងបូមប្រេង ដែលនេះជាការរំលោភបំពានលើសិទ្ធិរបស់សហគមន៍ដែលមានសិទ្ធិទទួលដំណឹង ពិគ្រោះយោបល់ និងសម្រេចចិត្ត (FPIC)។ ទីតាំងបូមប្រេងក៏ត្រូវបានដកចេញ ហើយដីព្រៃអាម៉ាហ្សូនចំនួនកន្លះលានហិចតាត្រូវបានការពារ។ ករណីនេះបានក្លាយជាករណីគំរូសម្រាប់សហគមន៍ជនជាតិដើមនៅ អេក្វាដ័រ និងនៅលើសកលលោក។
ជាការពិត ផែនទីគឺជាសមិទ្ធិផលនៃការបង្កើតផែនទី និងបានដើរតួសំខាន់នៅក្នុងរឿងក្តីនេះ ក៏ប៉ុន្តែ ដំណើរការ នៃការបង្កើតផែនទីក៏បានដើរតួនាទីសំខាន់ក្នុងរឿងក្តីនេះដែរ។ ដំណើរការដែលរួមមាន សិក្ខាសាលានៅថ្នាក់ភូមិជាច្រើនលើកច្រើនសា ដើម្បីពិភាក្សាអំពីឧបករណ៍ផលិតផែនទី និងដំណាក់កាលនីមួយៗនៃការងារនេះ។ នៅលើដីរាប់រយគីឡូម៉ែត្រ គឺជាដានជើងរបស់ចាស់ព្រឹទ្ធាចារ្យនិងយុវជនជំនាន់ក្រោយដែលទៅដល់ទីតាំងសំខាន់ៗ ដើម្បីកត់ត្រានិងចែករំលែកចំណេះដឹងផ្នែកវប្បធម៌បរិស្ថាន ភាពស្តុកស្តម្ភនៃភាសាដែលទាក់ទងទៅនឹងទឹកដី និងការគំរាមកំហែងដែលអាចកើតឡើង។ សារសំខាន់នៃដំណើរការនេះត្រូវបានមើលឃើញ ខណៈពេលដែលសហគមន៍ជនជាតិដើម វ៉ាអូរ៉ានី ចាប់ផ្តើមរៀបចំសម្រាប់ដំណើរការក្តី និងឈានដល់ការសម្រេចចិត្តរួមគ្នាមួយដើម្បីជ្រើសរើសសកម្មភាពនិងវិធីសាស្រ្ត ក្នុងការការពារទឹកដីរបស់ពួកគេសម្រាប់កូនចៅជំនាន់ក្រោយ។
គិតត្រឹមឆ្នាំ ២០២០ ក្រុមការងារផែនទីរបស់សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី បានបញ្ចប់ការផលិតផែនទីភូមិចំនួនម្ភៃក្នុងចំណោមភូមិទាំង ៥២ របស់ជនជាតិដើម វ៉ាអូរ៉ានី តាមដំណាក់កាលខាងក្រោម។
មនុស្: ធាតុផ្សំដ៏សំខាន់បំផុតសម្រាប់ការធ្វើផែនទីគឺ ជនជាតិដើម វ៉ាអូរ៉ានី នេះតែម្តង។ ពួកគេមានចំណេះដឹងជ្រៅជ្រះ មានសេចក្តីស្រលាញ់ដ៏ជ្រាលជ្រោចំពោះទឹកដីរបស់ខ្លួន និងមានឆន្ទៈមោះមុតក្នុងការរក្សាទឹកដីនេះឲ្យនៅបរិសុទ្ធនិងស្រស់បំព្រងសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រុមការងារផែនទីទទួលបានជំនាញបច្ចេកទេស ជំនាញបណ្តុះបណ្តាលនិងសម្របសម្រួល និងធ្វើការជាមួយក្រុមមនុស្សច្រើនបំផុតតាមដែលអាចធ្វើបាន នៅតាមភូមិនីមួយៗ ដើម្បីគូសវាសផែនទីទីតាំង និងធ្វើដំណើរទៅគ្រប់ទីកន្លែងដើម្បីកត់ត្រាចំណេះដឹងអំពីបុព្វបុរសរបស់ពួកគេ ដោយប្រើ GPS។
គុណតម្លៃ: គុណតម្លៃគឺជាធាតុផ្សំដ៏សំខាន់មួយទៀតនៅពីក្រោយជោគជ័យរបស់គម្រោង។ គុណតម្លៃមួយដែលសំខាន់បំផុតក្នុងចំណោមគុណតម្លៃជាច្រើនគឺ ការមូលមតិគ្នា។ នេះជាមគ្គុទ្ទេសក៍នាំផ្លូវក្រុមការងារជនជាតិដើម វ៉ាអូរ៉ានី អំឡុងពេលធ្វើការងារជាមួយសហគមន៍នីមួយៗ យល់ស្របគ្នាអំពីពិធីការ ពិភាក្សាគ្នាអំពីវិធីសាស្ត្រ បញ្ជាក់អំពីតួនាទីរបស់សហគមន៍នីមួយៗ ក្នុងការធ្វើជាម្ចាស់នៃគម្រោងនិងក្នុងការធ្វើផែនទីចំណេះដឹង។ នេះគឺជាគុណតម្លៃរបស់កម្មវិធី ម៉ាពីអូ: គាំទ្រស្វ័យភាព អធិបតេយ្យភាព និងការធ្វើជាម្ចាស់លើទិន្នន័យ របស់សហគមន៍។
បច្ចេកវិទ្យា:
ធនធានសម្រាប់ការធ្វើដំណើរនិងរៀបចំសិក្ខាសាលា
ការយល់ព្រមពីសហគមន៍: ក្រុមការងារផែនទី Waorani ចាប់ផ្តើមការងារដោយរៀបចំការប្រជុំនៅតាមភូមិនីមួយៗ ដើម្បីធានាថា សមាជិកភូមិនោះយល់ច្បាស់អំពីគម្រោងធ្វើផែនទី និងយល់ព្រមទៅនឹងវិធីសាស្រ្តនិងល័ក្ខខ័ណ្ឌនៃការធ្វើផែនទី។
គំនូសព្រាងនៃផែនទី (Sketch Mapping): ក្រុមការងារគូសគំនូសព្រាងផែនទីនៅលើក្រដាស ដោយប្រើប៊ិចហ្វឺតពណ៌ និងមានការចូលរួមពីអ្នកភូមិ។ សមាជិកគ្រប់រូបនៅក្នុងសហគមន៍ រួមទាំងបុរស ស្រ្តី មនុស្សចាស់ និងកុមារ ត្រូវបានអញ្ជើញមកចូលរួមគូសផែនទីទីតាំងរបស់សហគមន៍នៅលើក្រដាសធំៗដែលបានត្រៀមទុករួចជាស្រេច គូសចំណាំស្ទឹង ទន្លេ ទីតាំងបរបាញ់សត្វ ទីតាំងនេសាទ និងតំបន់ដែលមានធនធានធម្មជាតិសំខាន់ៗ។ បន្ទាប់ពីបញ្ចប់ការគូសនៅលើក្រដាស សហគមន៍នឹងពិភាក្សាគ្នាដើម្បីជ្រើសរើសទីតាំងដែលត្រូវទៅមើលដោយ ថ្មើរជើង និងរៀបចំគម្រោងចុះស្វែងរកការពិតនៅទីតាំងទាំងនោះ ដោយយោងតាមគំនូសព្រាងនៅលើក្រដាស។
បង្កើតរចនាសម្ព័ន្ធផែនទីនៅលើកម្មវិធី ម៉ាពីអូ: ដោយផ្អែកទៅលើគំនូសព្រាងផែនទីនៅលើក្រដាស ក្រុមការងារនឹងសម្រេចចិត្តថាចំណុចណាមានសារៈសំខាន់ដែលត្រូវតែកត់ត្រាទុក (ឧទាហរណ៍ ទឹកជ្រោះ ឬទីតាំងបរបាញ់សត្វ ជាដើម)។ អ្នករចនានឹងធ្វើការជាមួយក្រុមផែនទីដើម្បី បង្កើតរូបតំណាងសម្រាប់វត្ថុនីមួយៗដែលនឹងត្រូវពិពណ៌នានៅក្នុងកំណត់សម្គាល់ផែនទី (the map legend)។ គេអាចត្រឡប់ទៅធ្វើការងារនេះជាច្រើនសារ ព្រោះសហគមន៍តែងតែចង់បន្ថែមអ្វីថ្មីៗទៅលើផែនទី។ បច្ចុប្បន្ន Map legend របស់សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី មានរូបតំណាងចំនួនប្រមាណជាង ១៥០។
ការបណ្តុះបណ្តាលអំពីរបៀបប្រើ GPS និងរបៀបស្វែងរកការពិតនៅទីតាំង: បន្ទាប់ពីការគូសផែនទីព្រាងនៅលើក្រដាស ក្រុមការងារនឹងធ្វើដំណើរដោយថ្មើរជើងទៅទីតាំងទាំងនោះដើម្បីស្វែងរកការពិត។ ចូលរួមក្នុងដំណើរស្វែងរកការពិត រួមមាន ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ អ្នកដែលមានចំណេះដឹងអំពីទីកន្លែង និងយុវជនក្នុងភូមិដែលបានទទួលការបណ្តុះបណ្តាលអំពីវិធីប្រើប្រាស់ GIS និង GPS ពីក្រុមផែនទីជនជាតិដើម វ៉ាអូរ៉ានី។ ពួកគេទៅមើលទីតាំងសំខាន់ៗ ស្វែងរកដានទីកន្លែងនិងផ្លូវចាស់ៗ ដើម្បីចងក្រងរឿងរ៉ាវ និងកត់ត្រាតាមម៉ាស៊ីន GPS ដើម្បីបញ្ចូលទិន្នន័យពីផែនទីគូសដោយដៃលើក្រដាសទៅក្នុងប្រព័ន្ធឌីជីថល។
ការបញ្ចូលទិន្នន័យ: ត្រឡប់ទៅដល់ភូមិវិញ ក្រុមការងារបញ្ចូលទិន្នន័យពីម៉ាស៊ីន GPS និងពីផែនទីព្រាងលើក្រដាស ទៅក្នុងកម្មវិធី ម៉ាពីអូ សម្រាប់ Desktop រួមទាំងរឿងរ៉ាវនានានិងព័ត៌មានផ្សេងទៀតដែលប្រមូលបាន។ ក្រុមការងារបានប្រើផែនទីប្រភេទ offline background maps ជាច្រើន រួមទាំងរូបភាពពី satellite និងការវិភាគនានាដែលបង្ហាញពីតំបន់ទន្លេនិងសណ្ឋានដីខ្ពស់ទាប ដើម្បីឆ្លុះបញ្ចាំងទីតាំងនីមួយៗ។ បន្ទាប់ពីទិន្នន័យត្រូវបាន upload ក្រុមការងារក៏បញ្ចាំងផែនទីទៅលើជញ្ជាំងឲ្យសហគមន៍ទាំងមូលបានឃើញ។
Export (ការផ្ទេរទិន្នន័យ): ទិន្នន័យត្រូវបានផ្ទេរពីកម្មវិធី Mapeo ទៅ GeoJSON file បន្ទាប់មកត្រូវ uploaded ទៅក្នុង Mapbox Studio។ ក្រុមផែនទី វ៉ាអូរ៉ានី បានធ្វើការជាមួយក្រុមការងារ Digital Democracy ដើម្បីបង្កើតគំរូ design template នៅក្នុង Mapbox និងបានព្រមព្រៀងគ្នាអំពីពណ៌និង font ផងដែរ។ Maptiles នៃតំបន់ដែលពាក់ព័ន្ធនឹងជីវិតសហគមន៍ ត្រូវបានផ្ទេរទៅក្នុង Adobe Illustrator ដែលជាទីកន្លែងដែលគេអាចបន្ថែមអត្ថបទឬសេចក្តីសម្គាល់ផែនទី។
ការបោះពុម្ព (Print): ក្រុមការងារផែនទីនាំយកផែនទីដែលមិនទាន់សម្រេចត្រឡប់ទៅភូមិវិញ ដើម្បីកែសម្រួលបន្ថែមនិងផ្ទៀងផ្ទាត់ព័ត៌មាន។ បន្ទាប់មក ផែនទីសម្រេចនឹងត្រូវបានរៀបចំសម្រាប់បោះពុម្ព។ គ្រួសារនីមួយៗនឹងទទួលបានផែនទីមួយ ហើយផែនទីដែលធំជាងគេនឹងត្រូវបោះពុម្ពសម្រាប់ការប្រើប្រាស់របស់សហគមន៍ទាំងមូល។
នេះគឺជាព័ត៌មានលម្អិតពីផែនទីទីមួយដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនោះ គឺផែនទីភូមិ នេម៉ុនប៉ារ៉េ (Nemonpare)
នេះជារូបតំណាងខ្លះៗ ក្នុងចំណោមរូបតំណាងជាង ១៥០ ដែលក្រុមការងារ វ៉ាអូរ៉ានី បានបង្កើត