នៅក្នុងនាយកដ្ឋាន Peruvian Madre de Dios ជនជាតិ ហារ៉ាប៊ូត (Harakbut) ជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា (Matsiguenka) និងជនជាតិ យីន (Yine) បានឃ្លាំមើលជាមួយគ្នា និង អភិរក្ស ទីតាំងបុព្វបុរសរបស់ពួកគេ អស់រយៈពេលច្រើនសតវត្សរ៍មកហើយ និងចាត់ទុកខ្លួនឯងជាម្ចាស់និងជាឆ្មាំនៃតំបន់នេះនៅក្នុងព្រៃអាម៉ាហ្សូន។ នៅឆ្នាំ ២០០២ បន្ទាប់ពី រយៈពេល១៨ឆ្នាំ នៃការតស៊ូខ្នះខ្នែង ផ្នែកមួយនៃទីតាំងបុព្វបុរសរបស់ពួកគេត្រូវបាន ទទួលស្គាល់ ជាតំបន់អភិរក្សធម្មជាតិដែលមានឈ្មោះថា តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី (Amarakaeri Communal Reserve). ចាប់ពីឆ្នាំ ២០០៦ តំបន់នេះត្រូវបានគ្រង់គ្រងរួមគ្នាដោយ សហគមន៍ជនជាតិដើមចំនួនដប់ (រៀបចំដោយអង្គការ អ៊ី ស៊ី អេ អាម៉ារ៉ាកេរី - ECA Amarakaeri organization) និង National Service of Protected Areas (ហៅកាត់ថា SERNANP) ដោយមានការគាំទ្រពី អង្គការជនជាតិដើមចំនួនពីរ (FENAMAD និង COHARYIMA)។ ឧបករណ៍សម្រាប់ឃ្លាំមើលតំបន់អភិរក្ស រួមមាន ការប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យបំផុត (ដូចជា កម្មវិធី ម៉ាពីអូ Mapeo និងដ្រូន) ដែលប្រើប្រាស់ដោយឆ្មាំសហគមន៍ ឆ្មាំព្រៃ និងអ្នកបច្ចេកទេសដើម្បីការពារព្រៃបុព្វបុរសពី ការកាប់ព្រៃឈើនិងខួងអណ្តូងរ៉ែខុសច្បាប់។ គំរូ នៃកិច្ចខំប្រឹងប្រែងរបស់ពួកគេ ត្រូវបានទទួលស្គាល់ដោយ Equator Prize នៅឆ្នាំ ២០១៩។ ជាងនេះទៅទៀត អង្គការ IUCN បានបញ្ចូលតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ទៅក្នុងបញ្ជីបៃតង (Green list) របស់ពួកគេ ដោយសារតែការអភិរក្សមានកម្រិតខ្ពស់ (របាយការណ៍ខែមីនា ឆ្នាំ ២០២១ បង្ហាញថា ៩៨. ៥៥ នៃទឹកដីនេះ ត្រូវបានអភិរក្សយ៉ាងល្អ)។
ជនជាតិ ហារ៉ាប៊ូត (Harakbut) ជនជាតិ យីន (Yine) និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា (Matsiguenka) និងទីតាំងបុព្វបុរសរបស់ពួកគេ
ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា គឺជាក្រុមជនជាតិដើមខុសៗគ្នាដែលរស់នៅក្នុងតំបន់ ម៉ាដ្រេ ដេ ឌីអូស (Madre de Dios) នៅក្នុងព្រៃ អាម៉ាហ្សូន របស់ប្រទេសប៉េរូ អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ទឹកដីនោះគឺជាមូលដ្ឋានគ្រឹះនៃការរស់រានមានជីវិតរបស់ពួកគេ នោះគឺជាទីកន្លែងដែលពួកគេមាន “Vida plena” (ជីវិតពេញលេញ) ដែលរួមបញ្ចូលទីតាំងដែលពួកគេចាប់ត្រី ដាំដំណាំ ប្រមូលផ្តុំគ្នា និងទីកន្លែងដែលពួកគេប្រារព្ធពិធីបែបប្រពៃណីនិងចែករំលែកជំនឿផ្សេងៗជាមួយគ្នា។ ទីតាំងបុព្វបុរសនេះ នៅសេសសល់សំណាកបុរាណវិទ្យា ដែលបង្ហាញអំពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងក្រុមជនជាតិដើមទាំងនេះ និងទឹកដីតំបន់ ម៉ាដ្រេ ដេ ឌីអូស។
ទោះជាយ៉ាងនេះក្តី ទឹកដីបុព្វបុរសរបស់ពួកគេត្រូវបានគំរាមកំហែងអស់រយៈពេលរាប់សតវត្សរ៍ ដោយការឈ្លានពានរបស់ជាតិសាសន៍ដទៃ ដូចជា ពួកអ៊ីងកា (Incas) អ្នកវាតទីទឹកដីជនជាតិអេស្ប៉ាញ ម្ចាស់ចម្ការកៅស៊ូ អ្នករុករករ៉ែមាស និងក្រុមហ៊ុនប្រេង ជាដើម។ ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា បានបូជាជីវិតដើម្បីប្រយុទ្ធការពារទឹកដីនិងសិទ្ធិរបស់ពួកគេ។ ការខិតខំប្រឹងប្រែងនេះនៅតែបន្តមកដល់មនុស្សជំនាន់បច្ចុប្បន្ន ដែលបានប្រើប្រាស់ឧបករណ៍ឃ្លាំមើលដើម្បីការពារ “ជិវិតពេញលេញ” របស់ពួកគេ។ កំណត់ចំណាំៈ រដ្ឋាភិបាលប៉េរូបានទទួលស្គាល់ផ្នែកខ្លះនៃទឹកដីដូនតា ប៉ុន្តែមិនទាំងអស់ទេ។ យោងតាមអត្ថបទរបស់លោក ថូម៉ាស ម័រ (Thomas Moore) សរសេរឆ្នាំ ២០២០ ដែលមានចំណងជើងថា El Pueblo Harakbut, Su Territorio y Sus Vecinos កម្មសិទ្ធិដីដែលរដ្ឋាភិបាល ប៉េរូ ប្រគល់ឲ្យសហគមន៍ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វេនកា ដែលរស់នៅជិតតំបន់អភិរក្ស អាម៉ារ៉ាកេរី គ្របដណ្តប់តែ 6.7ភាគរយ នៃទឹកដីបុព្វបុរសរបស់ពួកគេតែប៉ុណ្ណោះ។
ទឹកដីបុព្វបុរសរបស់ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាតស៊ីហ្គ្វិនកា ត្រូវបានគំរាមកំហែងដោយអាណាចក្រ អ៊ីងកា ដែលបានលុកលុយរុករកមាសនិងដាំដើមកាកាវ។ នៅសតវត្សរ៍ទី១៦ ការឈ្លានពានពីបរទេសនៅតែបន្ត ហើយពេលនេះគឺក្បួនអ្នកវាតទឹកដីអេស្ប៉ាញ ដែលបានលុកលុយចូលដល់តំបន់ ម៉ាដ្រេ ដេ ឌីអូស ដើម្យីជីកកកាយរកមាស និងបង្កើតចម្ការកាកាវ។ នៅទសវត្សរ៍ឆ្នាំ ១៨២០ បន្ទាប់ពីប្រទេសប៉េរូទទួលបានឯករាជ្យ ហើយរដ្ឋាភិបាលប៉េរូព្យាយាមភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុប ជនបរទេសជាច្រើនក្រុមមកពីប្រទេសទាំងនោះ ត្រូវបានលើកទឹកចិត្តឲ្យតាំងទីលំនៅនៅលើទឹកដីបុព្វបុរសរបស់សហគមន៍ម្ចាស់ស្រុកនៅក្នុងតំបន់ ម៉ាដ្រេ ដេ ឌីអូស និងជីកមាសនៅទីនោះ។ រលកនៃការឈ្លានពានពីជនបរទេសដែលចូលទៅជីករកមាស នៅតែបន្តរហូតដល់បច្ចុប្បន្ន ហើយអណ្តូងរ៉ែមាសគឺជាការគំរាមកំហែងដ៏ធំមួយទៅលើទឹកដីរបស់ជនជាតិ ហារ៉ាប៊ូ ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា។
ក្នុងអំឡុងពេលឈ្លានពាននេះ ជនជាតិដើមម្ចាស់ស្រុកបដិសេធមិនធ្វើការឲ្យជនបរទេសដែលឈ្លានពានទឹកដីរបស់ខ្លួនឡើយ ហើយបានប្រឆាំងនឹងសកម្មភាពទាំងឡាយដែលជនបរទេសទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់ទឹកដីរបស់ពួកគេ។ ការកើនឡើងនិងធ្លាក់ចុះនៃរ៉ៃមាសនិងដំណាំកាកាវ បានកំណត់ព្រំដែនប្រទាញប្រទង់រវាងទីតាំងជនបរទេសនិងទឹកដីរបស់ជនជាតិដើមម្ចាស់ស្រុក។ នាពេលបច្ចុប្បន្ននេះ មិនមានការចេញលិខិតអនុញ្ញាតបង្កើតអណ្តូងរ៉ែមាសនៅលើទឹកដីរបស់ជនជាតិដើម ដោយមិនមានការព្រមព្រៀងនិងអនុញ្ញាតពីសហគមន៍ឡើយ។ ទោះជាយ៉ាងនេះក្តី អណ្តូងរ៉ែមាសជាច្រើននៅតែបន្តធ្វើអាជីវកម្មនៅលើទឹកដីរបស់ជនជាតិដើមម្ចាស់ស្រុក ដោយសារច្បាប់មិនអាចបញ្ឈប់អណ្តូងរ៉ែដែលបង្កើតមុនពេលដែលសហគមន៍បានទទួលប័ណ្ណកម្មសិទ្ធិដីរបស់ពួកគេឡើយ។
បន្ថែមពីលើអណ្តូងរ៉ែមាស ម៉ាដ្រេ ដេ ឌីអូស ក៏ប្រឈមមុខនឹងការឈ្លានពាននៃម្ចាស់ចម្ការនិងឈ្មួញកៅស៊ូនៅចុងសតវត្សរ៍ទី ១៩។ ការណ៍នេះបង្ករឲ្យមានទាសភាព ការចាប់បង្ខំមនុស្ស និងទម្រង់ផ្សេងៗទៀតនៃអំពើព្រៃផ្សៃ ដែលត្រូវបានប្រព្រឹត្តទៅលើជនជាតិដើមម្ចាស់ស្រុក ដែលបណ្តាលឲ្យចំនួនសមាជិកនៃសហគមន៍ជនជាតិដើមមានការថយចុះជាគំហុក។ ភាគច្រើននៃសមាជិកជនជាតិដើមម្ចាស់ស្រុកនៃតំបន់ ម៉ាដ្រេ ដេ ឌីអូស បដិសេធមិនធ្វើការឲ្យចម្ការកៅស៊ូរបស់ជនបរទេស និងបានសម្រេចចិត្តលាក់ខ្លួននៅក្នុងព្រៃជ្រៅនិងនៅតំបន់ក្បែរប្រភពទឹកនៃទន្លេ។ មួយចំនួនទៀតបានរស់នៅក្នុងភាពឯកោ មិនទាក់ទងជាមួយសង្គមខាងក្រៅ រហូតដល់បច្ចុប្បន្ននេះ ឧទាហរណ៍ដូចជា ជនជាតិ ម៉ាសកូ ពីរ៉ូ (Mashco Piro)។
ក្នុងអំឡុងពេលជាមួយគ្នានោះ ក្រុមផ្សព្វផ្សាយសាសនាអេស្ប៉ាញក៏បានធ្វើដំណើរទៅដល់តំបន់ ម៉ាដ្រេ ដេ ឌីអូស ហើយជារឿយៗបានរួមដៃគ្នាជាមួយក្រុមហ៊ុនបរទេស ដើម្បីត្រួតត្រាសហគមន៍ជនជាតិដើមម្ចាស់ស្រុក បង្ខំឲ្យចូលសាសនារបស់ខ្លួន និងដើម្បីបង្កើតទំនាក់ទំនងល្អរវាងអាជីវកម្មអណ្តូងរ៉ែមាសនៅក្នុងតំបន់។ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ អង្គការ SIL International បានមកដល់តំបន់ ម៉ាដ្រេ ដេ ឌីអូស និងបានបង្កើតសាលាបង្រៀនភាសា ដែលជាមធ្យោបាយក្នុងការលុបបំបាត់ភាសាកំណើតរបស់ជនជាតិដើមម្ចាស់ស្រុក។
នៅសតវត្សរ៍ទី២០ អាជីវកម្មខួងយកប្រេងនិងហ្គាស បានចាប់ផ្តើមកើតឡើងនៅតំបន់ ម៉ាដ្រេ ដេ ឌីអូស។ មិនខុសពីអណ្តូងរ៉ែមាសប៉ុន្មានទេ អណ្តូងប្រេងនៅតែបន្តជាការគំរាមកំហែងនៅក្នុងតំបន់។
អំឡុងពេលដំណើរការឯកសារកម្មសិទ្ធិដីធ្លី នៅក្នុងតំបន់ ម៉ាដ្រេ ដេ ឌីអូស នៅទសវត្សរ៍ឆ្នាំ១៩៧០ កម្មសិទ្ធិដីត្រូវបានផ្តល់ជូនតែចំពោះទីតាំងដែលសហគមន៍ម្ចាស់ស្រុកតាំងពីលំនៅតែប៉ុណ្ណោះ ពុំរាប់បញ្ចូលទីតាំងបុព្វបុរសឡើយ។ ការណ៍នេះមិនត្រឹមតែមិនបានការពារទឹកដីរបស់សហគមន៍ម្ចាស់ស្រុកទេ ប៉ុន្តែវាដូចជាការបើកដៃឲ្យអាជីវកម្មអណ្តូងរ៉ែ អាជីវកម្មព្រៃឈើ និងម្ចាស់កសិដ្ឋានគោ ចូលឈ្លានពានទឹកដីបុព្វបុរសរបស់សហគមន៍ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា។
ឆ្លើយតបនឹងសម្ពាធដ៏តឹងតែង នៅទសវត្សរ៍ឆ្នាំ ១៩៨០ សហគមន៍ជនជាតិដើមម្ចាស់ស្រុកបានបង្កើតសម្ព័ន្ធមិត្តមួយដែលមានការចូលរួមពីសហគមន៍ជនជាតិម្ចាស់ស្រុកផ្សេងៗគ្នា ឈ្មោះថា Federación Nativa del Río Madre de Dios y Afluentes (ឬហៅកាត់ថា FENAMAD) ដើម្បីអភិរក្សនិងការពារទឹកដីបុព្វបុរសរបស់ជនជាតិ ហារ៉ាប៊ូត។បន្ទាប់ពីបង្កើតបានភ្លាមៗ FENAMAD បានស្នើសុំឲ្យរដ្ឋាភិបាលប៉េរូបង្កើតតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី (Amarakaeri Communal Reserve) ហៅកាត់ថា RCA។ បន្ទាប់ពីរយៈពេល ១៨ឆ្នាំ នៃកិច្ចខិតខំប្រឹងប្រែងដ៏ស្វិតស្វាញ ដាក់ញត្តិរាប់មិនអស់ និងការយល់ព្រមកាត់ដីមួយផ្នែកឲ្យទៅក្រុមហ៊ុនអណ្តូងរ៉ែ ផ្នែកមួយនៃទឹកដីបុព្វបុរសត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សធម្មជាតិ ដែលមានឈ្មោះថា តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី (Amarakaeri Communal Reserve)។
តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី គ្របដណ្តប់ផ្ទៃដីចំនួន ៤០២ ៣៣៥. ៦២ ហិចតា នៃទឹកដីបុព្វបុរសរបស់ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា និងជាតំបន់ដែលមានជីវៈចម្រុះច្រើនបំផុតក្នុងពិភពលោក។ តំបន់អភិរក្សនេះការពារប្រភពទឹកនៃទន្លេ អ៊ីអូរី ម៉ាដ្រេ ដេ ឌីអូស (Eori/Madre de Dios) និងទន្លេ កានេរេ កូឡូរ៉ាដូ (Kanere/Colorado) រក្សាលំនឹងបរិស្ថាន និងធានាដល់ការរស់នៅរបស់សហគមន៍ជនជាតិដើមម្ចាស់ស្រុកនៅក្នុងតំបន់នេះ។
តំបន់អភិរក្សនេះ ត្រូវបានគ្រប់គ្រងរួមគ្នាដោយសហគមន៍ជនជាតិដើមម្ចាស់ស្រុក និងរដ្ឋាភិបាលប៉េរូ តាមយន្តការពិសេសមួយ។ យន្តការនេះត្រូវបានហៅថា សហ-គ្រប់គ្រង ដែលភាគីទាំងពីរធ្វើការជាមួយគ្នាដើម្បីគោលដៅរួមមួយ គឺអភិរក្សតំបន់នេះ និងបង្កើនឱកាសនៃការមាន “Vida Plena” (ជីវិតដែលពេញលេញ) សម្រាប់សហគមន៍ជាដៃគូ។
នៅឆ្នាំ ២០០៦ អគ្គលេខាធិការដ្ឋានគ្រប់គ្រង អាម៉ារ៉ាកេរី (Executor of the Administrative Contract of Amarakaeri) ដែលហៅកាត់ថា ECA Amarakaeri ត្រូវបានបង្កើតឡើង ចូលរួមដោយតំណាងសហគមន៍ចំនួន ១០ នៃជនជាតិដើម ហារ៉ាប៊ូត ជនជាតិដើម យីន និងជនជាតិដើម ម៉ាត់ស៊ីហ្គ្វិនកា ដែលរស់នៅក្នុងតំបន់អភិរក្ស ក្នុងនោះរួមបញ្ចូលទាំងតំណាងអង្គការ FENAMAD និង COHARYIMA។ ចាប់ពីពេលនោះមក តំបន់អភិរក្សត្រូវបានគ្រប់គ្រងរួមគ្នាដោយសហគមន៍ទាំង១០នេះនិងរដ្ឋាភិបាលប៉េរូដែលតំណាងដោយ National Service of Protected Areas (ហៅកាត់តា SERNANP)។ ជាងនេះទៅទៀត តំបន់អភិរក្សសហគមន៍ទាំងអស់នៅក្នុងប្រទេសប៉េរូ បានទទួលការគាំទ្រពីអង្គការថ្នាក់ជាតិដែលហៅកាត់ថា ANECAP។
តាមរយៈយន្តការសហ-គ្រប់គ្រងនេះ ឆ្មាំរបស់សហគមន៍ ឆ្មាំព្រៃ និងអ្នកបច្ចេកទេសមកពីអង្គការទាំងពីរ បានយាមល្បាតក្នុងតំបន់ជាមួយគ្នាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។
Luis Tayori គឺជាអ្នកដឹកនាំម្នាក់នៃ ECA Amarakaeri និងជាអ្នកដឹកនាំរបស់អង្គការ del area de Vigilancia។ រូបថតដោយៈ ECA Amarakaeri
ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ និងប្រវត្តិសាស្រ្តដ៏យូរអង្វែងនៃសកម្មភាពរបស់សហគមន៍ជនជាតិដើមម្ចាស់ស្រុកក្នុងកិច្ចការពារទឹកដីរបស់ពួកគេ តំបន់អភិរក្សទទួលបានចំណាត់ថ្នាក់ជាតំបន់ដែលមានការអភិរក្សខ្ពស់បំផុតក្នុងពិភពលោក ដោយទិន្នន័យនៅខែមីនា ឆ្នាំ ២០២១ បង្ហាញថា ៩៨. ៥៥ ភាគរយ នៃទឹកដីត្រូវបានអភិរក្សយ៉ាងល្អ។
បើទោះជាតំបន់អភិរក្ស អាម៉ារ៉ាកេរី ត្រូវបានទទួលស្គាល់ជាផ្លូវការ ថាជាតំបន់ដែលទទួលបានការការពារ ហើយបើទោះជាមានកិច្ចខិតខំប្រឹងប្រែងដោយ ECA Amarakaeri និង SERNANP យ៉ាងណាក៏ដោយ ក៏តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី នៅតែប្រឈមនឹងសម្ពាធនិងការគំរាមកំហែងពីអាជីវកម្មអណ្តូងរ៉ែ ការកាប់ព្រៃខុសច្បាប់ សំណង់ផ្លូវថ្នល់ ការនេសាទត្រីក្នុងទ្រង់ទ្រាយធំ ការរំលោភយកដី និងសកម្មភាពខុសច្បាប់ដទៃទៀត។ ករណីជាឧទាហរណ៍មួយ រដ្ឋាភិបាលបានចេញលិខិតអនុញ្ញាត (Lote 76) ឲ្យក្រុមហ៊ុនប្រេងរបស់អាមេរិកឈ្មោះ Hunt Oil ធ្វើអាជីវកម្មនៅលើដីមួយផ្នែកធំរបស់តំបន់អភិរក្ស។ (បន្ទាប់ពីបើកប្រតិបត្តិការរុករកនៅក្នុងតំបន់ ក្រុមហ៊ុន Hunt Oil បានសម្រេចចិត្តដកថយវិញ ដោយសារកត្តាមួយចំនួនដូចជា មានពាក្យបណ្តឹងចំនួនពីរដែលប្តឹងដោយសហគមន៍ជនជាតិដើមម្ចាស់ស្រុក ព្រមទាំងបញ្ហាកុងត្រានិងបញ្ហាទីផ្សារជាដើម។)
ក្រុមការងារសហ-គ្រប់គ្រងនៃតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ក៏បានអនុវត្តសំណើគម្រោងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ឈ្មោះ Amazonian Indigenous REDD + (RIA) ដែលបានជួយសហគមន៍ក្នុងការចូលរួមធ្វើសកម្មភាពជាមួយ nationally determined contributions (ហៅកាត់ថា NDC) តាមរយៈសកម្មភាពដំណោះស្រាយបែបធម្មជាតិ។ ការចូលរួមចំណែកនេះជាការបង្ហាញអំពី ការសម្របខ្លួន ការកាត់បន្ថយ និងភាពធន់ នៃផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។
ជាមួយនឹងការបង្កើតតំបន់អភិរក្ស គម្រោងឃ្លាំមើលក៏ត្រូវបានបង្កើតឡើងដើម្បីឃ្លាំមើលការគំរាមកំហែងនិងសម្ពាធនានានៅក្នុងតំបន់អភិរក្សនិងតំបន់ព្រំប្រទល់ ដោយមានការចូលរួមសហការពីឆ្មាំសហគមន៍ ឆ្នាំព្រៃ និងអ្នកបច្ចេកទេស។
មុខដំបូង ពួកគេប្រើប្រាស់ឧបករណ៍ងាយៗ ដូចជា ក្រដាសនិងខ្មៅដៃ ក៏ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេក៏ប្រើប្រាស់ឧបករណ៍ឌីជីថលនិងឧបករណ៍ទំនើបៗផ្សេងទៀតដូចជា កម្មវិធីទូរស័ព្ទវៃឆ្លាត និងដ្រូន ដើម្បីបង្កើនប្រសិទ្ធិភាពនៃសកម្មភាពល្បាត។
ខណៈដែលការគំរាមកំហែងនិងសម្ពាធមកលើតំបន់អភិរក្សមានការកើនឡើង SERNANP និង ECA Amarakaeri បានបង្កើតយុទ្ធសាស្ត្រក្នុងការល្បាតនិងឃ្លាំមើលតំបន់អភិរក្ស ដោយមានការចូលរួមពីសហគមន៍និងអង្គការជាដៃគូ។ យុទ្ធសាស្រ្តទាំងនេះរួមបញ្ចូលទាំងការប្រើប្រាស់ឧបករណ៍និងបច្ចេកវិទ្យាទំនើបៗ និងកិច្ចសហការជាមួយស្ថាប័នដទៃទៀត។ ការប្រើប្រាស់បច្ចេកវិទ្យាកើតចេញពីតម្រូវការនៃការភ្ជាប់ទំនាក់ទំនងរវាងចំណេះដឹងបែបប្រពៃណីនិងចំណេះដឹងបែបវិទ្យាសាស្រ្ត។ ដោយសារមូលហេតុនេះ ពួកគេបានសម្រេចចិត្តស្វែងរកឧបករណ៍ទំនើបដែលអាចជាជំនួយដល់សកម្មភាពឃ្លាំមើលនេះ។
បន្ទាប់ពីបានសាកល្បងកម្មវិធីឃ្លាំមើលជាច្រើនប្រភេទរួចមក នៅឆ្នាំ ២០១៨ ECA Amarakaeri និង SERNANP សម្រេចចិត្តសាកល្បងកម្មវិធី ម៉ាពីអូ (Mapeo) នៅក្នុងកម្មវិធីឃ្លាំមើលរបស់តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី។
កម្មវិធី ម៉ាពីអូ ត្រូវបានជ្រើសរើសដោយសារតែវាងាយស្រួលក្នុងការទាញយក និងអាចប្រើបានជាមួយទូរស័ព្ទឆ្លាតវៃ និងដោយសារវាអាចដំណើរការដោយមិនចាំបាច់មានអ៊ីនធឺនែត។ ជាងនេះទៅទៀត Indigenous Peoples និង SERNANP បានចូលរួមនៅក្នុងដំណើរការរចនាកម្មវិធីនេះ ដូច្នេះហើយ ទើបកម្មវិធីនេះមានមុខងារប្រើប្រាស់សមស្របទៅនឹងតម្រូវការរបស់សហគមន៍។ ម៉ាពីអូ ផ្តល់ឱកាសឲ្យក្រុមការងារឃ្លាំមើលអាចផ្លាស់ប្តូររបៀបធ្វើការពីការសរសេររបាយការណ៍លើក្រដាសមកជាការផលិតរបាយការណ៍បែបឌីជីថល និងអនុញ្ញាតឲ្យពួកគេអាចបញ្ជូនសញ្ញាអាសន្នតាមប្រព័ន្ធ Whatsapp និងសារអេឡិកត្រូនិក email ទាន់ពេលវេលា (នៅពេលណាដែលមានសេវាអ៊ីនធឺនែត)។
ការតម្រង់ទិសក្នុងដំណាក់កាលទីមួយនៃកម្មវិធី ម៉ាពីអូ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ ដែលត្រូវការប្រើប្រាស់កម្មវិធីនេះសម្រាប់ការងារឃ្លាំមើល (រូបទី១) និងបង្កើតផែនទីដែលអាចដំណើរការដោយពុំត្រូវការអ៊ីនធឺនែត។ ជំហានសំខាន់មួយទៀតគឺការបង្កើនសមត្ថភាពបច្ចេកវិទ្យារបស់អ្នកបច្ចេកទេសមកពី ECA Amarakaeri និង SERNANP តាមរយៈបទពិសោធន៍នៃការប្រើប្រាស់កម្មវិធី ម៉ាពីអូ។
បច្ចុប្បន្ននេះ ទាំង ECA Amarakaeri ទាំង SERNANP ប្រើប្រាស់កម្មវិធី ម៉ាពីអូ ចល័ត នៅលើទូរស័ព្ទដៃ ដើម្បីឃ្លាំមើលតំបន់អភិរក្ស និងប្រមូលទិន្នន័យព័ត៌មានដោយផ្ទាល់ពីទីកន្លែង ដោយពុំត្រូវការអ៊ីនធឺន័ត។ កម្មវិធី ម៉ាពីអូ សម្រាប់កុំព្យូទ័រលើតុ (Mapeo Desktop) ត្រូវបានប្រើប្រាស់ជាឃ្លាំងផ្ទុកព័ត៌មានទាំងអស់ និងសម្រាប់មើលនិងវិភាគទិន្នន័យព័ត៌មាន។
កិច្ចសហការប្រកបដោយការច្នៃប្រឌិតរបស់ អ៊ី ស៊ី អេ អាម៉ារ៉ាកេរី ត្រូវបានទទួលស្គាល់នៅក្នុង ពានរង្វាន់ អេក្វាទ័រ ឆ្នាំ២០១៩ (Equator Prize in 2019) ហើយតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបៃតងរបស់ IUCN (IUCN Green List) សម្រាប់ជោគជ័យដែលសហគមន៍សម្រេចបាន និងលក្ខណៈពិសេសនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់តំបន់។
ក្នុងអំឡុងពេលជិត ២០ឆ្នាំ នៃការកកើត តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ECA Amarakaeri និង SERNANP បានធ្វើសកម្មភាពជាច្រើនទៀតដើម្បីអភិរក្សនិងការពារទឹកដីដូនតា និង “ជីវិតពេញលេញ” របស់ពួកគេ។
ក្នុងនោះ សកម្មភាពមួយចំនួនគឺជាសកម្មភាពផ្លូវច្បាប់ដែលកើតចេញពីចំណេះដឹងនិងភ័ស្តុតាងដែលប្រមូលបានក្នុងអំឡុងពេលល្បាត។ ការណ៍នេះបង្ហាញអំពីសារៈសំខាន់នៃកិច្ចសហការរបស់ឆ្មាំសហគមន៍ ឆ្នាំព្រៃ និងអ្នកបច្ចេកទេស។
សកម្មភាពដទៃទៀត កើតចេញពីបុព្វហេតុផ្សេងៗគ្នា។ ហេតុការណ៍ដ៏គួរឲ្យកត់សម្គាល់មួយគឺការរកឃើញ Harakbut Face (ផ្ទាំងថ្មដ៏ធំមហិមាមានសណ្ឋានដូចជាផ្ទៃមុខមនុស្ស ដែលមាននៅក្នុងព្រេងកថារបស់ជនជាតិដើម ហារ៉ាប៊ូត ដែលបាននិទានតៗគ្នាជាច្រើនជំនាន់ ប៉ុន្តែពុំមាននរណាម្នាក់ដឹងអំពីទីតាំងរបស់ផ្ទាំងថ្មនោះ)។ ផ្ទាំងថ្មនោះត្រូវបានរកឃើញដោយ ECA Amarakaeri។ ការរកឃើញផ្ទាំងថ្មនេះ កើតឡើងនៅឆ្នាំ ២០១៣ ខណៈដែលក្រុមហ៊ុនអណ្តូងប្រេងអាមេរិក Hunt oil ធ្វើសកម្មភាពរុករកបន្ទាប់ពីបានទទួលអជ្ញាប័ណ្ណអាជីវកម្មនៅក្នុងតំបន់អភិរក្ស។ របកគំហើញនេះ បានផ្តល់ឲ្យសហគមន៍នូវភ័ស្តុតាងថ្មីមួយទៀត ដែលបញ្ជាក់ថា សហគមន៍គឺជាម្ចាស់ទឹកដីនេះតាំងពីច្រើនសតវត្សរ៍មកហើយ។ នេះជាកម្លាំងបន្ថែមរបស់សហគមន៍ជនជាតិដើមសម្រាប់ការតតាំងជាមួយក្រុមហ៊ុនផលិតប្រេង។
យើងសូមថ្លែងអំណរគុណដល់ ECA Amarakaeri និងសហគមន៍ជនជាតិ ហារ៉ាប៊ូត សហគមន៍ជនជាតិ យីន និងសហគមន៍ជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា ដែលបានអនុញ្ញាតឲ្យយើងចែករំលែករឿងរ៉ាវនិងរូបថតនៅក្នុងករណីសិក្សានេះ។
រហូតដល់ឆ្នាំ ២០២១ ឆ្មាំព្រៃទាំង ១៤រូប និងឆ្មាំសហគមន៍ទាំង ២៨រូប ដែលមកពីសហគមន៍ចំនួន ១០ ក៏ដូចជាថ្នាក់ដឹកនាំនិងអ្នកបច្ចេកទេសរបស់ ECA Amarakaeri និង SERNANP បាននិងកំពុងប្រើប្រាស់កម្មវិធី ម៉ាពីអូ ក្នុងពេលដើរល្បាតនិងឃ្លាំមើល។
កត្តាមនុស្ស: ដំណើរការឃ្លាំមើលនេះគឺជាកិច្ចការដែលធ្វើបន្តពីការឃ្លាំមើលបែបប្រពៃណីរបស់សហគមន៍ជនជាតិដើម ហារ៉ាប៊ូត សហគមន៍ជនជាតិដើម យីន និងសហគមន៍ជនជាតិដើម ម៉ាត់ស៊ីហ្គ្វិនកា បានអនុវត្តអស់រយៈកាលរាប់សតវត្សរ៍មកហើយ ដើម្បីការពារនិងអភិរក្សទឹកដីបុព្វបុរសនិងថែរក្សា “ជីវិតពេញលេញ” របស់ពួកគេ។ ចាប់តាំងពីមានការបង្កើត តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ឆ្មាំព្រៃនិងអ្នកបច្ចេកទេសមកពី SERNANP បានពួតដៃគ្នាជាមួយសហគមន៍ជនជាតិដើមម្ចាស់ស្រុក ដើម្បីរក្សាតំបន់ដ៏ពិសេសនេះឲ្យនៅតែមានសម្រស់ស្រស់ត្រកាលនិងមានសេចក្តីសុខសុវត្ថិភាព។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិដើមនិងរដ្ឋាភិបាលប៉េរូ ធ្វើការរួមគ្នាដើម្បីល្បាតនិងឃ្លាំមើលតំបន់អភិរក្សនិងតំបន់ជុំវិញ រួមទាំងតំបន់តាំងពីលំនៅរបស់សមាជិកសហគមន៍ផងដែរ។
គុណតម្លៃ: គម្រោងនេះមានគុណតម្លៃជាច្រើនដែលនាំដល់ចំណុចជោគជ័យរបស់វា។ គុណតម្លៃមួយក្នុងចំណោមនោះគឺ កិច្ចសហការដោយផ្ទាល់និងបន្តមិនដាច់ រវាងសហគមន៍ជនជាតិដើមនិង SERNANP (ក៏ដូចជាជាមួយនឹងអង្គការដទៃទៀតដែលបានផ្តល់ការគាំទ្រ)។ ភាគីទាំងពីររួមគ្នាបំពេញតួនាទីដែលមិនអាចខ្វះបាន នៅក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរួមគ្នាទៅលើតំបន់អភិរក្ស បំពេញភារកិច្ចនិងតួនាទីទៅតាមគោលការណ៍បីៈ ទំនុកចិត្ត អន្តរវប្បធម៌ និងតម្លាភាព។ ការគោរពនិងឲ្យតម្លៃទៅលើវប្បធម៌និងចំណេះដឹងបន្តពីដូនតារបស់សហគមន៍ គឺជាកូនសោរនៃជោគជ័យរបស់គម្រោងនេះ។ គុណតម្លៃមួយទៀតគឺ ឆន្ទៈនិងស្វ័យភាពរបស់សហគមន៍ ក្នុងការសម្រេចថាតើព័ត៌មានណាគួរប្រមូល និងព័ត៌មានណាគួរចែករំលែកជាមួយរដ្ឋាភិបាលប៉េរូនិងភាគីដទៃទៀត។
គិតមកដលើត្រឹមខែមិថុនា ឆ្នាំ ២០២១ ECA Amarakaeri និង SERNANP បានប្រើប្រាស់កម្មវិធី ម៉ាពីអូ ដើម្បីចងក្រងបានជាង ១៥០ បំណែកភ័ស្តុតាងនៃការខូចខាតបរិស្ថានដែលបង្ករដោយការជីកយករ៉ែ ការធ្វើចម្ការ ការកាប់ព្រៃឈើ និងសកម្មភាពខុសច្បាប់ដទៃទៀត។ ចាប់ពីឆ្នាំ ២០១៨ ដល់ខែមេសា ឆ្នាំ២០២១ ក្បាលម៉ាស៊ីនគ្រប់គ្រងនៃតំបន់អភិរក្សបានធ្វើសកម្មភាពធំៗជាង ៣០ដង ក្នុងនោះរួមមាន ការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល ការដាក់ទណ្ឌកម្មផ្នែកច្បាប់ និងការបណ្តេញចេញពីតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី និងតំបន់ជុំវិញ។ ជាងនេះទៅទៀត ក៏មានការជួយជ្រោមជ្រែងពីសំណាក់ភ្នាក់ងារនិងស្វាប័នរដ្ឋបាលសាធារណៈមួយចំនួន ដូចជា ការិយាល័យរដ្ឋអាជ្ញាពិសេសសម្រាប់បរិស្ថាន នៃប្រទេសប៉េរូ (Peruvian Special Environmental Prosecutor's Office - ហៅកាត់ថា FEMA)។
ការអនុវត្តកម្មវិធី ម៉ាពីអូ នៅតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី
ការព្រមព្រៀងពីសហគមន៍: ECA Amarakaeri និង SERNANP បានជួបជាមួយក្រុមការងារ Digital Democracy (Dd) នៅឆ្នាំ ២០១៨ ក្នុងក្របខ័ណ្ឌគម្រោង All Eyes in the Amazon ដើម្បីពិភាក្សាអំពីការប្រើប្រាស់កម្មវិធី ម៉ាពីអូ សម្រាប់គម្រោងឃ្លាំមើលនិងការពារតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី។
កែសម្រួលកម្មវិធី Mapeo ឲ្យសមស្របទៅនឹងតម្រូវការរបស់សហគមន៍: បន្ទាប់ពីជំនួបប្រជុំជាច្រើនដង រវាង Dd និង ECA Amarakaeri ដើម្បីស្វែងយល់អំពីកម្មវិធី ម៉ាពីអូ និងអំពីតម្រូវការរបស់ ECA Amarakaeri ក្រុមអ្នកសរសេរកម្មវិធីក៏បានកែសម្រួលកម្មវិធី ម៉ាពីអូ ដើម្បីឲ្យសមស្របទៅនឹងការចង់បានរបស់សហគមន៍។
ការបណ្តុះបណ្តាល: ថ្នាក់ដឹកនាំនិងអ្នកបច្ចេកទេសរបស់ ECA Amarakaeri និង SERNANP បានទទួលការបណ្តុះបណ្តាលអំពីកម្មវិធី ម៉ាពីអូ ហើយមួយចំនួនក្នុងចំណោមអ្នកទាំងនោះ បានក្លាយជាអ្នកបណ្តុះបណ្តាល និងបានបន្តបណ្តុះបណ្តាលឆ្មាំសហគមន៍ចំនួន ២៤រូប និងឆ្នាំព្រៃចំនួន ១៤រូប។ បច្ចុប្បន្ន ឆ្មាំទាំងនោះប្រើប្រាស់កម្មវិធី ម៉ាពីអូ សម្រាប់ដើរល្បាតនៅក្នុងតំបន់អភិរក្សនិងតំបន់ជុំវិញ។
វិវឌ្ឍន៍នៃកម្មវិធី ម៉ាពីអូ: ECA Amarakaeri និង SERNANP បានធ្វើតេស្តកម្មវិធី ម៉ាពីអូ ជាច្រើនដងនិងជាបន្តបន្ទាប់ និងបានផ្តល់យោបល់ដល់ក្រុមការងារ អំពីចំណុចដែលត្រូវបន្ថែម ឬចំណុចដែលត្រូវកែសម្រួល។ ក្រុមការងារសរសេរកម្មវិធីរបស់ Dd បន្តកែសម្រួលនិងបន្ថែមមុខងាររហូតដល់សម្រេចបានជាកម្មវិធីសាកល្បង ដែល ECA Amarakaeri និង SERNANP បានប្រើសាកល្បង។ បទពិសោធន៍និងអនុសាសន៍របស់ Eca Amarakaeri និង Sernanp បានជួយដល់ក្រុមការងារ Dd ក្នុងការបន្តកែសម្រួលនិងអភិវឌ្ឍកម្មវិធីនេះ។
ទិន្នន័យដែលប្រមូលបាន: ឆ្មាំសហគមន៍ ឆ្មាំព្រៃ និងអ្នកបច្ចេកទេស ប្រើប្រាស់កម្មវិធី ម៉ាពីអូ ចល័ត (Mapeo Mobile) នៅក្នុងទូរស័ព្ទឆ្លាតវៃរបស់ពួកគេ ដើម្បីប្រមូលទិន្នន័យព័ត៌មាន ក្នុងអំឡុងពេលដើរល្បាតនៅក្នុងតំបន់អភិរក្ស អាម៉ារ៉ាកេរី និងតំបន់ជុំវិញ។ សារបន្ទាន់ត្រូវបានផ្ញើតាមប្រព័ន្ធ WhatsApp និង email នៅពេលណាដែលត្រូវការទាក់ទងភ្លាមៗជាមួយក្រុមការងារគម្រោងឃ្លាំមើលនៃតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី។
ការគ្រប់គ្រងទិន្នន័យ: អ្នកបច្ចេកទេសរបស់ ECA Amarakaeri ជួបផ្ទាល់ជាមួយឆ្មាំសហគមន៍និងឆ្មាំព្រៃ ដើម្បីប្រមូលព័ត៌មាន ដោយប្រើកម្មវិធី Mapeo Desktop នៅលើកុំព្យូទ័រយួរដៃ។
ការប្រើប្រាស់ទិន្នន័យ: ទិន្នន័យត្រូវបានពិនិត្យ វិភាគ និងបកប្រែ នៅក្នុងកម្មវិធី Mapeo Desktop។ សហគមន៍និងក្បាលម៉ាស៊ីនគ្រប់គ្រងនៃតំបន់អភិរក្ស គឺជាអ្នកសម្រេចចិត្តក្នុងការប្រើប្រាស់ទិន្នន័យដែលប្រមូលបាន។ ជាងនេះទៅទៀត សហគមន៍ក៏បានចែករំលែកទិន្នន័យទាំងនោះជាមួយការិយាល័យកណ្តាលនៃ SERNANP នៅទីក្រុងលីម៉ា (Lima) និងស្ថាប័នរដ្ឋាភិបាលដទៃទៀត ដែលប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីធ្វើសកម្មភាពផ្លូវច្បាប់។
នេះគឺជារូបតំណាងចំនួន ២២ ដែលបង្កើតឡើងដើម្បីប្រើប្រាស់នៅក្នុងតំបន់អភិរក្ស អាម៉ារ៉ាកេរី។
ប្រភេទផ្សេងៗគ្នា ដែលបង្កើតរួមគ្នាដោយ ECA Amarakaeri, SERNANP និង DD សម្រាប់គម្រោងនេះ។ ប្រភេទនីមួយៗឆ្លើយតបទៅនឹងតម្រូវការដើម្បីប្រមូលព័ត៌មានដែលមានតម្លៃសម្រាប់ ECA Amarakaeri និង SERNANP។ ដោយៈ ECA Amarakaeri, SERNANP និង DD
សម្រាប់ព័ត៌មានបន្ថែម