ម៉ាពីអូ (Mapeo) ត្រូវបានបង្កើតឡើងសម្រាប់អ្នកការពារផែនដី ដើម្បីងាយស្រួលចងក្រងព័ត៌មានអំពីបញ្ហាសិទ្ធិមនុស្សនិងបរិស្ថាន និងដើម្បីប្រមូលទិន្នន័យអំពីដីធ្លីរបស់ពួកគេ។
វាអាចប្រើបានដោយបុគ្គលតែម្នាក់ ឬមួយក្រុម ដែលមានបំណងសហការគ្នានិងចែករំលែកព័ត៌មាន ហើយជាពិសេសសម្រាប់តំបន់ដាច់ស្រយាលនិងមិនមានសេវាអ៊ីនធឺនែត។ វាសាមញ្ញ ស្រួលប្រើ និងមិនចំណាយថវិកា ហើយអាចកែប្រែមុខងារនានាតាមតម្រូវការរបស់សហគមន៍ និងអាចបកប្រែជាភាសាក្នុងស្រុកបានទៀតផង។
កម្មវិធី Mapeo Mobile App ដែលសម្រាប់ប្រើប្រាស់ប្រមូលភ័ស្តុតាងនៅសហគមន៍ឬតាមមូលដ្ឋាន ដើម្បីថតរូបភាព ឬដើម្បីកត់ត្រាទីតាំងដោយប្រើ GPS។ ចំណែកកម្មវិធី Mapeo Desktop app សម្រាប់ ប្រើដើម្បីរៀបចំចាត់ចែងទិន្នន័យដែលប្រមូលបានតាមរយៈទូរស័ព្ទដៃឬម៉ាស៊ីន GPS និងសម្រាប់មើលរូបភាព កែសម្រួល និងបង្កើតជារបាយការណ៍ ដែលសកម្មភាពទាំងនេះលំបាកនឹងធ្វើនៅលើទូរស័ព្ទដៃ។ ឧបករណ៍ទាំងពីរអាចប្រើរួមគ្នាសម្រាប់គម្រោងជាបុគ្គលឬជាក្រុម ព្រោះអ្នកអាចផ្ទេរទិន្នន័យរវាងទូរស័ព្ទដៃនិងទូរស័ព្ទដៃ រវាងទូរស័ព្ទដៃនិងកុំព្យូទ័រ និងរវាងកុំព្យូទ័រនិងកុំព្យូទ័រ។
ឧបករណ៍ ម៉ាពីអូ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយនឹងសហគមន៍ជនជាតិដើមភាគតិចដែលប្រឈមនឹងការគម្រាមកំហែងចំពោះដីធ្លីរបស់ពួកគាត់ ដូចជា ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ការបំពុលដោយសារអណ្តូងប្រេង និងការប្រមាញ់ខុសច្បាប់។ ឧបករណ៍នេះត្រូវបានបង្កើតឡើងដើម្បីជួយសហគមន៍ ចងក្រងឯកសារអំពីសកម្មភាពខុសច្បាប់ទាំងអស់នេះដើម្បីធ្វើសកម្មភាពប្រឆាំង ដូចជា រាយការណ៍ទៅអាជ្ញាធរ ដាក់ពាក្យបណ្តឹង បង្កើតយុទ្ធនាការតវ៉ា ឬបង្កើតផែនទីដើម្បីទាមទារយកដីមកវិញ។
ឧបករណ៍ Mapeo គឺជាកម្មវិធីចំហ (open source) ដែល ទទួលបានផលពីមតិយោបល់របស់អ្នកប្រើប្រាស់នៅទូទាំងសកលលោក។ លោកអ្នកអាចផ្តល់មតិឬសំណើសម្រាប់ការបង្កើតមុខងារបន្ទាប់សម្រាប់ឧបករណ៍ ម៉ាពីអូ។
មានឧបករណ៍និងកម្មវិធីជាច្រើនដែលអ្នកអាចប្រើដើម្បីបង្កើតផែនទីឬកត់ត្រាព័ត៌មាន។ ក៏ប៉ុន្តែ បន្ទាប់ពីបានធ្វើការងារជាមួយអ្នកការពារផែនដីអស់ពេលជាច្រើនឆ្នាំមក ក្រុមការងារ Digital Democracy រកមិនឃើញឧបករណ៍ណាមួយដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកការពារផែនដីនៅជួរមុខនោះទេ ដូច្នេះហើយ យើងក៏សម្រេចចិត្តបង្កើតឧបករណ៍មួយ ដោយសហការជិតស្និទ្ធជាមួយដៃគូក្នុងស្រុករបស់យើង។
ជារឿយៗ ឧបករណ៍ជាច្រើនត្រូវការសេវាអ៊ីនធឺនែត ហើយនៅតំបន់ងាយរងគ្រោះនិងដាច់ស្រយាលពុំមានសេវាអ៊ីនធឺនែតទេ។ ឧបករណ៍ទាំងនោះ ពឹងផ្អែកលើប្រព័ន្ធផ្ទុកព័ត៌មាន (server) កណ្តាល ឬអនឡាញ របស់ក្រុមហ៊ុនសាជីវកម្ម ដែលទាញយកទិន្នន័យពីដៃរបស់អ្នក។ ការណ៍នេះបង្ករភាពស្មុគ្រស្មាញដែលពុំគួរកើតមាន បណ្តាលឲ្យសហគមន៍ដែលពុំសូវមានបទពិសោធន៍ផ្នែកកុំព្យូទ័រ បាត់បង់ស្វ័យភាពរបស់ខ្លួន បាត់បង់សិទ្ធិអំណាចលើព័ត៌មានរបស់ខ្លួន ជួនកាលត្រូវពឹងផ្អែកលើអ្នកជំនាញពីខាងក្រៅ ឬត្រូវបង់ថ្លៃទិញកម្មវិធីដែលមានតម្លៃខ្ពស់។
1. សាមញ្ញ ងាយប្រើ និងរៀនឆាប់ចេះ ឧបករណ៍ Mapeo Mobile ត្រូវបានបង្កើតឡើងសម្រាប់រៀនដោយងាយ ទោះបីជាអ្នកមិនធ្លាប់ប្រើទូរស័ព្ទដៃទំនើបពីមុនក៏ដោយ។ វាប្រើនិមិត្តសញ្ញាច្រើន ដើម្បីងាយស្រួលមើលនិងងាយស្រួលយល់។ ឧបករណ៍ Mapeo Desktop តម្រូវឲ្យអ្នកប្រើមានចំណេះដឹងកុំព្យូទ័រខ្លះៗ ក៏ប៉ុន្តែវាមាន interface សាមញ្ញ និង មិនមាន feature ច្រើនប៉ុន្មានទេ។ ប្រសិនបើមានតម្រូវការវិភាគឬធ្វើផែនទីដែលស្មុគ្រស្មាញ អ្នកអាចផ្ទេរទិន្នន័យពី ម៉ាពីអូ ទៅឧបករណ៍ដទៃទៀតបាន។ ភាពសាមញ្ញនេះជួយសហគមន៍ជាច្រើនឲ្យប្រើប្រាស់ឧបករណ៍នេះ និងធ្វើជាម្ចាស់លើគម្រោងរបស់ខ្លួនឯង។
2. ម៉ាពីអូ ដំណើរការដោយមិនត្រូវការ អ៊ីនធឺនែតៈ Mapeo Mobile ចែករំលែកព័ត៌មានតាមរយៈបណ្តាញ WiFi រវាងឧបករណ៍តែប៉ុណ្ណោះ។ ការងារនេះអាចត្រូវការអ៊ិនធឺនែត ប៉ុន្តែក៏អាចប្រើបានដោយពុំចាំបាច់មានអ៊ីនធឺនែតដែរគឺការប្រើឧបករណ៍បញ្ជូនសេវា វ៉ាយហ្វាយ (router) ដ៏សាមញ្ញដែលអាចដំណើរការជាមួយនឹងកុំព្យូទ័រ និងអាគុយតូចមួយសម្រាប់ផ្តល់ថាមពលភ្លើង។ ឧបករណ៍ Mapeo Desktop អាចចែករំលែកទិន្នន័យតាមវិធីដូចគ្នានេះ ហើយក៏អាចបញ្ជូនទិន្នន័យចេញតាម ហ្វាលឯកសារ (files) ដែលអាចចម្លងតាមឧបករណ៍ផ្ទុកទិន្នន័យ (USB sticks)។
3. ឧបករណ៍ ម៉ាពីអូ ប្រើប្រព័ន្ធចែករំលែក ដេតាបេស (peer-to-peer database) ដោយពុំចាំបាច់ឆ្លងកាត់បណ្តាញកុំព្យូទ័រមេ (centralized server) នោះទេ។ នេះមានន័យថា សមាជិកក្រុមអាចតភ្ជាប់និងចែករំលែកទិន្នន័យ ដោយពុំចាំបាច់មានប្រភពទិន្នន័យមេ។ ផ្ទុយទៅវិញ សមាជិកដែលបានធ្វើ synchronize ជាមួយគ្នា អាចទទួលទិន្នន័យនៅលើឧបករណ៍ទូរស័ព្ទដៃរបស់ពួកគេ។ វាចល័តជុំវិញបណ្តាញនៃគម្រោង។ អត្ថប្រយោជន៍របស់វាគឺ រាល់ទិន្នន័យដែលអ្នកប្រមូលបាននៅលើឧបករណ៍ Mapeo Mobile ស្ថិតនៅក្នុង ទូរស័ព្ទដៃរបស់អ្នក ហើយអ្នកក៏អាចមើលឃើញទិន្នន័យដែលប្រមូលបានដោយសមាជិកដទៃទៀតនៅក្នុងក្រុមរបស់អ្នកដែរ។ វាពុំមានរចនាសម្ព័ន្ធរញ៉េរញ៉ៃ ហើយវាប្រសើរជាងការផ្ទុកទិន្នន័យនៅលើបណ្តាញកុំព្យូទ័រមេ ឬអនឡាញ (server or online) មានន័យថា សហគមន៍របស់អ្នករក្សាបានភាពជាម្ចាស់ និងអាចគ្រប់គ្រងទិន្នន័យរបស់ខ្លួនដោយខ្លួនឯង។
4. អាចកែសម្រួលដើម្បីបំពេញតម្រូវការរបស់សហគមន៍ៈ សហគមន៍អាចកែសម្រួល ផ្នែកខ្លះនៃឧបករណ៍ ម៉ាពីអូ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ខ្លួនឯង ដូចជា ភាសា ផែនទី និង ព័ត៌មានដែលប្រមូលបាន។ នៅពេលដែលអ្នកទាញយកកម្មវិធី ម៉ាពីអូ វាមកជាមួយនឹងផែនទីពិភពលោកដែលតម្លើងដោយស្វ័យប្រវត្តិហើយអ្នកអាចប្រើបានភ្លាមៗដើម្បីប្រមូលព័ត៌មានអំពីការគម្រាមកំហែងចំពោះសិទ្ធិឬចំពោះដីធ្លី។ ឧបករណ៍ ម៉ាពីអូ ត្រូវបានបកប្រែជាភាសាមួយចំនួនរួចហើយ (រួមមាន ភាសាអង់គ្លេស ព័រទុយហ្គាល់ ថៃ ខ្មែរ និងភាសាជាច្រើនទៀត) ហើយអាចបកប្រែជាភាសាផ្សេងៗទៀតបានដែរ។
អ្នកអាចកែសម្រួលឧបករណ៍ ម៉ាពីអូ តាមវិធីដូចខាងក្រោម៖
ឧបករណ៍ ម៉ាពីអូ អាចត្រូវបានប្រើក្នុងសណ្ឋានផ្សេងៗគ្នា ដើម្បីការពារដីធ្លីនិងសិទ្ធិរបស់អ្នក។ នេះគឺជាឧទាហរណ៍មួយ អំពីរបៀបប្រើឧបករណ៍ ម៉ាពីអូ ក្នុងការប្រមូលភ័ស្តុតាងអំពីការរំលោភបំពានសិទ្ធិ ដើម្បីឲ្យអ្នកយល់អំពីដំណើរការរបស់ឧបករណ៍នេះ ។
1. ទាញយកនិងតម្លើងកម្មវិធី ម៉ាពីអូ។ អ្នកអាចប្រើកម្មវិធី ម៉ាពីអូ ភ្លាមៗ ជាមួយនឹងមុខងារស្វ័យប្រវត្តិរបស់វាដែលមានស្រាប់ ឬអ្នកអាចកំណត់ទម្រង់របស់វាតាមអ្វីដែលអ្នកចង់បាននិងផែនទី offline ទៅតាមប្រភេទព័ត៌មានដែលអ្នកចង់ប្រមូល។ ជំហានចុងក្រោយនេះទាមទារចំណេះដឹងផ្នែកបច្ចេកទេស ដូច្នេះ អ្នកប្រហែលជាត្រូវការជំនួយពីអ្នកបច្ចេកទេសដើម្បីកែប្រែទម្រង់របស់កម្មវិធី Mapeo។
2. ប្រមូលទិន្នន័យដោយប្រើកម្មវិធី Mapeo Mobile។ អាស្រ័យលើតម្រូវការនិងកិច្ចការរបស់អ្នក ដំណាក់កាលនេះអ្នកអាចនឹងត្រូវធ្វើដំណើរទៅតំបន់ដាច់ស្រយាល ឬទៅទីកន្លែងផ្សេងៗក្បែរៗភូមិរបស់អ្នក។ កម្មវិធី Mapeo Mobile អនុញ្ញាតិឲ្យអ្នកកត់ត្រាទីតាំងផ្សេងៗតាមរយៈ GPS និងបែងចែកទៅតាមប្រភេទខុសៗគ្នា បន្ទាប់មកភ្ជាប់កំណត់ត្រាឬរូបភាពទៅនឹងចំណុចនីមួយៗ និងពេលវេលាណាមួយ។ ឧទាហរណ៍ អ្នកអាចប្រមូលព័ត៌មានអំពីការប្រេងដែលកំពប់និងបង្ករផលប៉ះពាល់ដល់ដីរបស់អ្នក ថតរូបភាពទុកជាភ័ស្តុតាង និងកត់ត្រាអំពីពេលវេលាដែលប្រេងកំពប់។ ឬក៏ អ្នកអាចប្រើកម្មវិធី ម៉ាពីអូ ដើម្បីធ្វើផែនទីអំពីទីតាំងសំខាន់ៗនៅក្នុងទឹកដីរបស់អ្នក ដូចជា តំបន់ប្រមាញ់សត្វ ចងក្រងជាឯកសារអំពីនរណាខ្លះបានទៅបរបាញ់នៅកន្លែងនោះ ហើយបាញ់បានសត្វអ្វីខ្លះ ឬតំបន់ណាដែលមានតម្លៃផ្នែកប្រវត្តិសាស្រ្តនិងជំនឿ។
3. Synchronize ទិន្នន័យរបស់អ្នក អ្នកអាចចែករំលែកទិន្នន័យជាមួយនឹងសមាជិកក្រុមរបស់អ្នក ដោយការប្រើទូរស័ព្ទដៃរបស់អ្នក ឬដោយភ្ជាប់ទៅនឹងកម្មវិធី Mapeo Desktop ហើយបញ្ជូនទិន្ន័យរបស់អ្នកទៅទីនោះ។
4. កែសម្រួល ពិនិត្យរូបភាព និងវិភាគ។ ប្រើឧបករណ៍ Mapeo Desktop ដើម្បីកែសម្រួលនិងពិនិត្យមើលទិន្នន័យដែលអ្នកប្រមូលបានដោយការប្រើកម្មវិធី Mapeo Mobile។ អ្នកអាចត្រងយកតែទិន្នន័យដែលអាចជួយអ្នកមើលឃើញរូបភាពអំពីអ្វីដែលកើតឡើង និងវិភាគព័ត៌មានឲ្យត្រូវតាមនោះ។
5. បញ្ជូនទិន្នន័យរបស់អ្នកចេញៈ តាមរយៈឧបករណ៍ Mapeo Desktop អ្នកអាចបង្កើតរបាយការណ៍ក្នុងទម្រង់ជា PDF ឬព្រីន ដើម្បីចែករំលែកជាមួយអ្នកផ្សេង។ អ្នកក៏អាចបង្កើតសំណុំឯកសារ (file) ហើយដាក់បញ្ចូលទិន្នន័យទៅក្នុងផែនទីនៅលើ web និងចែករំលែកតាម online។ អ្នកក៏អាចបញ្ជូនទិន្នន័យចេញ ក្នុងទម្រង់ជា GeoJSON CSV ឬ Shapefile ដើម្បីយកទៅប្រើក្នុងប្រព័ន្ធទិន្នន័យភូមិសាស្រ្តនិងឧបករណ៍វិភាគទិន្នន័យផ្សេងទៀត។ តាមរយៈកម្មវិធី Mapeo Mobile អ្នកអាចចែករំលែកទិន្នន័យ រូបភាពពាក់ព័ន្ធ និងកំណត់ហេតុ ជាមួយអ្នកផ្សេង តាមរយៈ អ៊ីម៉េល ឬ Whatsapp ក្នុងករណីចាំបាច់បន្ទាន់ ឬក្នុងករណីដែលអ្នកមិនអាចប្រើឧបករណ៍ Mapeo Desktop បាន។
របៀបងាយបំផុតក្នុងការចាប់ផ្តើមប្រើកម្មវិធី ម៉ាពីអូ ដើម្បីធ្វើផែនទី ឬដើម្បីឃ្លាំមើល គឺត្រូវ ទាញយកកម្មវិធី Mapeo Mobile ពី Google Play Store។ យើងសង្ឃឹមថា កម្មវិធីនេះងាយស្រួលប្រើ ក៏ប៉ុន្តែ នេះគឺជាសៀវភៅណែនាំសម្រាប់ជាជំនួយ ដើម្បីបង្ហាញផ្លូវអ្នក និងរបៀបបំពេញកិច្ចការនេះជាក្រុម។ បើសិនជាអ្នកចង់ប្រើវាជាមួយនឹងកម្មវិធី Mapeo Desktop ឬក៏ប្រើកម្មវិធី Desktop version ដើម្បីធ្វើផែនទី អ្នកអាច ទាញយកកម្មវិធីំ Mapeo Desktop ពីវិបសាយរបស់យើងបាន ហើយអាចរៀនពីរបៀបប្រើប្រាស់វាតាមរយៈ សេចក្តីណែនាំនេះ។ សេចក្តីណែនាំនេះ សូមសាកសួរសហគមន៍អ្នកប្រើប្រាស់របស់យើង។
ប្រសិនបើអ្នកចេះបច្ចេកទេសក្នុងការតម្លើងកម្មវិធី ម៉ាពីអូ ហើយចង់តម្លើងដោយខ្លួនឯង ដោយប្រើនិមិត្តសញ្ញារបស់អ្នក និងផែនទី offline អ្នកក៏អាច ស្វែងរកព័ត៌មាននៅទីនេះជាជំនួយ។
យើងចង់ឮអំពីគម្រោងការងាររបស់អ្នក ហើយសង្ឃឹមថាអ្នកនឹងរីករាយក្នុងប្រើកម្មវិធី ម៉ាពីអូ។ ចុះឈ្មោះក្នុងបញ្ជីឈ្មោះកម្មវិធី ម៉ាពីអូ របស់យើង ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានថ្មីៗអំពីដំណឹងនិងការអភិវឌ្ឍផ្សេងៗ។
ការឃ្លាំមើលបរិស្ថាននៅប្រទេសប៉េរូៈសហគមន៍ជនជាតិដើមបំពេញការងារឃ្លាំមើលតំបន់អភិរក្ស ECA-Amarakaeri នៅប៉ែកអគ្នេយ៍នៃប្រទេសប៉េរូ ដោយប្រើប្រាស់កម្មវិធី Mapeo Mobile និង Desktop ជាផ្នែកមួយនៃសកម្មភាពគ្រប់គ្រងរួមគ្នានៅតំបន់អភិរក្ស។
ការផលិតផែនទីនៅប្រទេសកេនយ៉ាៈ ជនជាតិដើម អូហ្គីក (Ogiek) នៃតំបន់ ភ្នំអែលហ្កន (Mount Elgon) កំពុងតែប្រើកម្មវិធី Mapeo Mobile និង Desktop ដើម្បីធ្វើផែនទីទីតាំងសំខាន់ៗ នៅលើដីធ្លីរបស់ពួកគេ ដែលជាផ្នែកមួយនៃការទាមទារដីប្រវត្តិសាស្រ្តរបស់ពួកគេ។
ការផលិតផែនទីទឹកដីដូនតានៅប្រទេសអេក្វាដ័រ ប្រជាជន សៀកូប៉ាអ៊ី (Siekopai) នៅប៉ែកខាងជើងប្រទេសអេក្វាដ័រ ប្រើប្រាស់កម្មវិធី Mapeo Desktop ដើម្បីស្វែងរករូបភាពផ្កាយរណបនៃទឹកដីដូនតាជាមួយនឹងព្រឹទ្ធាចារ្យនៅក្នុងភូមិរបស់ពួកគេ និងចងក្រងសាច់រឿងទាក់ទងនឹងបឹងបួរនិងការតាំងទីលំនៅពីដំបូង។
ការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ប្រជាជនងាយរងគ្រោះដោយបម្រែបម្រួលអាកាសធាតុ នៅប្រទេសថៃៈ អ្នកស្ម័គ្រចិត្តសុខាភិបាលភូមិនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសថៃកំពុងតែប្រើកម្មវិធី ម៉ាពីអូ ដើម្បីប្រមូលទិន្នន័យអំពីជនងាយរងគ្រោះ ដើម្បីធានាថាពួកគេបានទទួលជំនួយភ្លាមៗនិងចំគោលដៅ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិកើតឡើង។
តម្រូវការ Softwareៈ ឧបករណ៍ Mapeo Desktop អាចតម្លើងនៅលើកុំព្យូទ័រ PC, Mac និង Linux។ កម្មវិធី Mapeo Mobile បច្ចុប្បន្នអាចដំណើរការនៅលើប្រព័ន្ធ Android។
សុវត្ថិភាពៈ ទិន្នន័យដែលប្រមូលបានតាមរយៈកម្មវិធី Mapeo Mobile គឺមិនអាចក្លែងបន្លំ និងត្រូវបានចងកូដដើម្បីធានាថាគ្មាននរណាប៉ះពាល់បាន។ រាល់ទិន្ន័យទាំងអស់ មិនថាវាត្រូវបានបង្កើតនៅលើឧបករណ៍ Mapeo Desktop ឬ Mapeo Mobile នោះទេ ត្រូវបានចាក់សោរដែលត្រូវបានផ្ទៀងផ្ទាត់ដើម្បីភាពត្រឹមត្រូវរបស់វា។ គម្រោងឯកជនទាំងអស់អាចប្រើសោរសុវត្ថិភាព ដែលកំណត់ថានរណាអាចមើលនិងទទួលបានទិន្នន័យនោះ។
លក្ខណៈពិសេសសំខាន់ៗៈ បំពេញមុខងារបានទាំងស្រុងដោយមិនត្រូវការ អ៊ីនធឺនែត។ ទិន្នន័យមិនត្រូវបានផ្ទុកក្នុងប្រព័ន្ធមេ (Decentralized data storage)។ កំណត់ផែនទីនិងរៀបចំទិន្នន័យដោយខ្លួនឯង (Custom maps and configurations)។ អាចធ្វើបច្ចុប្បន្នភាពទិន្នន័យពីសមាជិកក្រុមពីម្នាក់ទៅម្នាក់ (Peer-to-peer synchronization)។
ភាសាៈ អាចបកប្រែទៅជាភាសាផ្សេងៗបាន។ បច្ចុប្បន្នកម្មវិធី ម៉ាពីអូ មានជាភាសាភូមា ហុល្លង់ អង់គ្លេស បារាំង អាល្លឺម៉ង់ ហ៊ីនឌី ឥណ្ឌូនេស៊ី ខ្មែរ ម៉ាឡេ ណេប៉ាល់ ព័រទុយហ្គាល់ អេស៉្បាញ ស្វាហ៊ីលី ថៃ និងវៀតណាម។
សម្រាប់ការផ្សព្វផ្សាយ (Media): អាចបន្ថែមរូបភាពបាន។
ជម្រើសនៃការនាំចូល (Import): អាចនាំចូលទិន្នន័យទីតាំងដែលថតដោយម៉ាស៊ីន GPS និង shapefile ទៅកម្មវិធី Mapeo Desktop បាន។
ជម្រើសនៃការបញ្ជូនចេញ (Export): កម្មវិធី Mapeo Desktop: អាចផ្ញើចេញជាទម្រង់ PDF ឬរបាយការណ៍ព្រីន ជាទម្រង់ GeoJSON ឬ CSV ឬជាទម្រង់ Shapefile។ កម្មវិធី Mapeo Mobile: អាចបញ្ជូនចំណុចតែមួយចេញទៅអ៊ីម៉េល ឬ Whatsapp និងកម្មវិធី ចែករំលែកផ្សេងទៀតក្នុងទូរស័ព្ទដៃ។
Digital Democracy សូមថ្លែងអំណរគុណសហគមន៍ជនជាតិដើមទាំងអស់ដែលបានចូលរួមចំណែកក្នុងការបង្កើតកម្មវិធី Mapeo Mobile និង Desktop។