ឧបករណ៍ជំនួយការពារផែនដី៖ ការបង្កើតផែនទីសម្រាប់អ្នកការពារផែនដី

១. ឧបករណ៍ផលិតផែនទីគឺជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដ៍មានឥទ្ធិពលបំផុត សម្រាប់​អ្នក​ការពារ​ផែនដី។

ដូចបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដែរ ឧបករណ៍ផលិត​ផែនទី​ឌីជីថល​មិនមែន​សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​អ្នក​ការពារ​ផែនដីនោះទេ ហើយ​វាក៏​មិនមែនសុទ្ធតែជា​តម្រូវការ​របស់​សហគមន៍សម្រាប់​គោលបំណង​ផ្ទៃក្នុង​សម្រាប់​ពេលបច្ចុប្បន្នដែរ។ ទោះជាយ៉ាងនេះក៏ដោយ ផែនទី​អាចជា​មធ្យោបាយ​ដ៏មានប្រសិទ្ធិភាពបំផុត​ក្នុង​ទំនាក់ទំនង​ជាមួយ​នឹងអ្នកនៅខាងក្រៅ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​កំពុងតែ​គម្រាមកំហែង​ពីពិភពខាងក្រៅ។ ផែនទីដែលផលិតដោយសហគមន៍អ្នកការពារផែនដី គឺជា​តំណាង​នៃ​ទឹកដី​នៅក្នុងទស្សនៈ​របស់ពួកគេ និង​ជាញឹកញាប់​វាមានទម្រង់​ខុសប្លែក​ពី​ផែនទី​ដែលផលិតដោយ​ពិភពលោក​ខាងក្រៅ។ ?️

តាំងពីសម័យអាណានិគមរហូតដល់បច្ចុប្បន្នកាល ផែនទីដែលផលិតឡើងដោយ​រដ្ឋាភិបាល​ឬ​ដោយ​ភាគីទីបី​ ជាញឹកញាប់​ពុំបាន​បង្ហាញនូវ​វត្តមាន​នៃ​សហគមន៍​ជនជាតិដើម ផ្ទុយទៅវិញ​បាន​ត្រឹមតែបង្ហាញថា​ជាតំបន់​ដីទំនេរ​ដែលពួក​អាណានិគម​ដាក់ឈ្មោះថាជាតំបន់ធម្មជាតិ ឬក៏​បង្ហាញ​អំពី​ភាព​ស្តុកស្តម្ភ​នៃ​ធនធាន​ធម្មជាតិ​ដ៏សម្បូរបែប​ដែល​គេ​អាច​ទាញ​យក​ផលចំណេញ។ ផ្ទុយទៅវិញ សហគមន៍អ្នកការពារផែនដីយល់ថា ទឹកដី​របស់​ពួកគេ​គឺជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ប្រវត្តិសាស្រ្ត​និង​រឿងរ៉ាវ​ជាច្រើន ជាតំបន់សក្ការៈបូជា តំបន់​បរបាញ់​សត្វ តំបន់​នេសាទត្រី និងជា​តំបន់​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ​ផ្សេងៗ​ទៀត​​ដែល​មាន​គុណតម្លៃ​សម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។ ខណៈដែលផែនទីដែលបង្កើតដោយលោកខាងលិច មិនបានបង្ហាញ​ព័ត៌មាន​ត្រឹមត្រូវ​អំពី​សក្តានុពលនៃទឹកដីក៏ដោយ វាក៏អាចជួយដល់សហគមន៍អ្នកការពារផែនដី​ក្នុង​ទំនាក់ទំនង​ជាមួយ​អ្នកនៅខាងក្រៅ ឬភាគីទីបីៈ ផែនទីអាចជួយឲ្យ​អ្នក​នៅ​ខាងក្រៅ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ទឹកដី​តាម​រយៈ​ទស្សនាទាន​របស់​សហគមន៍​ម្ចាស់ស្រុក ក្នុងទម្រង់​មួយ​ដែល​ងាយយល់​សម្រាប់​ពួកគេ។

ដោយសារតែផែនទីគឺជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់តំណាងឲ្យពិភពលោកនោះ សមត្ថភាព​របស់​សហគមន៍​អ្នកការពារផែនដី​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ផលិតផែនទី​ដើម្បី​ធ្វើ​ផែនទីដែលច្បាស់ជាងមុន -- ឬផលិត "ផែនទីដែលរោទិ៍" ដូចដែល​ហៅ​ដោយ​សហគមន៍​ផលិត​ផែនទី​ជនជាតិដើម​នៅ​ប្រទេសកាណាដា -- គឺជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏មានប្រសិទ្ធិភាពបំផុត។ ?

មូលហេតុពីរផ្សេងទៀតដែលបង្ហាញថាគម្រោងផែនទីមានសារៈប្រយោជន៍សម្រាប់សហគមន៍​អ្នកការពារផែនដី គឺ៖

ដោយសារតែគម្រោងផលិតផែនទីជានិច្ចកាលរួមបញ្ចូនកិច្ចសន្ទនាអំពីដីឬទឹក វាអាច​ជួយ​ដាស់​ឡើងវិញ​នូវ​ដំណើរការ​ផ្ទេរចំណេះដឹងដែល​ត្រូវបាន​រំខាន​ដោយ​អាណានិគម ហើយ​អនុញ្ញាត​ឲ្យ​សហគមន៍​អាច​កត់ត្រា​និង​រក្សាទុក​នូវ​ចំណេះដឹង​មូលដ្ឋាន​របស់ពួកគេ។

ការបង្កើតផែនទីអាចជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដ៏មានប្រសិទ្ធិភាពជាច្រើន ក្នុងការកសាងជំនាញដោយប្រើប្រាស់បច្ចេកវិទ្យា ដោយសារតែ ផែនទី​គឺជា​អ្វីដែល​សមាជិក​សហគមន៍ដឹងស្រាប់ទៅហើយ គឺអំពី ដែនដី ដីធ្លី និងទឹក។

២. តើគម្រោងផលិតផែនទីអាចជួយអ្វីខ្លះដល់សហគមន៍?

ជួយផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងរបស់សហគមន៍ទៅកាន់ពិភពខាងក្រៅ។

ជួយកត់ត្រានិងរក្សាទុកនូវចំណេះដឹងមូលដ្ឋាន។

ជួយដាស់ឡើងវិញនូវដំណើរការចែករំលែកចំណេះដឹងតាមបែបប្រពៃណី។

ជាជំនួយដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីនិងការគ្រប់គ្រប់គ្រងធនធាន។

ជំនួយក្នុងការតស៊ូមតិដើម្បីការផ្លាស់ប្តូរ។

ជួយបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

ជួយដោះស្រាយជម្លោះពាក់ព័ន្ធនឹងធនធាន។

៣. សំណួរដែលត្រូវសួរនៅពេលគិតអំពីគម្រោងផលិតផែនទី

  • ហេតុអ្វីបានជាយើងចង់ផលិតផែនទី?
  • តើផែនទីនោះនឹងប្រាប់អំពីរឿងអ្វី?
  • តើយើងចង់បង្ហាញផែនទីនោះទៅនរណា?
  • តើយើងមានកម្មសិទ្ធិស្របច្បាប់លើដីនោះដែរឬទេ?
  • តើអ្វីទៅជាព្រំដែននៃការងារនេះ? តើយើងដឹងថាអ្វីទៅជាព្រំដែននោះ ហើយតើយើងបានឯកភាពគ្នាហើយឬនៅ?
  • តើបច្ចេកវិទ្យានិងជំនាញអ្វីខ្លះដែលយើងមានស្រាប់? ហើយតើយើងត្រូវការការបណ្តុះបណ្តាលនិងការគាំទ្រលើផ្នែកណាខ្លះ?
  • តើទិដ្ឋភាពភូមិសាស្រ្តរួមមានលក្ខណៈដូចម្តេច?
  • តើមានសហគមន៍ចំនួនប៉ុន្មាន ហើយតើសហគមន៍ទាំងនោះតាំងទីបែបណា? តើមានចំនួនប្រជាជនសរុបប៉ុន្មាន?
  • តើបរិយាកាសសង្គមរស់នៅដូចម្តេចដែរ? តើមានសហព័ន្ធឬអង្គការដែរឬទេ ហើយរចនាសម្ព័ន្ធដឹកនាំមានទម្រង់ដូចម្តេច?
  • តើគម្រោងនេះមានថិរៈវេលាប៉ុន្មាន?
  • តើយើងមានថវិកាដែរឬទេ?
  • តើយើងមានការគាំទ្រអ្វីខ្លះខាងផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យា?

៤. វិធីសាស្រ្តផលិតផែនទីសហគមន៍

ធាតុផ្សំ៖

  • ក្រដាស ហ្វឺត ខ្មៅដៃ
  • ឧបករណ៍អេឡិចត្រូនិក (អាស្រ័យលើឧបករណ៍ដែលត្រូវប្រើ) មានដូចជា៖
    • ទូរស័ព្ទឆ្លាតវៃ
    • កុំព្យូទ័រយួរដៃ
    • ឧបករណ៍ GPS សម្រាប់កាន់នឹងដៃ
    • ប៊ិចនិងសៀវភៅកំណត់ហេតុដែលមិនខូចខាតដោយសារទឹកនិងកម្តៅថ្ងៃ
    • សម្ភារៈផ្សេងទៀតដូចជា ឆ្នាំងសាក power bank និងឧបករណ៍​ចាំបាច់​ផ្សេងៗ​ទៀត​សម្រាប់​ការងារ​ចុះមូលដ្ឋាន។
  • អាហារនិងភេសជ្ជៈ ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមសិក្ខាសាលា
  • នរណាម្នាក់ដែលចេះកម្មវិធីផលិតនិងរចនាផែនទី

1. រៀបចំសហគមន៍របស់អ្នកសម្រាប់សកម្មភាពផលិតផែនទី៖ខណៈពេល​ដែល​អ្នក​ត្រៀម​រៀបចំ​ចាប់ផ្តើម​គម្រោង​ផលិតផែនទី ចូរ​ឆ្លៀត​ពេល​ពន្យល់​សហគមន៍​ទាំងមូល​អំពី​គោលបំណង​និង​សារៈសំខាន់​នៃ​កិច្ចការផលិតផែនទី ហើយ​ប្រសិនបើ​សហគមន៍​បាន​ដឹង​រួចហើយ ចូរពិភាក្សាគ្នា​អំពី​វិធីសាស្រ្ត​ដែល​នឹង​ត្រូវប្រើ​ដើម្បី​អនុវត្ត​ការងាររបស់ក្រុម។ បើសិនជាមានការចូលរួមពីអង្គភាពច្រើនដូចជាអង្គការសហគមន៍ ឬអង្គការដៃគូ ត្រូវ​មាន​ភាព​ច្បាស់លាស់និងឯកភាពគ្នាទៅលើការបែងចែកការងារនិងតួនាទី ហើយបើអាច ចូរ​កត់ត្រា​ការព្រមព្រៀងនោះនៅលើក្រដាស។ ជាចុងក្រោយ សូមពិចារណា​ជ្រើសរើស​អ្នក​គ្រប់គ្រង​ព័ត៌មាន​ឬ​ទិន្នន័យ​ដែល​ប្រមូល​បាន។ តើនរណាជាអ្នកមើលការខុសត្រូវកិច្ចការនេះ។ មានន័យថាត្រូវគិតគូរ​អំពី​ការធានា​​ថា​ទិន្នន័យដែលប្រមូលបាន ត្រូវបាន​ទុកដាក់​យ៉ាង​មាន​សុវត្ថិភាព ព័ត៌មាន​ទាំងអស់​ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​សៀវភៅ​ឬលើក្រដាស​ត្រូវបាន​បញ្ហូល​ទៅក្នុង​ប្រព័ន្ធ​ឌីជីថល​និងការ​ចម្លង​ទិន្នន័យ​ឲ្យបាន​ច្រើនច្បាប់ (ឧទាហរណ៍ ចម្លងដាក់​ក្នុង​ឧបករណ៍ផ្ទុកទិន្នន័យ hard drives) ដើម្បីការពារកុំឲ្យមានការបាត់បង់។

2. កំណត់គោលបំណងនៃការផលិតផែនទីៈ មុននឹងចាប់ផ្តើម សហគមន៍​គួរតែ​សម្រេចចិត្ត​ថាតើ​មូលហេតុអ្វី​បានជា​ពួកគេត្រូវការផែនទី ហើយ​ថាតើ​ទិន្នន័យ​ប្រភេទ​ណា​ដែល​ពួកគេ​ចង់​ប្រមូល។ អ្នកអាចប្រើសំណួរខាងលើដើម្បីកំណត់ថាតើគម្រោងផែនទីនេះនឹងមានទម្រង់ដូចម្តេច និង​ត្រូវ​ប្រើឧបករណ៍អ្វីខ្លះ។ អំឡុងពេលនៃដំណើរការនេះ អ្នកគួរគិតគូរអំពី​សញ្ញា​សម្គាល់បណ្តោះអាសន្នដែល​សហគមន៍​របស់អ្នក​ចង់​ប្រើប្រាស់​ដើម្បីបង្កើតជាផែនទី។ សម្រាប់ឧបករណ៍​មួយ​ចំនួនដូចជា ម៉ាពីអូ (Mapeo) និង OpenDataKit យើងអាចបែងចែកទិន្នន័យ​ទៅតាម​ប្រភេទខុសៗដោយការ​ប្រើ​សញ្ញាសម្គាល់​ទាំងនេះ ហើយវាផ្តល់​ភាព​ងាយស្រួល​ក្នុងការ​ទុកដាក់​ទិន្នន័យ​ក្នុង​អំឡុង​ដំណើរការ​ផលិត​ផែនទី។

3. ការតម្រង់ទិស និង ការបណ្តុះបណ្តាល: បន្ទាប់ពីបានសម្រេចចិត្តថា​នរណាខ្លះ​នឹង​ត្រូវ​ចូលរួម​ក្នុង​គម្រោង​ផលិត​ផែនទី និង​ឧបករណ៍​អ្វីខ្លះ​ដែល​អ្នក​នឹង​ត្រូវប្រើ ចូរព្យាយាម​ស្វែង​យល់​អំពី​សមត្ថភាព​និងជំនាញរបស់​សមាជិកក្រុម និងពិនិត្យមើលថា តើនរណាខ្លះ​ត្រូវការ​ការបណ្តុះ​បណ្តាលបន្ថែម។ ការបណ្តុះបណ្តាលអំពីឧបករណ៍ផលិតផែនទីអាចដំណើរការព្រមគ្នានឹងដំណើរការនៃការងារ ក៏ប៉ុន្តែ ប្រហែលជាមានតម្រូវការចាំបាច់ខ្លះក្នុងការ​រៀបចំ​សិក្ខាសាលា​ជាជំហាន​ដំបូង​អំពីការប្រើប្រាស់ឧបករណ៍ ឬអំពីមូលដ្ឋានគ្រឹះបច្ចេកទេស ឬ​អក្ខរកម្មឌីជីថលជារួម។

4. ការគូរផែនទីព្រាងៈ សហគមន៍អ្នកការពារផែនដីមួយចំនួនចាប់ផ្តើម​បង្កើត​ផែនទីដោយឲ្យសមាជិកសហគមន៍គូសព្រាងលើក្រដាសដោយប្រើប្រាស់​ព័ត៌មាន​បន្តិចបន្តួច​ដែល​គាត់ដឹង។ វិធីនេះមិនត្រឹមតែមានប្រសិទ្ធភាពក្នុងការបង្ហាត់បង្រៀនអំពីរបៀបនៃការធ្វើផែនទីប៉ុណ្ណោះទេ តែវាជាវិធីប្រមូលព័ត៌មានគ្រឹះសម្រាប់បន្តទៅដំណាក់កាលបន្ទាប់។ អ្នកក៏អាចបង្កើតលំហាត់នេះក្នុងអំឡុងពេលសិក្ខាសាលាណែនាំអំពីគម្រោងផលិតផែនទី ព្រោះវា​អាច​ជួយ​ឲ្យ​សមាជិក​សហគមន៍​យល់ដឹង​អំពី​ការងារ​ដែល​ពួកគេ​នឹង​ចូលរួមធ្វើ។

5. ការប្រមូលព័ត៌មានដែលមានស្រាប់ៈ បន្ទាប់មក គឺការ​ប្រមូល​ផែនទី​និង​ទិន្នន័យ​ដែល​មាន​ស្រាប់ ហើយដែលអាចមានប្រយោជន៍សម្រាប់គម្រោង។ វាក៏អាចជួយបានខ្លះប្រសិនបើប្រមូលឯកសារជាលាយលក្ខណ៍អក្សរ ស្តីអំពី​វប្បធម៌​និង​​ចំណេះ​ដឹង​បែប​ប្រពៃណី ព្រោះ​ឯកសារ​ទាំងនោះ​ផ្ទុក​ព័ត៌មាន​អំពី​គុណតម្លៃ​និង​ការ​យល់ឃើញ​អំពីទឹកដីនោះ។ ទោះជាយ៉ាងនេះក្តី អ្នកគួរតែជៀសវាង​ការប្រើ​ផែនទី​ដែល​មាន​ស្រាប់​ច្រើនពេក ពីព្រោះ​វាអាច​ដិតដាមនៅក្នុងចិត្តបុគ្គលណាម្នាក់ ហើយ​បុគ្គលនោះ​ពឹងផ្អែក​ទៅលើ​ផែនទី​ចាស់​នោះ​ជាជាង​បង្កើត​ផែនទីថ្មី​ទៅតាម​ចក្ខុវិស័យ​របស់ខ្លួន។

6. ការប្រមូលទិន្នន័យផែនទីៈ ដំណាក់កាលដែលវែងជាងគេបំផុតនៃគម្រោង​ផែនទីគឺការ​ប្រមូលទិន្នន័យ។ វាអាស្រ័យលើប្រភេទគម្រោង ដំណាក់កាលប្រមូលទិន្នន័យគឺ​ពាក់ព័ន្ធ​នឹង​ការងារ​ចុះមូលដ្ឋាន​និង​ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ​ដើម្បី​ប្រមូល​ទិន្នន័យ​ភូមិសាស្រ្ត ដោយការប្រើឧបករណ៍ Mapeo Mobile ឬម៉ាស៊ីន GPS។ គេក៏អាចធ្វើកិច្ចការនេះបានតាមវិធីសាស្រ្តឌីជីថល ដូចជាកម្មវិធី Mapeo Desktop ឬ QGIS និងបង្កើតទិន្នន័យភូមិសាស្រ្តដោយការ​គូសពីលើ​រូបភាព​ផ្កាយរណប​ឬ​ផែនទី​ដែលមានស្រាប់។ គេក៏អាចបង្កើតផែនទីព្រាងបែបឌីជីថល ចេញពីផែនទីដែលគូរដោយសហគមន៍​បានដែរ។

7. ការផ្ទៀងផ្ទាត់ទិន្នន័យ និង ការប្រមូលទិន្នន័យបន្ថែម: បន្ទាប់ពីប្រមូល​ទិន្នន័យបាន​ច្រើនសមគួរហើយ អ្នកគួរតែចងក្រងជាផែនទីបឋមសិន ឬផ្ទៀងផ្ទាត់​ទិន្នន័យដោយប្រើ​កុំព្យូទ័រ (ត្រង់ចំណុចនេះ បើអ្នកប្រើឧបករណ៍បញ្ចាំងរូបភាព គឺពិតជា​ប្រយោជន៍​សម្រាប់ការ​រៀបចំដំណើរការសិក្ខាសាលានៅក្នុងសហគមន៍)។ គោលបំណងគឺដើម្បីមើលឲ្យច្បាស់ថា តើអ្នកប្រមូលព័ត៌មានបានគ្រប់គ្រាន់​ហើយឬនៅបើពិនិត្យទៅតាមគោលដៅនៃគម្រោងផលិតផែនទី ឬមានកិច្ចការអ្វី​ដែល​ត្រូវធ្វើបន្ថែមទៀត​ដែរឬទេ។ សំណួរដែលអ្នកគួរពិចារណាមានដូចជា ៖

តើយើងគួរបន្ថែមព័ត៌មានទៅក្នុងផែនទីឬទេ?

តើមានព័ត៌មានណាមួយដែលមិនទាន់ពេញលេញដែរឬទេ?

តើព័ត៌មានបង្ហាញនៅលើផែនទីមានភាពត្រឹមត្រូវដែរឬទេ?

តើត្រង់ណាជាចំណុចសំខាន់បំផុតនៅលើផែនទី?

តើមានចំណុចណាខ្លះដែលត្រូវកែតម្រូវឬត្រូវពិនិត្យឡើងវិញ?

បើសិនជាមានការបែងចែកយេនឌ័រដាច់ពីគ្នា តើអ្វីខ្លះជាចំណុចខុស​គ្នា​ដែល​បង្ហាញ​នៅលើ​ផែនទី​ហើយតើអ្នកគិតថាហេតុអ្វី?

8. ប្រមូលទិន្នន័យបន្ថែមបើសិនចាំបាច់: ដូចក្នុងដំណាក់កាលមុន អ្នកត្រូវ​ប្រមូល​​ទិន្នន័យ​បន្ថែមរហូតដល់គ្រប់គ្នាយល់ស្របថា​មានព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ការបង្កើតផែនទី។

9. ការកំណត់និងការប្រើប្រាស់សញ្ញាសម្គាល់: នៅចុងបញ្ចប់នៃដំណើរការ​បង្កើត​ផែនទី សញ្ញាសម្គាល់​ឬប្រភេទនៃទិន្នន័យ​អាចខុសពី​អ្វីដែល​ត្រូវបាន​ស្នើឡើង​ពីខាងដើមដំបូងនៃ​គម្រោង។ អ្នកគួរពិចារណាថាតើសញ្ញាសម្គាល់គួរមានរូបរាងដូចម្តេចនៅលើផែនទីសម្រេច។ ប្រភេទ​ព័ត៌មាន​មួយចំនួនអាចមានតម្លៃក្នុងការរក្សាទុក ដោយឡែក ប្រភេទ​ព័ត៌មាន​ផ្សេងទៀត​ប្រហែលជា​គួរត្រូវ​កាត់បន្ថយខ្លះអាស្រ័យលើគោលបំណងនៃផែនទី។ ជាផ្នែកមួយនៃកិច្ចការនេះដែរ សហគមន៍គួរតែគិតអំពីរបៀបបង្ហាញសញ្ញាសម្គាល់​ក្នុង​ទម្រង់​ជា​រូបតំណាង។ វាអាចជាលំហាត់មួយដ៏រីករាយ ដែលគ្រប់គ្នាគូររូបតំណាងសម្រាប់សញ្ញាសម្គាល់។

10. បង្កើតផែនទីភូមិសាស្រ្ត: បន្ទាប់ពីសញ្ញាសម្គាល់ត្រូវបានបង្កើតហើយ គឺដល់​ពេល​ផលិត​ផែនទីចុងក្រោយ ហើយកិច្ចការនេះត្រូវការអ្នកជំនាញផ្នែក​ភូមិសាស្រ្តចូលរួម។ អ្នកគួរគិតអំពីស្រទាប់មូលដ្ឋាននៃផែនទី (ឧទាហរណ៍ដូចជា រូបភាពភ្នំ រូបភាពផ្កាយ​រណប រូបភាពភូមិ រូបភាពផ្លូវ ឬការប្រើប្រាស់ដីធ្លី ។ល។) ប៉ុន្តែធានាថា មិនមាន​ព័ត៌មាន​​ច្រើនពេក​ដែលបណ្តាលឲ្យផែនទីនោះពិបាកមើល។ ត្រង់នេះ យើងគួរត្រលប់ទៅចំណុចទីពីរនៅក្នុងដំណើរការនេះវិញ គឺការសម្រេចចិត្ត​អំពី​គោល​បំណង​នៃការបង្កើតផែនទី និងអ្វីដែលអ្នកចង់បង្ហាញនៅលើផែនទីនេះ។ បន្ទាប់ពីគួរផែនទីរួច អ្នកគួរពិនិត្យឡើងវិញឲ្យបានច្រើនលើកច្រើនសារជាមួយនឹង​សហគមន៍ ដើម្បីឲ្យ​ប្រាកដថាគ្រប់គ្នាបានអាននិងយល់ និងពុំមាននៅសេសសល់​កំហុស​ឆ្គង។

11. រចនាផែនទីរបស់អ្នកៈ ដោយសារផែនទីនេះផ្ទុកនូវព័ត៌មាននិងចំណេះដឹង​អំពីទំនាក់ទំនងរវាងសហគមន៍របស់អ្នកទៅនឹងដីធ្លី អ្នកគួរតែរចនាផែនទីក្នុង​ទម្រង់​មួយ​​ដែល​វាតំណាង​ឲ្យ​សហគមន៍​ទាំងមូល​របស់អ្នក។ មានសហគមន៍អ្នកការពារផែនដីជាច្រើនបានចំណាយពេលនិងថាមពលក្នុងការ តុបតែង​ផែនទី​របស់​ពួកគេទៅតាមតំបន់ ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍ថា​វាជា​វត្ថុ​ផ្ទាល់ខ្លួន​របស់​ពួកគេ។

12. ពិចារណាអំពីពិធីការឬវិធីសាស្រ្តក្នុងការចែករំលែក និងការទុកដាក់ទិន្នន័យ​រសើប​ឲ្យមាន​​សុវត្ថិភាពៈ ឥលូវនេះអ្នកផលិតផែនទីបានហើយ អ្នក​គួរតែ​ពិភាក្សា​គ្នាអំពីពិធីការឬ​វិធីសាស្រ្ត​ក្នុងការ​ចែករំលែក​ផែនទីនោះ ជាពិសេស​ប្រសិនបើផែនទីនោះបង្ហាញ​ទិន្នន័យដែលមាន​លក្ខណៈរសើប។ អ្នកគួរតែសួរសំណួរមួយចំនួនដូចជា៖ តើនរណាខ្លះក្នុងសហគមន៍អាចចូលមើល​ផែនទី​នេះ​បាន? តើគួរចែករំលែកផែនទីនេះជាមួយនរណាខ្លះ? តើគួរចែករំលែកក្នុង​កាលៈទេសៈណា?​ ហើយតើនរណាមានសិទ្ធិ ឬត្រូវបានអនុញ្ញាតិ ក្នុងការសម្រេចចិត្ត​លើកិច្ចការនេះ? អ្នកគួរតែកត់ត្រាចំណុចទាំងនេះទុក ដើម្បីកុំឲ្យភ្លេចទៅតាមពេលពេលវេលាដែល​កន្លង​យូរឆ្នាំ ឬពេលដែលសមាជិកក្រុមផ្លាស់ប្តូរទីកន្លែង ឬមិនអាចទាក់ទងបាន។