សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី (Waorani): ការធ្វើផែនទីទីតាំងបុព្វបុរសនៅប្រទេស អេក្វាដ័រ

ក្នុងអំឡុងពេលបួនឆ្នាំ យើងបានចាប់ដៃសហការជាមួយសហគមន៍ជនជាតិដើម វ៉ាអូរ៉ានី នៃប្រទេស អេក្វាដ័រ ដើម្បី​សាកល្បង software ថ្មីមួយ គឺ ម៉ាពីអូ សម្រាប់ desktop ដើម្បី​ធ្វើ​ផែនទី​ទីតាំង​បុព្វបុរស​របស់​ពួកគេ។ បន្ទាប់ពីរយៈពេលបួនឆ្នាំ នៃការប្រមូលទិន្នន័យផែនទី ជនជាតិដើម វ៉ាអូរ៉ានី បាន​ឈ្នះក្តី​នៅក្នុង​រឿងរ៉ាវ​ក្តីក្តាំ​ជាមួយ​រដ្ឋាភិបាល អេក្វាដ័រ និង​បាន​រក្សា​ដីព្រៃ​ទឹកភ្លៀង​ប្រមាណ​ជាង​កន្លះលាន​ហិចតា​ ពីការ​បូម​យកប្រេង។

តើជនជាតិដើម វ៉ាអូរ៉ានី ជានរណា ហើយតើពួកគាត់ការពារអ្វី?

វ៉ាអូរ៉ានី គឺជាជនជាតិដើមដែលរស់នៅតំបន់ប្រភពទឹកនៃព្រៃអាម៉ាហ្សូន នៃប្រទេស អេក្វាដ័រ។ ជនជាតិនេះដើមឡើយគឺជាជនពនេរចរ ដែលបរបាញ់សត្វដើម្បីចិញ្ចឹមជីវិត។ ពួកគេ​ចាប់ផ្តើម​តាំង​ទីលំនៅ​​អចិន្រ្តៃយ៍​នៅ​មួយកន្លែងចាប់ពីទសវត្សរ៍ឆ្នាំ ១៩៥០ បន្ទាប់ពី​អ្នកផ្សព្វផ្សាយ​សាសនា និង​អ្នកធ្វើអាជីវកម្ម​អណ្តូងប្រេង បានចូលទៅដល់ទីតាំងរបស់ពួកគេ។ វ៉ាអូរ៉ានី បាន​វាយប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី​របស់​ពួកគេ ពីការ​ឈ្លានពាន​​ជាច្រើនលើក​ច្រើនសារ ពីពួក​ជនជាតិ អ៊ីងកា (Inca) និងជនជាតិអេស្ប៉ាញពង្រីកទឹកដី ពីម្ចាស់ចម្ការកៅស៊ូ ដល់អ្នកផ្សព្វផ្សាយសាសនាអាមេរិក និងក្រុមហ៊ុនប្រេង។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានទំនាក់ទំនងជាមួយអ្នកខាងក្រៅ ទឹកដីរបស់ពួកគេបានរួមតូចបន្តិច​ម្តងៗ ហើយទឹកដីដែលនៅសេសសល់បច្ចុប្បន្នកំពុងត្រូវគំរាមកំហែងដោយការកាប់បំផ្លាញព្រៃឈើ ការបូមប្រេង និង ការតាំងពីលំនៅរបស់ពួកអាណានិគម។

ពិតមែនតែជនជាតិដើម វ៉ាអូរ៉ានី ចាប់ផ្តើមមានទំនាក់ទំនងជាមួយសង្គមនិងសេដ្ឋកិច្ចខាងក្រៅ ពួកគេ​នៅតែ​ថែរក្សា​ទំនៀម​ទម្លាប់វប្បធម៌ និងទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយទឹកដីរបស់ពួកគេ។ បច្ចុប្បន្ន ជនជាតិដើម វ៉ាអូរ៉ានី ជាច្រើននាក់ នៅតែពឹងផ្អែកទៅលើទឹកដី ទន្លេ និងព្រៃ ដើម្បីរស់។ ពួកគេប្រមាញ់​សត្វព្រៃ ចាប់ត្រីក្នុងទន្លេ ប្រមូលអនុផលព្រៃឈើ ធ្វើជាអាហារ ធ្វើជាឱសថ និងធ្វើពិធីគោរព​បូជា។ 

បច្ចុប្បន្ន មានជនជាតិដើម វ៉ាអូរ៉ានី ប្រមាណប្រាំមួយពាន់នាក់ រស់នៅជាភូមិតូចៗប្រមាណហាសិបភូមិ និង​ត្រូវបាន​ទទួលស្គាល់​​ដោយច្បាប់ នូវសិទ្ធិ​ក្នុងការ​រក្សា​ទឹកដី ទីតាំងបុព្វបុរសរបស់ពួកគាត់ នៅលើ​ប្លង់កម្មសិទ្ធិ​រួមមួយ​ដែល​មាន​ដីទំហំ​​ប្រមាណ​ជិត​មួយលាន​ហិចតា ជាដី​ដែល​មាន​ជីរជាតិ​បំផុត​នៅក្នុង​ព្រៃទឹកភ្លៀង​អាម៉ាហ្សូន។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល អេក្វាដ័រ បានរក្សាសិទ្ធិក្នុងការប្រមូលធនជាតិធម្មជាតិក្នុងដី ដូចជា​ប្រេង​និង​ហ្គាស​ជាដើម និង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មាន​ឱកាស​ធ្វើអាជីវកម្ម​នៅក្នុងតំបន់ និង​កេងប្រវ័ញ្ច​ពី​ម្ចាស់តំបន់។

ការចាប់ផ្តើមបង្កើតផែនទី

មានការខួងអណ្តូងប្រេងនៅក្នុងទឹកដីរបស់ជនជាតិដើម វ៉ាអូរ៉ានី តាំងពីទសវត្សរ៍ឆ្នាំ ១៩៨​០ ក៏ប៉ុន្តែ​នៅ​ទឹកដី​ប៉ែក​ខាងលិច​ដែល​មាន​​ឈ្មោះ​ថា តំបន់ប៉ាស្តាហ្សា (Pastaza) ពុំទាន់​មាន​ការ​បូមប្រេង​នៅឡើយទេ។ នៅឆ្នាំ ២០១២ រដ្ឋាភិបាល អេក្វាដ័រ បានបង្កើតតំបន់រុករកប្រេងមួយទៀតដែលហៅថា Block 22 ដែលគ្រប​ដណ្តប់​ទៅលើដីមួយផ្នែកធំនៃទឹកដីប៉ែកខាងលិចរបស់ជនជាតិដើម វ៉ាអូរ៉ានី។ នៅពេលនោះ ព្រឹទ្ធាចារ្យ វ៉ាអូរ៉ានី មួយក្រុម បានធ្វើទស្សនកិច្ចនៅទឹកដីជនជាតិដើមដទៃទៀតនៅភាគខាងជើង​ប្រទេស អេក្វាដ័រ និងបានឃើញផលប៉ះពាល់ធ្ងន់ធ្ងរនៃការបូមប្រេង ទៅលើបរិស្ថាន ទៅលើសុខភាព និងទៅលើ​ជីវភាពរស់នៅ​របស់សហគមន៍។ បន្ទាប់ពីវិលត្រឡប់មកដល់ផ្ទះវិញ ក្រុមព្រឹទ្ធាចារ្យបានចែករំលែកអំពីអ្វីដែលពួកគាត់បានឃើញក្នុងអំឡុងពេល​ទស្សនកិច្ច ហើយ​សហគមន៍​ទាំងមូល​ក៏ប្តេជ្ញាចិត្ត​ទប់ស្កាត់​មហន្តរាយ​នានា​ដែល​អាច​កើតឡើងមកលើទឹកដីនិងជីវិត​របស់ពួកគេ។

ជាយុទ្ធសាស្រ្តទប់ស្កាត់ការបូមប្រេងនៅក្នុងទឹកដីរបស់ពួកគេ ជនជាតិដើម វ៉ាអូរ៉ានី មានបំណងបង្កើត “ផែនទីដែល ពោរពេញទៅដោយវត្ថុដែលពុំអាចកាតថ្លៃបាន“។ ពួកគេចាប់ផ្តើមធ្វើការ ដោយមានជំនួយពីអង្គការក្នុងស្រុកចំនួនពីរ គឺ: Alianza Ceibo, ជាក្រុមការងារ​សម្របសម្រួលមួយ ដែលមានសហាជិកជាតំណាងជនជាតិដើម មកពីសហគមន៍ផ្សេងៗគ្នានៅប្រទេស អេក្វាដ័រ រួមមាន ជនជាតិដើម កូហ្វាន (Kofan) ជនជាតិដើម សៀកូប៉ៃ (Siekopai) ជនជាតិដើម ស៊ីអូណា (Siona) និង​ជនជាតិដើមវ៉ាអូរ៉ានី។ អង្គការមួយ​ទៀតគឺ Amazon Frontlines, ជាអង្គការអន្តរជាតិ មាន​បុគ្គលិក​ដែល​មាន​មុខជំនាញ​ខុសៗគ្នា ដែលស្នាក់នៅ​និងធ្វើការជាមួយក្រុម Alianza Ceibo ទៅលើគម្រោងមួយចំនួន រាប់តាំងពី​ការតម្លើង​ប្រព័ន្ធទឹកស្អាត រហូតដល់សេវា​ការពារ​ផ្នែកច្បាប់។

ការបង្កើតកម្មវិធី ម៉ាពីអូ (Mapeo)

ជនជាតិដើម វ៉ាអូរ៉ានី បានសាកល្បងប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នាជាច្រើនដើម្បីផលិតផែនទី ប៉ុន្តែឧបករណ៍​ទាំងនោះពុំសមស្របទៅនឹងបរិស្ថានរបស់ពួកគេ ដែលនៅទីដាច់ស្រយាល ពុំមានសេវា​អ៊ីនធ័រនែត​និង​ដំណើរការ​ដ៏​ស្មុគ្រស្មាញជាច្រើន។ ក្រុមការងារ Digital Democracy ក៏បានមើលឃើញតម្រូវការដូចគ្នានេះនៅសហគមន៍ដទៃទៀតដែលទីតាំងផ្សេង ហើយបានចាប់ផ្តើមបង្កើតកម្មវិធី software​ ថ្មីមួយដែលឆ្លើយតបទៅនឹងតម្រូវការទាំងនោះ គឺ Mapeo។ ការផលិតផែនទីរបស់ក្រុមជនជាតិដើម វ៉ាអូរ៉ានី បានក្លាយ​ជា​គម្រោង​សាកល្បង​ដ៏សំខាន់​ក្នុងការ​អភិវឌ្ឍន៍​កម្មវិធី ម៉ាពីអូ ហើយក្រុមការងារបានចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះនៅឆ្នាំ ២០១៥ និង​បាន​ចូលរួម​ចំណែកក្នុងការកែលម្អ​កម្មវិធីនេះ​ក្នុង​អំឡុងពេល​បួនឆ្នាំ​ដែល​បង្កើត​ផែនទី​សម្រាប់​ភូមិ​ចំនួនម្ភៃ។

តួនាទីរបស់ ផែនទី និងការងារធ្វើផែនទី ក្នុងការការពារទឹកដីរបស់ជនជាតិដើម វ៉ាអូរ៉ានី

ក្រុមជនជាតិដើម វ៉ាអូរ៉ានី មានបំណងប្រើប្រាស់ផែនទីជាឧបករណ៍សម្រាប់សន្ទនាជាមួយនឹងអ្នកខាងក្រៅ អំពី​ទឹកដី​និង​ភូមិសាស្រ្ត​របស់​ពួកគេ និង​ស្វែងរក​ការគាំទ្រ​ទស្សនវិស័យ​របស់​ពួកគេ។ នៅឆ្នាំ ២០១៨ ទស្សនវិស័យនេះត្រូវបានសាកល្បងប្រើប្រាស់ នៅពេលដែលរដ្ឋាភិបាល​អេក្វាដ័រ ប្រកាស​បង្កើត​ទីតាំង​​បូមប្រេង​ថ្មី​ដែល​មាន​ទំហំ​ជាង 7 លានហិចតា នៃព្រៃទឹកភ្លៀង ក្នុងនោះរួមបញ្ចូលទាំងគម្រោង Block 22 ដែល​គ្រប​ដណ្តប់​ទឹកដី​ប៉ែក​ខាងលិច​របស់​សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី ហើយ​ដែល​ក្រុម ​វ៉ាអូរ៉ានី​កំពុងតែ​ធ្វើ​ផែនទី។

សហគមន៍ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាល អេក្វាដ័រ។ អង្គការ Amazon Frontlines និង Digital Democracy បានជួយសហគមន៍ដោយបានផ្សព្វផ្សាយ online mapstory (រឿងរ៉ាវ​ផ្សារភ្ជាប់នឹងផែនទី) ដែលឆ្លុះបញ្ចាំងសាររបស់សហគមន៍សម្រាប់យុទ្ធនាការនេះ។ ផែនទីដែលផលិតដោយសហគមន៍ជនជាតិដើម វ៉ាអូរ៉ានី ខុសគ្នាពីផែនទីរបស់រដ្ឋាភិបាល។ វាបង្ហាញ​អំពី​ភាព​ស្តុកស្តម្ភ​​នៃ​ជីវៈចម្រុះ និង​វប្បធម៌​ប្រពៃណី​ដែល​មាន​ប្រវត្តិ​យូរលង់មកហើយ ហើយ​គ្រប់​ចំអាម​នៃ​ទឹកដី​ដ៏​ស្តុកស្តម​​នេះ​នឹង​ត្រូវ​​បំផ្លិចបំផ្លាញ​ដោយ​ការ​​ខួង​យក​ប្រេង។

នៅឆ្នាំ ២០១៩ សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី បានឈ្នះក្តី ដោយតុលាការជាតិបានសម្រេចថា រដ្ឋាភិបាលពុំបាន ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មុននឹង​បង្កើត​ទីតាំង​បូមប្រេង ដែល​នេះជា​ការរំលោភ​បំពាន​លើ​សិទ្ធិ​របស់​សហគមន៍​​ដែល​មាន​សិទ្ធិ​ទទួលដំណឹង ពិគ្រោះយោបល់ និងសម្រេចចិត្ត (FPIC)។ ទីតាំងបូមប្រេងក៏ត្រូវបានដកចេញ ហើយដីព្រៃអាម៉ាហ្សូនចំនួនកន្លះលានហិចតាត្រូវបានការពារ។ ករណីនេះបានក្លាយជាករណីគំរូសម្រាប់សហគមន៍ជនជាតិដើមនៅ អេក្វាដ័រ និងនៅលើសកលលោក។ ​​

ជាការពិត ផែនទីគឺជាសមិទ្ធិផលនៃការបង្កើតផែនទី និងបានដើរតួសំខាន់នៅក្នុងរឿងក្តីនេះ ក៏ប៉ុន្តែ ដំណើរការ នៃការបង្កើតផែនទីក៏បានដើរតួនាទីសំខាន់ក្នុងរឿងក្តីនេះដែរ។ ដំណើរការដែលរួមមាន សិក្ខាសាលានៅថ្នាក់ភូមិជាច្រើនលើកច្រើនសា ដើម្បីពិភាក្សាអំពីឧបករណ៍ផលិតផែនទី និងដំណាក់កាលនីមួយៗនៃការងារនេះ។ នៅលើដីរាប់រយគីឡូម៉ែត្រ គឺជាដានជើងរបស់ចាស់ព្រឹទ្ធាចារ្យនិងយុវជនជំនាន់ក្រោយដែលទៅដល់ទីតាំងសំខាន់ៗ ដើម្បីកត់ត្រានិងចែករំលែកចំណេះដឹងផ្នែកវប្បធម៌បរិស្ថាន ភាពស្តុកស្តម្ភនៃភាសាដែលទាក់ទងទៅនឹងទឹកដី និង​ការគំរាមកំហែងដែលអាចកើតឡើង។ សារសំខាន់នៃដំណើរការនេះត្រូវបានមើលឃើញ ខណៈពេលដែលសហគមន៍ជនជាតិដើម វ៉ាអូរ៉ានី ចាប់ផ្តើម​រៀបចំសម្រាប់ដំណើរការក្តី និងឈានដល់ការសម្រេចចិត្តរួមគ្នាមួយដើម្បីជ្រើសរើសសកម្មភាពនិងវិធីសាស្រ្ត ក្នុងការការពារ​ទឹកដីរបស់ពួកគេសម្រាប់កូនចៅជំនាន់ក្រោយ។

វិធីសាស្រ្តធ្វើផែនទីរបស់សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី

គិតត្រឹមឆ្នាំ ២០២០ ក្រុមការងារផែនទីរបស់សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី បាន​បញ្ចប់​ការ​ផលិត​ផែនទី​ភូមិ​ចំនួនម្ភៃ​ក្នុង​ចំណោម​ភូមិ​ទាំង ៥២ របស់ជនជាតិដើម ​វ៉ាអូរ៉ានី តាមដំណាក់កាល​ខាងក្រោម។

ធាតុផ្សំ

មនុស្: ធាតុផ្សំដ៏សំខាន់បំផុតសម្រាប់ការធ្វើផែនទីគឺ ជនជាតិដើម វ៉ាអូរ៉ានី នេះតែម្តង។ ពួកគេមាន​ចំណេះដឹង​ជ្រៅជ្រះ មានសេចក្តីស្រលាញ់ដ៏ជ្រាលជ្រោចំពោះទឹកដីរបស់ខ្លួន និង​មាន​ឆន្ទៈ​មោះមុត​ក្នុងការ​រក្សា​ទឹកដីនេះ​​ឲ្យនៅ​បរិសុទ្ធ​និង​ស្រស់បំព្រង​សម្រាប់​មនុស្ស​ជំនាន់ក្រោយ។ ក្រុមការងារផែនទីទទួលបានជំនាញបច្ចេកទេស ជំនាញបណ្តុះបណ្តាលនិងសម្របសម្រួល និង​ធ្វើការ​ជាមួយ​ក្រុមមនុស្ស​ច្រើនបំផុតតាមដែលអាចធ្វើបាន នៅតាមភូមិនីមួយៗ ដើម្បីគូសវាសផែនទីទីតាំង និង​ធ្វើដំណើរ​ទៅ​គ្រប់ទីកន្លែង​ដើម្បី​កត់ត្រា​ចំណេះដឹង​អំពី​បុព្វបុរស​របស់​ពួកគេ ដោយប្រើ GPS។

គុណតម្លៃ: គុណតម្លៃគឺជាធាតុផ្សំដ៏សំខាន់មួយទៀតនៅពីក្រោយជោគជ័យរបស់គម្រោង។ គុណតម្លៃមួយដែលសំខាន់បំផុតក្នុងចំណោមគុណតម្លៃជាច្រើនគឺ ការមូលមតិគ្នា។ នេះជា​មគ្គុទ្ទេសក៍​នាំផ្លូវ​ក្រុមការងារ​​ជនជាតិដើម វ៉ាអូរ៉ានី អំឡុងពេល​ធ្វើការងារ​ជាមួយ​សហគមន៍​នីមួយៗ យល់ស្របគ្នាអំពីពិធីការ ពិភាក្សាគ្នាអំពី​វិធីសាស្ត្រ បញ្ជាក់អំពីតួនាទីរបស់សហគមន៍នីមួយៗ ក្នុងការ​ធ្វើជា​ម្ចាស់​នៃ​គម្រោង​និង​ក្នុងការ​ធ្វើ​ផែនទី​ចំណេះដឹង។ នេះគឺជាគុណតម្លៃរបស់កម្មវិធី ម៉ាពីអូ: គាំទ្រស្វ័យភាព អធិបតេយ្យភាព និងការធ្វើជាម្ចាស់លើទិន្នន័យ របស់សហគមន៍។

បច្ចេកវិទ្យា:

  • ក្រដាសទំហំធំ និង ប៊ិចហ្វឺតដែលមានពណ៌ផ្សេងៗគ្នា
  • ឧបករណ៍ GPS ដែលតូចល្មមអាចកាន់ដោយដៃ (Garmin etrex ម៉ូដែលផ្សេងៗគ្នា)
  • កូនសៀវភៅកំណត់ហេតុដែលមិនខូចដោយសារទឹកឬសំណើម
  • កុំព្យូទ័រយួរដៃ និង drive សម្រាប់រក្សាទុកទិន្នន័យ
  • ម៉ាស៊ីនបញ្ចាំងរូបភាពចល័តដែលមានទម្ងន់ស្រាល សម្រាប់​បញ្ចាំង​រូបភាព​ផែនទី​ឲ្យសមាជិក​សហគមន៍​មើល​អំពី​សកម្មភាព​ផលិត​​និង​​កែសម្រួល​ផែនទី​ភ្លាមៗ​នៅនឹង​កន្លែង។
  • GIS and cartography software: Mapeo Desktop, QGIS, Mapbox Studio
  • កម្មវិធីរចនារូបភាពតាមកុំព្យូទ័រ ដូចជា ​Adobe Illustrator​ជាដើម

ធនធានសម្រាប់ការធ្វើដំណើរនិងរៀបចំសិក្ខាសាលា

  • ទូក ប្រេងឥន្ធនៈ និងស្បៀង
  • សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងករណីមានអាសន្ន ដូចជា ថ្នាំពេទ្យសម្រាប់សង្រ្គោះបឋម ថ្នាំបន្សាបពិសពស់ និងទូរស័ព្ទ Satellite​ ជាដើម។
  • សម្ភារៈចាំបាច់សម្រាប់ដើរព្រៃ ដូចជា ស្បែកជើងប៊ូតកៅស៊ូ កាបូបស្ពាយ អាវភ្លៀង ជាដើម។
នៅទីនេះ ផែនទីផ្ទាល់នឹងដីនៅសហគមន៍ អាការ៉ូ (Akaro) មានប្រឡោះទំនេរគ្រប់គ្រាន់សម្រាប់គ្រប់គ្នា រួមទាំង​កុមារ​និង​​មនុស្សចាស់ ចូលរួមគូរផែនទីតំបន់របស់ពួកគេ។

វិធីសាស្រ្តនៅតាមភូមិនីមួយៗ

ការយល់ព្រមពីសហគមន៍: ក្រុមការងារផែនទី Waorani ចាប់ផ្តើមការងារដោយរៀបចំការ​ប្រជុំនៅតាមភូមិនីមួយៗ ដើម្បីធានាថា សមាជិកភូមិនោះយល់ច្បាស់អំពីគម្រោងធ្វើផែនទី និងយល់ព្រមទៅនឹង​វិធីសាស្រ្តនិងល័ក្ខខ័ណ្ឌនៃការធ្វើផែនទី។

គំនូសព្រាងនៃផែនទី (Sketch Mapping): ក្រុមការងារគូសគំនូសព្រាងផែនទីនៅលើក្រដាស ដោយ​ប្រើ​​ប៊ិចហ្វឺតពណ៌ និងមានការចូលរួមពីអ្នកភូមិ។ សមាជិកគ្រប់រូបនៅក្នុងសហគមន៍ រួមទាំងបុរស ស្រ្តី មនុស្សចាស់ និងកុមារ ត្រូវបាន​អញ្ជើញ​មក​ចូលរួម​គូស​ផែនទី​ទីតាំង​របស់​សហគមន៍​នៅលើ​ក្រដាសធំៗ​ដែល​បាន​ត្រៀមទុក​រួចជាស្រេច គូសចំណាំស្ទឹង ទន្លេ ទីតាំងបរបាញ់សត្វ ទីតាំងនេសាទ និង​តំបន់​ដែល​មាន​ធនធាន​ធម្មជាតិ​សំខាន់ៗ។ បន្ទាប់ពីបញ្ចប់ការគូសនៅលើក្រដាស សហគមន៍នឹងពិភាក្សាគ្នាដើម្បីជ្រើសរើសទីតាំងដែលត្រូវ​ទៅមើលដោយ ថ្មើរជើង​ និងរៀបចំ​គម្រោងចុះស្វែងរកការពិតនៅទីតាំងទាំងនោះ ដោយយោងតាមគំនូសព្រាងនៅ​លើក្រដាស។ ​

នៅទីនេះ ស្ត្រីមួយក្រុមបានគូរផែនទីអំពីទីកន្លែងដែលមានអត្ថន័យសម្រាប់ពួកគាត់ នៅក្នុង​សហគមន៍​ដែល​គាត់​រស់នៅ ហើយទិន្នន័យនៅទីកន្លែងនោះត្រូវបានដើរ កត់ត្រា និងបញ្ចូលទៅក្នុងផែនទី ឌីជីថល។

បង្កើតរចនាសម្ព័ន្ធផែនទីនៅលើកម្មវិធី ម៉ាពីអូ: ដោយ​ផ្អែក​ទៅលើ​គំនូស​ព្រាង​ផែនទី​នៅលើ​ក្រដាស ក្រុមការងារ​នឹង​សម្រេចចិត្ត​ថា​ចំណុច​ណា​មាន​សារៈសំខាន់​ដែល​ត្រូវតែ​កត់ត្រាទុក (ឧទាហរណ៍ ទឹកជ្រោះ ឬទីតាំងបរបាញ់សត្វ ជាដើម)។ អ្នករចនានឹងធ្វើការជាមួយក្រុមផែនទីដើម្បី បង្កើត​រូបតំណាង​សម្រាប់​វត្ថុនីមួយៗ​ដែល​នឹង​ត្រូវ​ពិពណ៌នា​នៅក្នុង​កំណត់​​សម្គាល់​ផែនទី (the map legend)។ គេអាចត្រឡប់ទៅធ្វើការងារនេះជាច្រើនសារ ព្រោះ​សហគមន៍​តែងតែ​ចង់​បន្ថែម​អ្វីថ្មីៗ​​ទៅលើផែនទី។ បច្ចុប្បន្ន Map legend របស់សហគមន៍ជនជាតិដើម វ៉ាអូរ៉ានី មានរូបតំណាងចំនួនប្រមាណជាង ១៥០។

ការបណ្តុះបណ្តាលអំពីរបៀបប្រើ GPS និងរបៀបស្វែងរកការពិតនៅទីតាំង: បន្ទាប់ពី​ការ​គូស​ផែនទី​ព្រាង​​នៅលើ​ក្រដាស ក្រុមការងារនឹង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅ​ទីតាំង​ទាំងនោះ​ដើម្បី​ស្វែងរក​ការពិត។ ចូលរួម​ក្នុង​ដំណើរ​ស្វែងរកការពិត រួមមាន ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ អ្នកដែលមានចំណេះដឹងអំពីទីកន្លែង និង​យុវជន​ក្នុងភូមិ​ដែលបានទទួលការ​បណ្តុះបណ្តាលអំពីវិធីប្រើប្រាស់ GIS និង GPS ពីក្រុមផែនទីជនជាតិដើម វ៉ាអូរ៉ានី។ ពួកគេទៅមើលទីតាំងសំខាន់ៗ ស្វែងរកដានទីកន្លែងនិងផ្លូវចាស់ៗ ដើម្បីចងក្រងរឿងរ៉ាវ និងកត់ត្រាតាមម៉ាស៊ីន GPS ដើម្បីបញ្ចូលទិន្នន័យពីផែនទីគូសដោយដៃលើក្រដាសទៅក្នុងប្រព័ន្ធឌីជីថល។

ការបញ្ចូលទិន្នន័យ: ត្រឡប់ទៅដល់ភូមិវិញ ក្រុមការងារបញ្ចូលទិន្នន័យពីម៉ាស៊ីន GPS និងពីផែនទីព្រាងលើក្រដាស ទៅក្នុងកម្មវិធី ម៉ាពីអូ សម្រាប់ Desktop រួមទាំងរឿងរ៉ាវនានានិងព័ត៌មាន​ផ្សេងទៀត​ដែលប្រមូលបាន។ ក្រុមការងារបានប្រើផែនទីប្រភេទ offline background maps ជាច្រើន រួមទាំងរូបភាពពី satellite និងការវិភាគ​នានាដែលបង្ហាញពីតំបន់ទន្លេនិងសណ្ឋានដីខ្ពស់ទាប ដើម្បីឆ្លុះបញ្ចាំងទីតាំងនីមួយៗ។ បន្ទាប់ពីទិន្នន័យត្រូវបាន upload ក្រុមការងារក៏បញ្ចាំងផែនទីទៅលើជញ្ជាំងឲ្យសហគមន៍ទាំងមូលបានឃើញ។​

Export (ការផ្ទេរទិន្នន័យ): ទិន្នន័យត្រូវបានផ្ទេរពីកម្មវិធី Mapeo ទៅ GeoJSON file បន្ទាប់មកត្រូវ uploaded ទៅក្នុង Mapbox Studio។ ក្រុមផែនទី វ៉ាអូរ៉ានី បានធ្វើការជាមួយក្រុមការងារ Digital Democracy ដើម្បីបង្កើតគំរូ design template នៅក្នុង Mapbox និងបានព្រមព្រៀងគ្នាអំពីពណ៌និង font ផងដែរ។ Maptiles នៃតំបន់ដែលពាក់ព័ន្ធនឹងជីវិតសហគមន៍ ត្រូវបានផ្ទេរទៅក្នុង Adobe Illustrator ដែលជា​ទីកន្លែង​ដែល​គេ​​អាច​បន្ថែម​អត្ថបទ​ឬ​សេចក្តី​សម្គាល់​ផែនទី។ 

ការបោះពុម្ព (Print): ក្រុមការងារ​ផែនទី​នាំយក​ផែនទី​ដែល​មិនទាន់​សម្រេច​ត្រឡប់​ទៅ​ភូមិវិញ ដើម្បី​កែសម្រួល​បន្ថែម​និង​ផ្ទៀងផ្ទាត់​ព័ត៌មាន។ បន្ទាប់មក ផែនទី​សម្រេច​នឹងត្រូវបាន​រៀបចំ​សម្រាប់​បោះពុម្ព។ គ្រួសារនីមួយៗនឹងទទួលបានផែនទីមួយ ហើយផែនទីដែលធំជាងគេនឹងត្រូវបោះពុម្ពសម្រាប់ការប្រើប្រាស់របស់​សហគមន៍ទាំងមូល។​ 

នៅទីនេះ ប្តីប្រពន្ធជនជាតិដើម កេណាវ៉េណូ (Kenaweno) បានទទួលផែនទីទីតាំងសហគមន៍របស់គាត់ ដែល​គាត់​បាន​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​បង្កើត​ផែនទីនោះ។ 

នេះគឺជាព័ត៌មានលម្អិតពីផែនទីទីមួយដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនោះ គឺផែនទីភូមិ នេម៉ុនប៉ារ៉េ (Nemonpare)

នេះជារូបតំណាងខ្លះៗ ក្នុងចំណោមរូបតំណាងជាង ១៥០ ដែលក្រុមការងារ វ៉ាអូរ៉ានី បានបង្កើត

អានបន្ថែមៈ