អ៊ី ស៊ី អេ អាម៉ារ៉ាកេរី (ECA Amarakaeri): ការឃ្លាំមើលនៅតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី នៅប្រទេស ប៉េរូ (Peru)

បទពិសោធន៍នៃការគ្រប់គ្រងរួមគ្នារវាងជនជាតិដើមនិងរដ្ឋាភិបាល ប៉េរូ

នៅក្នុងនាយកដ្ឋាន Peruvian Madre de Dios ជនជាតិ ហារ៉ាប៊ូត (Harakbut) ជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា (Matsiguenka) និងជនជាតិ យីន (Yine) បានឃ្លាំមើលជាមួយគ្នា និង អភិរក្ស ទីតាំង​បុព្វបុរស​របស់​ពួកគេ អស់រយៈពេលច្រើន​សតវត្សរ៍​មកហើយ និង​ចាត់ទុក​ខ្លួនឯង​ជាម្ចាស់​និង​ជា​ឆ្មាំ​នៃតំបន់នេះ​នៅក្នុង​ព្រៃ​អាម៉ាហ្សូន។ នៅឆ្នាំ ២០០២ បន្ទាប់ពី រយៈពេល១៨ឆ្នាំ នៃការតស៊ូខ្នះខ្នែង ផ្នែកមួយ​នៃ​ទីតាំង​បុព្វបុរស​របស់​ពួកគេ​ត្រូវបាន ទទួលស្គាល់ ជាតំបន់អភិរក្សធម្មជាតិដែល​មាន​ឈ្មោះថា តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី (Amarakaeri Communal Reserve). ចាប់ពីឆ្នាំ ២០០៦ តំបន់នេះ​ត្រូវបាន​គ្រង់គ្រង​រួមគ្នា​ដោយ សហគមន៍ជនជាតិដើមចំនួនដប់ (រៀបចំដោយអង្គការ អ៊ី ស៊ី អេ អាម៉ារ៉ាកេរី - ECA Amarakaeri organization) និង National Service of Protected Areas (ហៅកាត់ថា SERNANP) ដោយមាន​ការគាំទ្រ​ពី អង្គការ​ជនជាតិដើម​ចំនួនពីរ (FENAMAD និង COHARYIMA)។ ឧបករណ៍សម្រាប់​ឃ្លាំមើល​តំបន់​អភិរក្ស រួមមាន ការប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ​បំផុត (ដូចជា កម្មវិធី ម៉ាពីអូ Mapeo និងដ្រូន) ដែល​ប្រើប្រាស់​ដោយឆ្មាំ​សហគមន៍ ឆ្មាំព្រៃ និង​អ្នកបច្ចេកទេស​ដើម្បី​ការពារ​ព្រៃ​បុព្វបុរស​ពី ការកាប់ព្រៃឈើ​និង​ខួងអណ្តូងរ៉ែ​ខុសច្បាប់។ គំរូ នៃកិច្ចខំប្រឹងប្រែងរបស់ពួកគេ ត្រូវបានទទួលស្គាល់ដោយ Equator Prize នៅឆ្នាំ ២០១៩។ ជាងនេះទៅទៀត អង្គការ IUCN បានបញ្ចូលតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ទៅក្នុង​បញ្ជី​បៃតង (Green list) របស់ពួកគេ ដោយសារតែ​ការអភិរក្ស​មាន​កម្រិតខ្ពស់ (របាយការណ៍ខែមីនា ឆ្នាំ ២០២១ បង្ហាញថា ៩៨. ៥៥ នៃទឹកដីនេះ ត្រូវបានអភិរក្សយ៉ាងល្អ)។

ជនជាតិ ហារ៉ាប៊ូត (Harakbut) ជនជាតិ យីន (Yine) និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា (Matsiguenka) និងទីតាំងបុព្វបុរសរបស់ពួកគេ

ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា គឺជាក្រុមជនជាតិដើមខុសៗគ្នាដែលរស់នៅក្នុងតំបន់ ម៉ាដ្រេ ដេ ឌីអូស (Madre de Dios) នៅក្នុងព្រៃ អាម៉ាហ្សូន របស់ប្រទេសប៉េរូ អស់រយៈកាល​រាប់ពាន់​ឆ្នាំ​មកហើយ។ ទឹកដីនោះគឺជាមូលដ្ឋានគ្រឹះនៃការរស់រានមានជីវិតរបស់ពួកគេ នោះគឺជា​ទីកន្លែង​ដែល​ពួកគេ​មាន “Vida plena” (ជីវិតពេញលេញ) ដែល​រួមបញ្ចូល​ទីតាំង​ដែល​ពួកគេ​ចាប់ត្រី ដាំដំណាំ ប្រមូលផ្តុំគ្នា និង​ទីកន្លែង​ដែល​ពួកគេ​​ប្រារព្ធពិធី​បែប​ប្រពៃណី​និង​ចែករំលែក​ជំនឿផ្សេងៗ​ជាមួយគ្នា។​ ទីតាំងបុព្វបុរសនេះ នៅសេសសល់សំណាកបុរាណវិទ្យា ដែល​បង្ហាញ​អំពី​ទំនាក់ទំនង​ដ៏ជ្រាលជ្រៅ​រវាង​ក្រុមជនជាតិដើម​ទាំងនេះ និងទឹកដី​តំបន់ ម៉ាដ្រេ ដេ ឌីអូស។ 

Petroglyphs in the Queros community. Photo credits: Queros community

ទោះជាយ៉ាងនេះក្តី ទឹកដីបុព្វបុរស​របស់​ពួកគេ​ត្រូវបាន​គំរាមកំហែង​អស់រយៈពេល​រាប់សតវត្សរ៍ ដោយការ​ឈ្លានពាន​របស់​ជាតិសាសន៍​ដទៃ ដូចជា ពួកអ៊ីងកា (Incas) អ្នកវាតទីទឹកដី​ជនជាតិ​អេស្ប៉ាញ ម្ចាស់ចម្ការកៅស៊ូ អ្នករុករករ៉ែមាស និងក្រុមហ៊ុនប្រេង ជាដើម។ ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា បានបូជា​ជីវិត​ដើម្បី​ប្រយុទ្ធ​ការពារ​ទឹកដី​និង​សិទ្ធិ​របស់​ពួកគេ។ ការខិតខំប្រឹងប្រែងនេះនៅតែបន្តមកដល់មនុស្សជំនាន់បច្ចុប្បន្ន ដែលបាន​ប្រើប្រាស់​ឧបករណ៍​ឃ្លាំមើល​ដើម្បី​ការពារ “ជិវិតពេញលេញ” របស់ពួកគេ។ កំណត់ចំណាំៈ រដ្ឋាភិបាលប៉េរូបានទទួលស្គាល់ផ្នែកខ្លះនៃទឹកដីដូនតា ប៉ុន្តែមិនទាំងអស់ទេ។ យោងតាមអត្ថបទរបស់លោក ថូម៉ាស ម័រ (Thomas Moore) សរសេរឆ្នាំ ២០២០ ដែលមាន​ចំណងជើង​ថា El Pueblo Harakbut, Su Territorio y Sus Vecinos កម្មសិទ្ធិដី​ដែល​រដ្ឋាភិបាល ប៉េរូ ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វេនកា ដែល​រស់នៅ​ជិត​តំបន់​អភិរក្ស អាម៉ារ៉ាកេរី គ្របដណ្តប់​តែ 6.7ភាគរយ នៃ​ទឹកដី​បុព្វបុរស​របស់​ពួកគេ​តែប៉ុណ្ណោះ។

រលកនៃការឈ្លានពានៈ មាស ស្លឹកកាកាវ ចម្ការកៅស៊ូ និង ប្រេង

ទឹកដីបុព្វបុរសរបស់ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាតស៊ីហ្គ្វិនកា ត្រូវបាន​គំរាមកំហែង​ដោយ​អាណាចក្រ អ៊ីងកា ដែលបាន​លុកលុយ​រុករក​មាស​និង​ដាំដើមកាកាវ។ នៅសតវត្សរ៍ទី១៦ ការឈ្លានពានពីបរទេសនៅតែបន្ត ហើយពេលនេះ​គឺក្បួនអ្នក​វាតទឹកដីអេស្ប៉ាញ ដែលបាន​លុកលុយ​ចូលដល់​តំបន់ ម៉ាដ្រេ ដេ ឌីអូស ដើម្យី​ជីកកកាយ​រកមាស និង​បង្កើត​ចម្ការ​កាកាវ។ នៅទសវត្សរ៍ឆ្នាំ ១៨២០ បន្ទាប់ពីប្រទេសប៉េរូទទួលបានឯករាជ្យ ហើយ​រដ្ឋាភិបាលប៉េរូ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​និងអឺរ៉ុប ជនបរទេស​ជាច្រើនក្រុម​មកពី​ប្រទេស​ទាំងនោះ ត្រូវបាន​លើកទឹកចិត្ត​ឲ្យតាំង​ទីលំនៅ​នៅលើ​ទឹកដី​បុព្វបុរស​របស់​សហគមន៍​ម្ចាស់ស្រុក​នៅក្នុង​តំបន់ ម៉ាដ្រេ ដេ ឌីអូស និង​ជីកមាស​នៅទីនោះ។ រលកនៃការឈ្លានពានពីជនបរទេសដែលចូលទៅជីករកមាស នៅតែបន្តរហូតដល់បច្ចុប្បន្ន ហើយ​អណ្តូងរ៉ែមាស​គឺជាការ​គំរាមកំហែង​ដ៏ធំមួយ​ទៅលើ​ទឹកដី​របស់ជនជាតិ ហារ៉ាប៊ូ ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា។​

ក្នុងអំឡុងពេលឈ្លានពាននេះ ជនជាតិដើមម្ចាស់ស្រុក​បដិសេធ​មិនធ្វើការ​ឲ្យជនបរទេស​ដែល​ឈ្លានពាន​ទឹកដី​របស់ខ្លួន​ឡើយ ហើយបាន​ប្រឆាំង​នឹង​សកម្មភាព​ទាំងឡាយ​ដែល​ជនបរទេស​ទាំងនោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទឹកដី​របស់​ពួកគេ។ ការកើនឡើងនិងធ្លាក់ចុះនៃរ៉ៃមាសនិងដំណាំកាកាវ បាន​កំណត់​ព្រំដែន​ប្រទាញប្រទង់​រវាង​ទីតាំង​ជនបរទេស​និង​ទឹកដី​របស់​ជនជាតិដើម​ម្ចាស់ស្រុក។ នាពេលបច្ចុប្បន្ននេះ មិនមាន​ការចេញ​លិខិត​អនុញ្ញាត​បង្កើត​អណ្តូងរ៉ែមាស​នៅលើ​ទឹកដី​របស់​ជនជាតិដើម​ ដោយ​មិនមាន​ការព្រមព្រៀង​និង​អនុញ្ញាត​ពី​សហគមន៍​ឡើយ។ ទោះជាយ៉ាងនេះក្តី អណ្តូងរ៉ែមាស​ជាច្រើន​នៅតែ​បន្ត​ធ្វើអាជីវកម្ម​នៅលើ​ទឹកដី​របស់​ជនជាតិដើម​ម្ចាស់ស្រុក ដោយសារ​ច្បាប់មិនអាច​បញ្ឈប់​អណ្តូងរ៉ែ​ដែល​បង្កើត​មុនពេល​ដែល​សហគមន៍​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិដី​របស់ពួកគេ​ឡើយ។

បន្ថែមពីលើអណ្តូងរ៉ែមាស ម៉ាដ្រេ ដេ ឌីអូស ក៏ប្រឈមមុខ​នឹង​ការឈ្លានពាន​នៃ​ម្ចាស់ចម្ការ​និង​ឈ្មួញ​កៅស៊ូ​នៅចុង​សតវត្សរ៍ទី ១៩។ ការណ៍នេះបង្ករឲ្យមានទាសភាព ការចាប់បង្ខំមនុស្ស និងទម្រង់ផ្សេងៗទៀតនៃអំពើព្រៃផ្សៃ ដែលត្រូវបាន​ប្រព្រឹត្ត​ទៅលើ​ជនជាតិដើម​ម្ចាស់ស្រុក ដែល​បណ្តាល​ឲ្យ​ចំនួន​សមាជិក​នៃសហគមន៍​ជនជាតិដើម​មានការ​ថយចុះ​ជាគំហុក។ ភាគច្រើននៃសមាជិកជនជាតិដើមម្ចាស់ស្រុកនៃតំបន់ ម៉ាដ្រេ ដេ​ ឌីអូស បដិសេធ​មិនធ្វើការ​ឲ្យចម្ការកៅស៊ូ​របស់​ជនបរទេស និងបាន​សម្រេចចិត្ត​លាក់ខ្លួន​នៅក្នុង​ព្រៃជ្រៅ​និងនៅ​តំបន់​ក្បែរ​ប្រភព​ទឹក​នៃទន្លេ។ មួយចំនួនទៀតបានរស់នៅក្នុងភាពឯកោ មិនទាក់ទង​ជាមួយ​សង្គម​ខាងក្រៅ រហូតដល់បច្ចុប្បន្ននេះ ឧទាហរណ៍ដូចជា ជនជាតិ ម៉ាសកូ ពីរ៉ូ (Mashco Piro)។ ​

ក្នុងអំឡុងពេលជាមួយគ្នានោះ ក្រុមផ្សព្វផ្សាយសាសនាអេស្ប៉ាញ​ក៏បាន​ធ្វើដំណើរ​ទៅដល់​តំបន់ ម៉ាដ្រេ ដេ​ ឌីអូស ហើយ​ជារឿយៗ​បានរួមដៃគ្នា​ជាមួយ​ក្រុមហ៊ុន​បរទេស ដើម្បី​ត្រួតត្រា​សហគមន៍​ជនជាតិដើម​ម្ចាស់ស្រុក បង្ខំឲ្យ​ចូលសាសនា​របស់ខ្លួន និង​ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​អាជីវកម្ម​អណ្តូងរ៉ែមាស​នៅក្នុង​តំបន់។ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ អង្គការ SIL International បានមកដល់តំបន់ ម៉ាដ្រេ ដេ ឌីអូស និងបាន​បង្កើត​សាលា​បង្រៀន​ភាសា ដែលជា​មធ្យោបាយ​ក្នុងការ​លុបបំបាត់​ភាសា​កំណើត​របស់​ជនជាតិដើម​ម្ចាស់ស្រុក។

នៅសតវត្សរ៍ទី២០ អាជីវកម្មខួងយកប្រេងនិងហ្គាស បានចាប់ផ្តើមកើតឡើងនៅតំបន់ ម៉ាដ្រេ ដេ ឌីអូស។ មិនខុសពីអណ្តូងរ៉ែមាសប៉ុន្មានទេ អណ្តូងប្រេងនៅតែបន្តជាការគំរាមកំហែងនៅក្នុងតំបន់។

មើលពីអវកាស អណ្តូងរ៉ែមាសនៅក្បែរទន្លេ អ៊ីណាំបារី (Inambari) នៃតំបន់ ម៉ាដ្រេ ដេ ឌីអូស រូបថតដោយៈ អង្គការណាសា ខែធ្នូ ឆ្នាំ២០២០

ហេតុអ្វីបានជាសហគមន៍ជនជាតិដើមម្ចាស់ស្រុកចង់បង្កើតតំបន់អភិរក្ស

អំឡុងពេលដំណើរការឯកសារកម្មសិទ្ធិដីធ្លី នៅក្នុងតំបន់ ម៉ាដ្រេ ដេ ឌីអូស នៅទសវត្សរ៍ឆ្នាំ១៩៧០ កម្មសិទ្ធិដី​ត្រូវបាន​ផ្តល់ជូន​តែចំពោះ​ទីតាំង​ដែល​សហគមន៍​ម្ចាស់ស្រុក​តាំងពីលំនៅ​តែប៉ុណ្ណោះ ពុំរាប់​បញ្ចូល​ទីតាំង​បុព្វបុរស​ឡើយ។ ការណ៍នេះមិនត្រឹមតែមិនបានការពារទឹកដីរបស់សហគមន៍ម្ចាស់ស្រុកទេ ប៉ុន្តែ​វាដូចជា​ការបើកដៃ​ឲ្យអាជីវកម្ម​អណ្តូងរ៉ែ អាជីវកម្មព្រៃឈើ និងម្ចាស់កសិដ្ឋានគោ ចូលឈ្លានពាន​ទឹកដីបុព្វបុរស​របស់​សហគមន៍​ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា។ ​

ឆ្លើយតបនឹងសម្ពាធដ៏តឹងតែង នៅទសវត្សរ៍ឆ្នាំ ១៩៨០ សហគមន៍​ជនជាតិដើម​ម្ចាស់ស្រុក​បាន​បង្កើត​សម្ព័ន្ធមិត្ត​មួយ​ដែល​មានការ​ចូលរួម​ពី​សហគមន៍​ជនជាតិ​ម្ចាស់ស្រុក​ផ្សេងៗគ្នា ឈ្មោះថា Federación Nativa del Río Madre de Dios y Afluentes (ឬហៅកាត់ថា FENAMAD) ដើម្បី​អភិរក្ស​និង​ការពារ​ទឹកដី​បុព្វបុរស​របស់​ជនជាតិ ហារ៉ាប៊ូត។​បន្ទាប់ពីបង្កើតបានភ្លាមៗ FENAMAD បានស្នើសុំឲ្យរដ្ឋាភិបាលប៉េរូ​បង្កើត​តំបន់​អភិរក្ស​សហគមន៍ អាម៉ារ៉ាកេរី (Amarakaeri Communal Reserve) ហៅកាត់ថា RCA។ បន្ទាប់ពីរយៈពេល ១៨ឆ្នាំ នៃកិច្ចខិតខំប្រឹងប្រែងដ៏ស្វិតស្វាញ ដាក់ញត្តិរាប់មិនអស់ និង​ការ​យល់ព្រម​កាត់ដី​មួយផ្នែក​ឲ្យទៅ​ក្រុមហ៊ុន​អណ្តូងរ៉ែ ផ្នែកមួយ​នៃ​ទឹកដី​បុព្វបុរស​ត្រូវបាន​ទទួលស្គាល់​ជាតំបន់​អភិរក្ស​ធម្មជាតិ ដែល​មាន​ឈ្មោះ​ថា តំបន់​អភិរក្ស​សហគមន៍ អាម៉ារ៉ាកេរី (Amarakaeri Communal Reserve)។

សហគមន៍ ស្ស៊ីនទូយ៉ា (Shintuya) រូបថតដោយៈ ECA Amararakeri
រូបភាពទី៥ៈ តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ត្រូវបាន​ចាត់បញ្ចូល​ទៅក្នុង​បញ្ជីបៃតង​របស់​អង្គការ IUCN ថាជា​តំបន់​ដែល​មាន​ការ​អភិរក្ស​កម្រិតខ្ពស់។ រូបថតដោយៈ ECA Amarakaeri

តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី នាពេលបច្ចុប្បន្ន

តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី គ្របដណ្តប់ផ្ទៃដីចំនួន ៤០២ ៣៣៥. ៦២ ហិចតា នៃទឹកដី​បុព្វបុរស​របស់​ជនជាតិ ហារ៉ាប៊ូត ជនជាតិ យីន និងជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា និង​ជាតំបន់​ដែលមាន​ជីវៈចម្រុះ​ច្រើនបំផុត​ក្នុង​ពិភពលោក។ តំបន់អភិរក្សនេះការពារប្រភពទឹកនៃទន្លេ អ៊ីអូរី ម៉ាដ្រេ ដេ ឌីអូស (Eori/Madre de Dios) និងទន្លេ កានេរេ កូឡូរ៉ាដូ (Kanere/Colorado) រក្សាលំនឹង​បរិស្ថាន និង​ធានា​ដល់ការ​រស់នៅ​របស់​សហគមន៍​ជនជាតិដើម​ម្ចាស់ស្រុក​នៅក្នុង​តំបន់នេះ។ ​

តំបន់អភិរក្សនេះ ត្រូវបានគ្រប់គ្រងរួមគ្នា​ដោយ​សហគមន៍​ជនជាតិដើម​ម្ចាស់ស្រុក និងរដ្ឋាភិបាលប៉េរូ តាមយន្តការ​ពិសេស​មួយ។ យន្តការនេះត្រូវបានហៅថា សហ-គ្រប់គ្រង ដែល​ភាគី​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​ដើម្បី​គោលដៅ​រួមមួយ គឺអភិរក្ស​តំបន់នេះ និង​បង្កើន​ឱកាស​នៃការ​មាន “Vida Plena” (ជីវិត​ដែល​ពេញលេញ) សម្រាប់​សហគមន៍​ជាដៃគូ។ ​

នៅឆ្នាំ ២០០៦ អគ្គលេខាធិការដ្ឋានគ្រប់គ្រង អាម៉ារ៉ាកេរី (Executor of the Administrative Contract of Amarakaeri) ដែលហៅកាត់ថា ECA Amarakaeri ត្រូវបានបង្កើតឡើង ចូលរួមដោយ​តំណាង​សហគមន៍​ចំនួន ១០ នៃ​ជនជាតិដើម ហារ៉ាប៊ូត ជនជាតិដើម យីន និងជនជាតិដើម ម៉ាត់ស៊ីហ្គ្វិនកា ដែលរស់នៅ​ក្នុង​តំបន់​អភិរក្ស ក្នុងនោះ​រួមបញ្ចូល​ទាំង​តំណាង​អង្គការ FENAMAD និង COHARYIMA។ ចាប់ពីពេលនោះមក តំបន់​អភិរក្ស​ត្រូវបាន​គ្រប់គ្រង​រួមគ្នា​ដោយ​សហគមន៍​ទាំង១០នេះ​និង​រដ្ឋាភិបាលប៉េរូ​ដែល​តំណាង​ដោយ National Service of Protected Areas (ហៅកាត់តា SERNANP)។ ជាងនេះទៅទៀត តំបន់អភិរក្សសហគមន៍ទាំងអស់នៅក្នុងប្រទេសប៉េរូ បានទទួល​ការគាំទ្រ​ពី​អង្គការ​ថ្នាក់ជាតិ​ដែល​ហៅកាត់​ថា ANECAP។

តាមរយៈយន្តការសហ-គ្រប់គ្រងនេះ ឆ្មាំរបស់សហគមន៍ ឆ្មាំព្រៃ និងអ្នកបច្ចេកទេសមកពីអង្គការទាំងពីរ បាន​យាមល្បាត​ក្នុង​តំបន់​ជាមួយគ្នា​អស់រយៈពេល​ជាង​ពីរទសវត្សរ៍​មកហើយ។

Luis Tayori គឺជាអ្នកដឹកនាំម្នាក់នៃ ECA Amarakaeri និងជាអ្នកដឹកនាំរបស់អង្គការ del area de Vigilancia។ រូបថតដោយៈ ECA Amarakaeri

Luis Tayori គឺជាអ្នកដឹកនាំម្នាក់នៃ ECA Amarakaeri និងជាអ្នកដឹកនាំរបស់អង្គការ del area de Vigilancia។ រូបថតដោយៈ ECA Amarakaeri

ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ និង​ប្រវត្តិសាស្រ្ត​ដ៏​យូរអង្វែង​នៃ​សកម្មភាព​របស់​សហគមន៍​ជនជាតិដើម​ម្ចាស់ស្រុក​ក្នុង​កិច្ច​ការពារ​ទឹកដី​របស់​ពួកគេ តំបន់អភិរក្ស​ទទួលបាន​ចំណាត់ថ្នាក់​ជាតំបន់​ដែល​មាន​ការអភិរក្ស​ខ្ពស់បំផុត​ក្នុង​ពិភពលោក ដោយទិន្នន័យនៅខែមីនា ឆ្នាំ ២០២១ បង្ហាញថា ៩៨. ៥៥ ភាគរយ នៃទឹកដី​ត្រូវបាន​អភិរក្ស​យ៉ាងល្អ។ ​

បើទោះជាតំបន់អភិរក្ស អាម៉ារ៉ាកេរី ត្រូវបានទទួលស្គាល់ជាផ្លូវការ ថាជា​តំបន់​ដែល​ទទួលបាន​ការការពារ ហើយបើ​ទោះជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ ECA Amarakaeri និង SERNANP យ៉ាងណាក៏ដោយ ក៏តំបន់​អភិរក្ស​សហគមន៍ អាម៉ារ៉ាកេរី នៅតែ​ប្រឈម​នឹង​សម្ពាធ​និង​ការ​គំរាមកំហែង​ពី​អាជីវកម្ម​អណ្តូងរ៉ែ ការកាប់ព្រៃ​ខុសច្បាប់ សំណង់ផ្លូវថ្នល់ ការនេសាទត្រី​ក្នុងទ្រង់ទ្រាយធំ ការរំលោភយកដី និង​សកម្មភាព​ខុសច្បាប់​ដទៃទៀត។ ករណីជាឧទាហរណ៍មួយ រដ្ឋាភិបាលបានចេញលិខិតអនុញ្ញាត (Lote 76) ឲ្យក្រុមហ៊ុនប្រេង​របស់​អាមេរិក​ឈ្មោះ Hunt Oil ធ្វើអាជីវកម្ម​នៅលើ​ដី​មួយផ្នែកធំ​របស់​តំបន់​អភិរក្ស។ (បន្ទាប់ពីបើកប្រតិបត្តិការរុករកនៅក្នុងតំបន់ ក្រុមហ៊ុន Hunt Oil បានសម្រេចចិត្តដកថយវិញ ដោយសារ​កត្តា​មួយចំនួន​ដូចជា មាន​ពាក្យបណ្តឹង​ចំនួនពីរ​ដែល​ប្តឹង​ដោយ​សហគមន៍​ជនជាតិដើម​ម្ចាស់ស្រុក ព្រមទាំង​បញ្ហា​កុងត្រា​និង​បញ្ហា​ទីផ្សារ​ជាដើម។)

សកម្មភាពរបស់ក្រុមហ៊ុន Hunt Oil បានបង្ករឲ្យមានបញ្ហាជាច្រើននៅ អាម៉ារ៉ាកេរី។ រូបថតដោយៈ Fermín Chimatani - Amarakaeri Communal Reserve

ក្រុមការងារសហ-គ្រប់គ្រងនៃតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ក៏បានអនុវត្ត​សំណើ​គម្រោង​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ ឈ្មោះ Amazonian Indigenous REDD + (RIA) ដែលបាន​ជួយ​សហគមន៍​ក្នុងការ​ចូលរួម​ធ្វើសកម្មភាព​ជាមួយ nationally determined contributions (ហៅកាត់ថា NDC) តាមរយៈ​សកម្មភាព​ដំណោះស្រាយ​បែប​ធម្មជាតិ។ ការចូលរួមចំណែកនេះជាការបង្ហាញអំពី ការសម្របខ្លួន ការកាត់បន្ថយ និងភាពធន់ នៃផល​ប៉ះពាល់​ដែល​បណ្តាល​មកពី​បម្រែបម្រួល​អាកាសធាតុ។

កម្មវិធីឃ្លាំមើលនៃ អាម៉ារ៉ាកេរី - ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា

ជាមួយនឹងការបង្កើតតំបន់អភិរក្ស គម្រោង​ឃ្លាំមើល​ក៏ត្រូវបាន​បង្កើតឡើង​ដើម្បី​ឃ្លាំមើល​ការគំរាមកំហែង​និង​សម្ពាធនានា​នៅក្នុង​តំបន់​អភិរក្ស​និង​តំបន់ព្រំប្រទល់ ដោយ​មានការ​ចូលរួម​សហការ​ពី​ឆ្មាំសហគមន៍ ឆ្នាំព្រៃ និងអ្នកបច្ចេកទេស។ ​

មុខដំបូង ពួកគេប្រើប្រាស់ឧបករណ៍ងាយៗ ដូចជា ក្រដាសនិងខ្មៅដៃ ក៏ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេក៏ប្រើប្រាស់​ឧបករណ៍​ឌីជីថល​និង​ឧបករណ៍​ទំនើបៗ​ផ្សេងទៀត​ដូចជា កម្មវិធីទូរស័ព្ទវៃឆ្លាត និងដ្រូន ដើម្បី​បង្កើន​ប្រសិទ្ធិភាព​នៃ​សកម្មភាព​ល្បាត។ 

ឆ្មាំសហគមន៍និងឆ្មាំព្រៃរបស់ SERNANP ប្រើប្រាស់ដ្រូនដើម្បីឃ្លាំមើលតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី។ រូបថតដោយៈ ECA Amarakaeri

ខណៈដែលការគំរាមកំហែងនិងសម្ពាធមកលើតំបន់អភិរក្សមានការកើនឡើង SERNANP និង ECA Amarakaeri បានបង្កើត​យុទ្ធសាស្ត្រ​ក្នុងការ​ល្បាត​និង​ឃ្លាំមើល​តំបន់​អភិរក្ស ដោយ​មានការ​ចូលរួម​ពី​សហគមន៍​និង​អង្គការ​ជាដៃគូ។ យុទ្ធសាស្រ្តទាំងនេះរួមបញ្ចូលទាំងការ​ប្រើប្រាស់​ឧបករណ៍​និងបច្ចេកវិទ្យា​ទំនើបៗ និង​កិច្ច​សហការ​ជាមួយ​ស្ថាប័ន​ដទៃទៀត។ ការប្រើប្រាស់បច្ចេកវិទ្យា​កើតចេញ​ពី​តម្រូវការ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ចំណេះដឹង​បែប​ប្រពៃណី​និង​ចំណេះដឹង​បែប​វិទ្យាសាស្រ្ត។ ដោយសារមូលហេតុនេះ ពួកគេ​បាន​សម្រេចចិត្ត​ស្វែងរក​ឧបករណ៍​ទំនើប​ដែល​អាចជា​ជំនួយ​ដល់​សកម្មភាព​ឃ្លាំមើលនេះ។

បន្ទាប់ពីបានសាកល្បងកម្មវិធីឃ្លាំមើលជាច្រើនប្រភេទរួចមក នៅឆ្នាំ ២០១៨ ECA Amarakaeri និង SERNANP សម្រេចចិត្តសាកល្បងកម្មវិធី ម៉ាពីអូ (Mapeo) នៅក្នុង​កម្មវិធី​ឃ្លាំមើល​របស់​តំបន់​អភិរក្ស​សហគមន៍ អាម៉ារ៉ាកេរី។

កម្មវិធី ម៉ាពីអូ ត្រូវបានជ្រើសរើសដោយសារតែវាងាយស្រួលក្នុងការទាញយក និង​អាច​ប្រើបាន​ជាមួយ​ទូរស័ព្ទ​ឆ្លាតវៃ និង​ដោយសារ​វាអាច​ដំណើរការ​ដោយមិនចាំបាច់​មាន​អ៊ីនធឺនែត។ ជាងនេះទៅទៀត Indigenous Peoples និង SERNANP បាន​ចូលរួម​នៅក្នុង​ដំណើរការ​រចនា​កម្មវិធីនេះ ដូច្នេះហើយ ទើប​កម្មវិធីនេះ​មាន​មុខងារ​ប្រើប្រាស់​សមស្រប​ទៅនឹង​តម្រូវការ​របស់​សហគមន៍។ ​ម៉ាពីអូ ផ្តល់ឱកាស​ឲ្យ​ក្រុមការងារ​ឃ្លាំមើល​អាចផ្លាស់ប្តូរ​របៀប​ធ្វើការ​ពីការ​សរសេរ​របាយការណ៍​លើក្រដាស​មកជា​ការផលិត​របាយការណ៍​បែប​ឌីជីថល និង​អនុញ្ញាត​ឲ្យពួកគេ​អាច​បញ្ជូន​សញ្ញាអាសន្ន​តាមប្រព័ន្ធ Whatsapp និង​សារអេឡិកត្រូនិក email ទាន់ពេលវេលា (នៅពេលណា​ដែលមាន​សេវាអ៊ីនធឺនែត)។

ការតម្រង់ទិសក្នុងដំណាក់កាលទីមួយនៃកម្មវិធី ម៉ាពីអូ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ ដែលត្រូវការ​ប្រើប្រាស់​កម្មវិធីនេះ​សម្រាប់​ការងារ​ឃ្លាំមើល (រូបទី១) និង​បង្កើត​ផែនទី​ដែល​អាច​ដំណើរការ​ដោយ​ពុំត្រូវការ​អ៊ីនធឺនែត។ ជំហានសំខាន់មួយទៀត​គឺការ​បង្កើន​សមត្ថភាព​បច្ចេកវិទ្យា​របស់​អ្នកបច្ចេកទេស​មកពី ECA Amarakaeri និង SERNANP តាម​រយៈ​បទពិសោធន៍​នៃការ​ប្រើប្រាស់​កម្មវិធី ម៉ាពីអូ។

បច្ចុប្បន្ននេះ ទាំង ECA Amarakaeri ទាំង SERNANP ប្រើប្រាស់កម្មវិធី ម៉ាពីអូ ចល័ត នៅលើទូរស័ព្ទដៃ ដើម្បី​ឃ្លាំមើល​តំបន់​អភិរក្ស និង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ដោយផ្ទាល់​ពីទីកន្លែង ដោយ​ពុំត្រូវការ​អ៊ីនធឺន័ត។ កម្មវិធី ម៉ាពីអូ សម្រាប់កុំព្យូទ័រលើតុ (Mapeo Desktop) ត្រូវបាន​ប្រើប្រាស់​ជា​ឃ្លាំងផ្ទុកព័ត៌មាន​ទាំងអស់ និង​សម្រាប់​មើលនិង​វិភាគ​ទិន្នន័យ​ព័ត៌មាន។

ឆ្នាំសហគមន៍និងឆ្មាំព្រៃរបស់ SERNANP ប្រើប្រាស់កម្មវិធី ម៉ាពីអូ ដើម្បីឃ្លាំមើលតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី។ រូបថតដោយៈ Amarakaeri Communal Reserve

កិច្ចសហការប្រកបដោយការច្នៃប្រឌិតរបស់ អ៊ី ស៊ី អេ អាម៉ារ៉ាកេរី ត្រូវបានទទួលស្គាល់នៅក្នុង ពានរង្វាន់ អេក្វាទ័រ ឆ្នាំ២០១៩ (Equator Prize in 2019) ហើយតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជីបៃតងរបស់ IUCN (IUCN Green List) សម្រាប់​ជោគជ័យ​ដែល​សហគមន៍​សម្រេច​បាន និង​លក្ខណៈពិសេស​នៃ​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់តំបន់។

សកម្មភាពផ្សេងទៀត

ក្នុងអំឡុងពេលជិត ២០ឆ្នាំ នៃការកកើត តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ECA Amarakaeri និង SERNANP បានធ្វើ​សកម្មភាព​ជាច្រើនទៀត​ដើម្បី​អភិរក្ស​និង​ការពារ​ទឹកដី​ដូនតា និង “ជីវិតពេញលេញ” របស់ពួកគេ។ ​

ក្នុងនោះ សកម្មភាព​មួយចំនួន​គឺជា​សកម្មភាព​ផ្លូវច្បាប់​ដែល​កើតចេញពី​ចំណេះដឹង​និង​ភ័ស្តុតាង​ដែល​ប្រមូលបាន​ក្នុង​អំឡុងពេល​ល្បាត។ ការណ៍នេះ​បង្ហាញ​អំពី​សារៈសំខាន់​នៃ​កិច្ចសហការ​​របស់​ឆ្មាំសហគមន៍ ឆ្នាំព្រៃ និងអ្នកបច្ចេកទេស។

សកម្មភាពដទៃទៀត កើតចេញពីបុព្វហេតុផ្សេងៗគ្នា។ ហេតុការណ៍ដ៏គួរឲ្យកត់សម្គាល់មួយគឺការរកឃើញ Harakbut Face (ផ្ទាំងថ្ម​ដ៏ធំ​មហិមា​មានសណ្ឋាន​ដូចជា​ផ្ទៃមុខ​មនុស្ស ដែលមាន​នៅក្នុង​ព្រេងកថា​របស់​ជនជាតិដើម ហារ៉ាប៊ូត ដែលបាន​និទាន​តៗគ្នា​ជាច្រើន​ជំនាន់ ប៉ុន្តែ​ពុំមាន​នរណាម្នាក់​ដឹងអំពី​ទីតាំង​របស់​ផ្ទាំងថ្មនោះ)។ ផ្ទាំងថ្មនោះ​ត្រូវបាន​រកឃើញ​ដោយ ECA Amarakaeri។ ការរកឃើញផ្ទាំងថ្មនេះ កើតឡើងនៅឆ្នាំ ២០១៣ ខណៈដែលក្រុមហ៊ុនអណ្តូងប្រេងអាមេរិក Hunt oil ធ្វើសកម្មភាព​រុករក​បន្ទាប់ពី​បាន​ទទួល​អជ្ញាប័ណ្ណ​អាជីវកម្ម​នៅក្នុង​តំបន់​អភិរក្ស។ របកគំហើញនេះ បានផ្តល់ឲ្យសហគមន៍នូវភ័ស្តុតាងថ្មីមួយទៀត ដែលបញ្ជាក់ថា សហគមន៍​គឺជាម្ចាស់​ទឹកដីនេះ​តាំងពីច្រើន​សតវត្សរ៍​មកហើយ។ នេះជា​កម្លាំង​បន្ថែម​របស់​សហគមន៍​ជនជាតិដើម​សម្រាប់ការ​តតាំង​ជាមួយ​ក្រុមហ៊ុន​ផលិតប្រេង។

ផ្ទាំងថ្ម Harakbut face ដែលរកឃើញដោយ ECA Amarakaeri នៅឆ្នាំ ២០១៣។ រូបថតដោយ: ECA Amarakaeri.

យើងសូមថ្លែងអំណរគុណដល់ ECA Amarakaeri និង​សហគមន៍​ជនជាតិ ហារ៉ាប៊ូត សហគមន៍ជនជាតិ យីន និងសហគមន៍ជនជាតិ ម៉ាត់ស៊ីហ្គ្វិនកា ដែលបាន​អនុញ្ញាត​ឲ្យយើង​ចែករំលែក​រឿងរ៉ាវ​និង​រូបថត​នៅក្នុង​ករណី​សិក្សានេះ។

ដំណើរការឃ្លាំមើលរបស់ អាម៉ារ៉ាកេរី

រហូតដល់ឆ្នាំ ២០២១ ឆ្មាំព្រៃទាំង ១៤រូប និងឆ្មាំសហគមន៍ទាំង ២៨រូប ដែលមកពីសហគមន៍ចំនួន ១០ ក៏ដូចជាថ្នាក់ដឹកនាំនិងអ្នកបច្ចេកទេសរបស់ ECA Amarakaeri និង SERNANP បាននិង​កំពុង​ប្រើប្រាស់​កម្មវិធី ម៉ាពីអូ ក្នុងពេល​ដើរល្បាត​និង​ឃ្លាំមើល។

ធាតុផ្សំ

កត្តាមនុស្ស: ដំណើរការឃ្លាំមើលនេះ​គឺជា​កិច្ចការ​ដែល​ធ្វើបន្ត​ពីការឃ្លាំមើល​បែបប្រពៃណី​របស់​សហគមន៍​ជនជាតិដើម ហារ៉ាប៊ូត សហគមន៍ជនជាតិដើម យីន និងសហគមន៍ជនជាតិដើម ម៉ាត់ស៊ីហ្គ្វិនកា បាន​អនុវត្ត​អស់​រយៈកាល​រាប់សតវត្សរ៍​មកហើយ ដើម្បី​ការពារ​និង​អភិរក្ស​ទឹកដី​បុព្វបុរស​និងថែរក្សា “ជីវិតពេញលេញ” របស់ពួកគេ។ ចាប់តាំងពីមានការបង្កើត តំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី ឆ្មាំព្រៃនិងអ្នកបច្ចេកទេសមកពី SERNANP បាន​ពួតដៃគ្នា​ជាមួយ​សហគមន៍​ជនជាតិដើម​ម្ចាស់ស្រុក ដើម្បី​រក្សា​តំបន់​ដ៏ពិសេសនេះ​ឲ្យនៅតែ​មាន​សម្រស់​ស្រស់ត្រកាល​និង​មាន​សេចក្តីសុខ​សុវត្ថិភាព។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិដើមនិងរដ្ឋាភិបាលប៉េរូ ធ្វើការ​រួមគ្នា​ដើម្បី​ល្បាត​និង​ឃ្លាំមើល​តំបន់​អភិរក្ស​និង​តំបន់ជុំវិញ រួមទាំង​តំបន់​តាំងពី​លំនៅ​របស់​សមាជិក​សហគមន៍​ផងដែរ។

គុណតម្លៃ: គម្រោងនេះមានគុណតម្លៃជាច្រើនដែលនាំដល់ចំណុចជោគជ័យរបស់វា។ គុណតម្លៃមួយក្នុងចំណោមនោះគឺ កិច្ចសហការដោយផ្ទាល់និងបន្តមិនដាច់ រវាង​សហគមន៍​ជនជាតិដើម​និង SERNANP (ក៏ដូចជា​ជាមួយនឹង​អង្គការ​ដទៃទៀត​ដែលបាន​ផ្តល់ការ​គាំទ្រ)។ ភាគីទាំងពីររួមគ្នាបំពេញតួនាទីដែលមិនអាចខ្វះបាន នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការគ្រប់គ្រង​រួមគ្នា​ទៅលើ​តំបន់​អភិរក្ស បំពេញភារកិច្ច​និង​តួនាទី​ទៅតាម​គោលការណ៍​បីៈ ទំនុកចិត្ត អន្តរវប្បធម៌ និងតម្លាភាព។ ការគោរពនិងឲ្យតម្លៃទៅលើវប្បធម៌និងចំណេះដឹងបន្តពីដូនតារបស់សហគមន៍ គឺជា​កូនសោរ​នៃ​ជោគជ័យ​របស់​គម្រោងនេះ។ គុណតម្លៃមួយទៀតគឺ ឆន្ទៈនិងស្វ័យភាពរបស់សហគមន៍ ក្នុងការសម្រេច​ថាតើ​ព័ត៌មាន​ណា​គួរប្រមូល និងព័ត៌មានណា​គួរ​ចែករំលែក​ជាមួយ​រដ្ឋាភិបាលប៉េរូ​និង​ភាគី​ដទៃទៀត។ 

អ្នកបច្ចេកទេសមកពី ECA Amarakaeri និង SERNANP វិភាគ​ភ័ស្តុតាង​ដែល​ប្រមូលបាន ដោយប្រើ​កម្មវិធី ម៉ាពីអូ។ រូបថតដោយៈ ECA Amarakaeri
បច្ចេកវិទ្យា

  • ទូរស័ព្ទឆ្លាតវៃ ដែលបានតម្លើងកម្មវិធី ម៉ាពីអូ ចល័ត (Mapeo Mobile) រួចរាល់។ ទាំងឆ្មាំសហគមន៍ ទាំងឆ្នាំព្រៃ និង​អ្នកបច្ចេកទេស​របស់ SERNANP ម្នាក់ៗ​សុទ្ធតែ​មាន​ទូរស័ព្ទ​ឆ្លាតវៃ​ក្នុងដៃ (ភាគច្រើនជាទូរស័ព្ទម៉ូដែល Blackview និង Samsung)។
  • កុំព្យូទ័រយួរដៃដែលបានតម្លើងកម្មវិធី ម៉ាពីអូ ដេសថប (Mapeo Desktop) រួចរាល់។ អ្នកសម្របសម្រួល​បច្ចេកទេស​​ប្រើប្រាស់​កុំព្យូរទ័រ​យួរដៃ​ដើម្បី​ទុកដាក់​និង​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន​ដែល​ប្រមូល​បាន​តាមរយៈ Mapeo Mobile (ភាគច្រើនគឺជាកុំព្យូទ័រម៉ូដែល Asus ZenBook Ultra-Slim Laptop)។
  • ឧបករណ៍ GPS សម្រាប់កាន់នឹងដៃ (Garmin eTrex)
  • ដ្រូន
  • GIS និង cartography software: Mapeo Desktop, QGIS, Mapbox Studio
  • ម៉ាស៊ីនបញ្ចាំងរូបភាព ទំហំតូច - ស្រាល អាចយួរដៃបាន សម្រាប់ការងារបណ្តុះបណ្តាល
ធនធានសម្រាប់ការធ្វើដំណើរនិងសម្រាប់រៀបចំសិក្ខាសាលា
  • ទូក ម៉ូតូ យានជំនិះដែលអាចបើកបរនៅក្នុងព្រៃក្រាស់បាន ប្រេងឥន្ធនៈ និងស្បៀង
  • សម្ភារៈប្រើប្រាស់សម្រាប់ករណីអាសន្ន ដូចជាៈ សម្ភារៈសម្រាប់សង្គ្រោះបន្ទាន់ រួមទាំងថ្នាំកម្ចាត់ពិសពស់ និងទូរស័ព្ទសាតាឡៃ (Satellite phone)
  • សម្ភារៈសម្រាប់ការដើរ ដូចជា ស្បែកជើងកវែង សាក់កាដូ និងអាវភ្លៀង ជាដើម
  • ក្រដាសមេរៀនអំពីកម្មវិធី ម៉ាពីអូ
  • ឯកសារ ម៉ាពីអូ (Mapeo files: Installation, configuration and base map files)

គិតមកដលើត្រឹមខែមិថុនា ឆ្នាំ ២០២១ ECA Amarakaeri និង SERNANP បានប្រើប្រាស់កម្មវិធី ម៉ាពីអូ ដើម្បីចងក្រងបានជាង ១៥០ បំណែក​ភ័ស្តុតាង​នៃការ​ខូចខាត​បរិស្ថាន​ដែល​បង្ក​រដោយ​ការជីកយករ៉ែ ការធ្វើចម្ការ ការកាប់ព្រៃឈើ និង​សកម្មភាព​ខុសច្បាប់ដទៃទៀត។ ចាប់ពីឆ្នាំ ២០១៨ ដល់ខែមេសា​ ឆ្នាំ២០២១ ក្បាលម៉ាស៊ីន​គ្រប់គ្រង​នៃតំបន់​អភិរក្ស​បានធ្វើ​សកម្មភាពធំៗជាង ៣០ដង ក្នុងនោះរួមមាន ការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល ការដាក់ទណ្ឌកម្មផ្នែកច្បាប់ និង​ការ​បណ្តេញ​ចេញ​ពីតំបន់​អភិរក្ស​សហគមន៍​ អាម៉ារ៉ាកេរី និងតំបន់ជុំវិញ។ ជាងនេះទៅទៀត ក៏មានការជួយជ្រោមជ្រែងពីសំណាក់​ភ្នាក់ងារ​និង​ស្វាប័ន​រដ្ឋបាល​សាធារណៈ​មួយចំនួន ដូចជា ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស​សម្រាប់​បរិស្ថាន នៃប្រទេសប៉េរូ (Peruvian Special Environmental Prosecutor's Office - ហៅកាត់ថា FEMA)។

ការអនុវត្តកម្មវិធី ម៉ាពីអូ នៅតំបន់អភិរក្សសហគមន៍ អាម៉ារ៉ាកេរី

ការព្រមព្រៀងពីសហគមន៍: ECA Amarakaeri និង SERNANP បានជួប​ជាមួយ​ក្រុមការងារ Digital Democracy (Dd) នៅឆ្នាំ ២០១៨ ក្នុង​ក្របខ័ណ្ឌ​គម្រោង All Eyes in the Amazon ដើម្បី​ពិភាក្សា​អំពី​ការប្រើប្រាស់​កម្មវិធី ម៉ាពីអូ សម្រាប់​គម្រោង​ឃ្លាំមើល​និង​ការពារ​តំបន់​អភិរក្ស​សហគមន៍ អាម៉ារ៉ាកេរី។

កែសម្រួលកម្មវិធី Mapeo ឲ្យសមស្រប​ទៅនឹង​តម្រូវការ​របស់​សហគមន៍: បន្ទាប់ពី​ជំនួបប្រជុំ​ជាច្រើនដង រវាង Dd និង ECA Amarakaeri ដើម្បី​ស្វែងយល់​អំពី​កម្មវិធី ម៉ាពីអូ និង​អំពី​តម្រូវការ​របស់ ECA Amarakaeri ក្រុមអ្នកសរសេរ​កម្មវិធី​ក៏បាន​កែសម្រួល​កម្មវិធី ម៉ាពីអូ ដើម្បី​ឲ្យសមស្រប​ទៅនឹង​ការចង់បាន​របស់​សហគមន៍។

ការបណ្តុះបណ្តាល: ថ្នាក់ដឹកនាំនិងអ្នកបច្ចេកទេសរបស់ ECA Amarakaeri និង SERNANP បានទទួលការ​បណ្តុះបណ្តាល​អំពី​កម្មវិធី ម៉ាពីអូ ហើយ​មួយចំនួន​ក្នុង​ចំណោម​អ្នកទាំងនោះ បាន​ក្លាយជា​អ្នកបណ្តុះបណ្តាល និងបាន​បន្ត​បណ្តុះបណ្តាល​ឆ្មាំសហគមន៍​ចំនួន ២៤រូប និងឆ្នាំព្រៃចំនួន ១៤រូប។ បច្ចុប្បន្ន ឆ្មាំទាំងនោះ​ប្រើប្រាស់​កម្មវិធី ម៉ាពីអូ សម្រាប់​​ដើរល្បាត​នៅក្នុង​តំបន់​អភិរក្ស​និង​តំបន់​ជុំវិញ។

វិវឌ្ឍន៍នៃកម្មវិធី ម៉ាពីអូ: ECA Amarakaeri និង SERNANP បានធ្វើតេស្តកម្មវិធី ម៉ាពីអូ ជាច្រើនដង​និងជា​បន្តបន្ទាប់ និងបាន​ផ្តល់យោបល់​ដល់​ក្រុមការងារ អំពី​ចំណុច​ដែល​ត្រូវ​បន្ថែម ឬ​ចំណុច​ដែល​ត្រូវ​កែសម្រួល។ ក្រុមការងារសរសេរកម្មវិធីរបស់ Dd បន្តកែសម្រួល​និង​បន្ថែម​មុខងារ​រហូត​ដល់​សម្រេច​បានជា​កម្មវិធី​សាកល្បង ដែល ECA Amarakaeri និង SERNANP បានប្រើ​សាកល្បង។ បទពិសោធន៍និងអនុសាសន៍របស់ Eca Amarakaeri និង Sernanp បានជួយដល់ក្រុមការងារ Dd ក្នុងការ​បន្ត​កែសម្រួល​និង​អភិវឌ្ឍ​កម្មវិធីនេះ។

ទិន្នន័យដែលប្រមូលបាន: ឆ្មាំសហគមន៍ ឆ្មាំព្រៃ និងអ្នកបច្ចេកទេស ប្រើប្រាស់កម្មវិធី ម៉ាពីអូ ចល័ត (Mapeo Mobile) នៅក្នុង​ទូរស័ព្ទ​ឆ្លាតវៃ​របស់​ពួកគេ ដើម្បី​ប្រមូល​ទិន្នន័យ​ព័ត៌មាន ក្នុង​អំឡុងពេល​ដើរល្បាត​នៅក្នុង​តំបន់​អភិរក្ស អាម៉ារ៉ាកេរី និង​តំបន់​ជុំវិញ។ សារបន្ទាន់ត្រូវបានផ្ញើតាមប្រព័ន្ធ WhatsApp និង email នៅពេលណា​ដែល​ត្រូវការ​ទាក់ទងភ្លាមៗ​ជាមួយ​ក្រុមការងារ​គម្រោង​ឃ្លាំមើល​នៃតំបន់​អភិរក្ស​សហគមន៍ អាម៉ារ៉ាកេរី។ ​

ការគ្រប់គ្រងទិន្នន័យ: អ្នកបច្ចេកទេសរបស់ ECA Amarakaeri ជួបផ្ទាល់​ជាមួយ​ឆ្មាំសហគមន៍​និង​ឆ្មាំព្រៃ ដើម្បី​ប្រមូល​ព័ត៌មាន ដោយប្រើ​កម្មវិធី Mapeo Desktop នៅលើ​កុំព្យូទ័រ​យួរដៃ។ ​

ការប្រើប្រាស់ទិន្នន័យ: ទិន្នន័យត្រូវបានពិនិត្យ វិភាគ និងបកប្រែ នៅក្នុងកម្មវិធី Mapeo Desktop។ សហគមន៍និងក្បាលម៉ាស៊ីនគ្រប់គ្រងនៃតំបន់អភិរក្ស គឺជា​អ្នកសម្រេចចិត្ត​ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​ដែល​ប្រមូលបាន។ ជាងនេះទៅទៀត សហគមន៍​ក៏បាន​ចែករំលែក​ទិន្នន័យ​ទាំងនោះ​ជាមួយ​ការិយាល័យ​កណ្តាល​នៃ SERNANP នៅទីក្រុង​លីម៉ា (Lima) និង​ស្ថាប័ន​រដ្ឋាភិបាល​ដទៃទៀត ដែល​ប្រើប្រាស់​ទិន្នន័យ​ទាំងនោះ​ដើម្បី​ធ្វើសកម្មភាព​ផ្លូវច្បាប់។ ​

នេះគឺជារូបតំណាងចំនួន ២២ ដែលបង្កើតឡើងដើម្បីប្រើប្រាស់នៅក្នុងតំបន់អភិរក្ស អាម៉ារ៉ាកេរី។

Graphical user interface, application

Description automatically generated

ប្រភេទផ្សេងៗគ្នា ដែលបង្កើតរួមគ្នាដោយ ECA Amarakaeri, SERNANP និង DD សម្រាប់គម្រោងនេះ។ ប្រភេទនីមួយៗឆ្លើយតបទៅនឹង​តម្រូវការ​ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​មាន​តម្លៃ​សម្រាប់ ECA Amarakaeri និង SERNANP។ ដោយៈ ECA Amarakaeri, SERNANP និង DD

អានបន្ថែម:

សម្រាប់ព័ត៌មានបន្ថែម