ជនជាតិ ម៉ាតាវ៉ៃ (Matawai): ការនិទានរឿងទៅតាមទីកន្លែង នៅប្រទេស ស៊ូរីណាម (Suriname)

ជនជាតិដើម ម៉ាតាវ៉ៃ នៃប្រទេស ស៊ូរីណាម គឺជា សហគមន៍ ជនជាតិភាគតិច​ដែល​ធ្លាប់​មាន​អារម្មណ៍ថា​ត្រូវបាន​ពិភពលោក​បំភ្លេច​ចោល។ ពួកគេ​បានប្រើប្រាស់កម្មវិធី តេរ៉ាស្តូរី (Terrastories) ជាកម្មវិធី​កត់ត្រា​រឿងនិទាន​ទៅតាម​ទីកន្លែង ដើម្បី​បង្កើត​ជា​ឃ្លាំង​ចំណេះដឹង​អំពី​ប្រពៃណី​ទំនៀមទម្លាប់ តាមរយៈ​ការនិទាន​រឿង​ផ្ទាល់មាត់។ គោលដៅនៃការងារនេះគឺដើម្បីធានាថា មនុស្សជំនាន់ក្រោយនៃសហគមន៍ ម៉ាតាវ៉ៃ មានឱកាស​យល់ដឹង​អំពី​ប្រវត្តិសាស្រ្ត វប្បធម៌ និងអត្តសញ្ញាណ ដែល​សហគមន៍​របស់ខ្លួនធ្លាប់មាន តាមរយៈ​ការនិទាន​របស់​ចាស់ៗ។

Morning view of Nieuw Jacobkondre, Upper Saramacca River. Photo Credit: MediaVision N.V.
ទិដ្ឋភាពពេលព្រឹកនៃ New Jacobkondre ទន្លេ Saramacca ខាងលើ។ ឥណទានរូបថត MediaVision N.V.

តើជនជាតិ ម៉ាតាវ៉ៃ ម៉ារូន (Matawai Maroons) ជានរណា ហើយ​ហេតុអ្វី​បានជា​ប្រវត្តិសាស្រ្ត​របស់​ពួកគេ​មាន​សារៈសំខាន់

ជនជាតិ ម៉ាតាវ៉ៃ នៃប្រទេស ស៊ូរីណាម គឺជាសហគមន៍​​ដែល​ធ្លាប់​មាន​អារម្មណ៍​ថា​ត្រូវបាន​ពិភពលោក​បំភ្លេចចោល។ ពួកគេ​បាន​ប្រើប្រាស់​កម្មវិធី តេរ៉ាស្តូរី ដើម្បី​បង្កើតជា​ឃ្លាំង​ចំណេះដឹង​អំពី​ប្រពៃណី​ទំនៀមទម្លាប់ តាមរយៈ​ការ​និទានរឿង​ផ្ទាល់មាត់។ គោលដៅនៃការងារនេះគឺដើម្បីធានាថា មនុស្សជំនាន់ក្រោយនៃសហគមន៍ ម៉ាតាវ៉ៃ មានឱកាស​យល់ដឹង​អំពី​ប្រវត្តិសាស្រ្ត វប្បធម៌ និងអត្តសញ្ញាណ សហមន៍​របស់ខ្លួន​ តាមរយៈ​ការនិទាន​របស់​ចាស់ៗ។

រឿងនិទានអំពីជនជាតិ ម៉ាតាវ៉ៃ ចាប់ផ្តើមតាំងពីបីសតវត្សរ៍មុន នៅពេល​ដែល​ប្រទេស ស៊ូរីណាម ស្ថិតក្រោម​អាណានិគម​របស់​ហុល្លង់ ដែលបាន​ចូលមក​បង្កើត​ចម្ការ​​ដំណាំធំៗនៅ ស៊ូរីណាម។ ជាជាងទ្រំាទ្ររងទុក្ខវេទនានៃជីវិតជាទាសករចម្ការ ក្រុម​ទាសករ​ស្បែកខ្មៅ​បាន​សម្រេច​ជោគវាសនា​ខ្លួនឯង ដោយ​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុង​ព្រៃជ្រៅ។ ក្រុមទាសកររត់តាមបណ្តោយទន្លេដែលហូរចាក់ទៅទិសខាងត្បូង។ ពួកគេ​រត់​ទៅ​ឆ្ងាយ​បំផុត​តាម​តែ​អាច​ទៅបាន។​ ពួកគេប្រយុទ្ធតទល់ជាមួយទាហាន ហុល្លង់ ដែលដេញតាមចាប់ពួកគេទៅវិញ។ បន្ទាប់មក ពួកគេ​វាយប្រយុទ្ធ​រំដោះ​ទាសករ​ដទៃទៀត ហើយ​ជាលទ្ធផល​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អាណានិគម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួកគេ។

អតីតទាសករភៀសខ្លួនទាំងនេះ ដែលមានច្រើនក្រុមផ្សេងៗគ្នា បានតាំង​ទីលំនៅ​នៅ​កណ្តាល​ទឹកដី ស៊ូរីណាម និងបាន​រស់នៅ​តកូនតចៅ​ជាច្រើន​ជំនាន់​រហូតដល់​បច្ចុប្បន្ន។

សមាជិកសហគមន៍នេះដែលបច្ចុប្បន្នត្រូវបានស្គាល់ថាជា ម៉ារូន (Maroons) បង្ហាញ​មោទកភាព​អំពី​ប្រវត្តិសាស្រ្ត​របស់ខ្លួន នៅពេល​ពិពណ៌នា​អំពី​ថ្ងៃ​ដែល​បុព្វបុរស​របស់​ពួកគេ​មក​តាំង​ទីលំនៅ​ជាលើកដំបូង និង​ប្រយុទ្ធ​តតាំង​ដើម្បី​ការពារ​ទឹកដី ដែល​បច្ចុប្បន្ន​ជា​ទឹកដី​កំណើត​របស់​ពួកគេ។ ​

ម៉ាតាវ៉ៃ គឺជាក្រុមមួយក្នុងចំណោមក្រុមតូចៗបំផុតនៃ ម៉ារូន។ ក្រុមនេះ​រស់​នៅ​តាម​បណ្តោយ​ដងទន្លេ សារ៉ាម៉ាក់កា (Saramacca) នៅ​​ភាគកណ្តាល​នៃ​ប្រទេស ស៊ូរីណាម។ សម្រាប់ជនជាតិ ម៉ាតាវ៉ៃ ការរស់នៅ​កណ្តាល​ព្រៃទឹកភ្លៀង​គឺត្រូវ​ពឹងផ្អែក​ទៅលើ​ចំណេះដឹង​អំពីទឹកដី​ ដែល​ចំណេះដឹងនេះ​ត្រូវបាន​បង្ហាត់បង្រៀន​តៗគ្នា​ពី​ជំនាន់មួយ​ទៅជំនាន់មួយ បន្តពី​បុព្វបុរស​របស់​ពួកគេ។ ការនិទានរឿងទៅតាមទីកន្លែង ជួយ​ពួកគេ​សម្គាល់​ទីកន្លែង​ដែល​សម្បូរ​ម្ហូបអាហារ ឬ​ទីកន្លែង​ដែលមាន​គ្រោះថ្នាក់។ អ្វីដែលសំខាន់បំផុតនោះ គឺ​ការនិទាន​រឿង​ផ្ទាល់មាត់​ពង្រឹង​ចំណង​ផ្សារភ្ជាប់​ទឹកដី​ទៅនឹង​វប្បធម៌​និង​ប្រវត្តិសាស្រ្ត ដែល​បង្កើត​ជា​អត្តសញ្ញាណ​រួមគ្នា​នៅក្នុង​សហគមន៍ និង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យការពារ​ទឹកដី​និង​បរិស្ថាន​របស់​ខ្លួន។

ឥណទានរូបថត MediaVision N.V.

ហេតុអ្វីបានជាជនជាតិ ម៉ាតាវ៉ៃ ចាប់ផ្តើម​បង្កើត​ផែនទី​និង​ចងក្រង​ប្រវត្តិសាស្រ្ត​របស់​ពួកគេ

ពីដើមឡើយ ទឹកដីរបស់ជនជាតិ ម៉ាតាវ៉ៃ គឺជា​តំបន់​ដាច់ស្រយាល​បំផុត​នៅក្នុង​ប្រទេស។ គេអាច​ទៅដល់​ទឹកដីនេះ​ដោយការ​ជិះ​ទូកឬយន្តហោះធុនតូច។ ទើបតែ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ប៉ុណ្ណោះ ដែល​មាន​ផ្លូវថ្នល់​ចូលដល់​ទីនោះ។ ក៏ប៉ុន្តែ ការចាប់ផ្តើម​សកម្មភាព​ជីកកកាយ​រករ៉ែមាស​ បាន​បង្ករ​ផលប៉ះពាល់​ធ្ងន់ធ្ងរដល់​ទឹកដីនេះ ការតម្លើង​បង្គោល​អង់តែន​ទូរស័ព្ទ និងការ​សាងសង់​ប្រព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​នាពេល​ថ្មីៗនេះ​ដែលជា​ប្រយោជន៍​ដល់ការ​ដឹកជញ្ជូន​ឈើ និង​សម្រាប់​តភ្ជាប់​រវាងភូមិទាំង 21 របស់ជនជាតិដើម ម៉ាតាវ៉ៃ នាំមក​នូវការ​ផ្លាស់ប្តូរ​ក្នុង​ទ្រង់ទ្រាយធំ​និង​ឆាប់រហ័ស។

ក្នុងចំណោមការផ្លាស់ប្តូរនេះ ជនជាតិ ម៉ាតាវ៉ៃ វ័យក្មេង​បាន​ស្វែងរក​ការងារ​ធ្វើជា​កម្មករ​អណ្តូងរ៉ែ ឬធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​និង​រស់នៅ​ជីវិត​បែប​ទំនើប​នៅ​រដ្ឋធានី ប៉ារ៉ាម៉ារីបូ (Paramaribo)។

ភូមិករ ម៉ាតាវ៉ៃ ជាច្រើនមានសភាពស្ងាត់ជ្រងំ ហាក់ដូចជា​ត្រូវ​បោះបង់ចោល។ មានតែ​ ម៉ាតាវ៉ៃ ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​បន្ត​រស់នៅ​ក្នុងភូមិ​តាម​បែប​ប្រពៃណី។ ចាស់ៗដែលនៅរស់ តែងតែរអ៊ូរទាំថា ក្មេងៗ​ចាប់អារម្មណ៍​ទៅលើ​ទូរស័ព្ទ​ជាង​ទៅលើ​ប្រវត្តិសាស្រ្ត ហើយ​ក៏​ឈប់​និទានរឿង​ប្រវត្តិសាស្រ្ត​ឲ្យ​មនុស្ស​ជំនាន់​ក្រោយស្តាប់។ ជាលទ្ធផល ប្រពៃណីដ៏យូរលង់របស់ជនជាតិ ម៉ាតាវ៉ៃ ដែល​មនុស្ស​អង្គុយ​ដំកង់​ស្តាប់​រឿងនិទាន​បន្ត​ពីមួយ​ទៅមួយ​អំពី Fositen (ពាក្យនេះ​មាន​ន័យថា “លើកដំបូង” សំដៅទៅដល់​រឿងនិទាន​អំពី​ពេល​ដែល​បុព្វបុរស​របស់​ពួកគេ​មកដល់​ទឹកដីនេះ​ជា​លើក​ដំបូង) ប្រឈម​នឹង​ការ​បាត់បង់​សាបរលាប​ទៅតាម​ពេលវេលា

ដើម្បីការពារប្រពៃណីនេះកុំឲ្យបាត់បង់ទៅ អង្គការ Stichting voor Dorpsontwikkeling Matawai ដែល​បង្កើត​ឡើង​ដោយ​សហគមន៍ Matawai ខ្លួនឯង បាន​ចំណាយ​ពេលវេលា​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​កត់ត្រា​និង​ចងក្រង ប្រពៃណី​ទំនៀមទម្លាប់​និទានរឿង ជា​វីដេអូ​និង​ជា​ផែនទី interactive maps។ ដោយមានជំនួយពី Amazon Conservation Team (ACT) អង្គការនេះ​បាន​បណ្តុះបណ្តាល​យុវជន ម៉ាតាវ៉ៃ មួយក្រុម អំពី​វិធីសាស្រ្ត​កត់ត្រា​និង​ចងក្រង និង​វិធីសាស្រ្ត​សម្ភាសន៍​ចាស់ទំុ​នៅក្នុង​សហគមន៍ អំពី​ឈ្មោះ​ទីកន្លែង ទីតាំង​ប្រវត្តិសាស្រ្ត ដែល​នៅ​រាយប៉ាយ​ពាសពេញ​ទឹកដីដូនតា​របស់​ពួកគេ។

មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានផលិតវីដេអូដែលមានរយៈពេល 17 ម៉ោង ស្តីអំពី​ទីតាំង​ប្រវត្តិសាស្រ្​តសំខាន់ៗ តាម​បណ្តោយ​ដងទន្លេ សារ៉ាម៉ាក់កា។ សម្រាប់យុវជន ម៉ាតាវ៉ៃ ដែលចូលរួម​ធ្វើការងារ​គម្រោងនេះ វាគឺជា​ឱកាស​​ដំបូង​​ដែល​ពួកគេ​បានឮ​អំពី​ប្រវត្តិសាស្រ្ត​នៃ​ទឹកដី​កំណើត​របស់​ពួកគេ។

ព្រឹទ្ធាចារ្យ Josef Dennert រំឮកឡើងវិញអំពីគម្រោង: “… ខ្ញុំបានកប់​ចំណេះដឹង​របស់ខ្ញុំអស់ពេលជាយូរ ទើបតែ​ពេលនេះ​ខ្ញុំមើលឃើញ​ថា​វាមិនទាន់​ហួសពេល​ទេ។ ខ្ញុំត្រូវតែធ្វើតាមមនសិការបស់ខ្ញុំ និងចែករំលែកចំណេះដឹងដែលខ្ញុំមាន“

ឥណទានរូបថត: Amazon Conservation Team

ការងារនេះបាននាំរឿងរ៉ាវរបស់ជនជាតិ ម៉ាតាវ៉ៃ ទៅដល់​បណ្ណសារ​របស់​ស្ថាប័ន ស្ម៊ីតសូនៀន (Smithsonian)

ដើម្បីប្រយោជន៍នៃកត់ត្រាចងក្រង និង​ថែរក្សា​រឿងរ៉ាវ​ផ្ទាល់មាត់​របស់​សហគមន៍ ម៉ាតាវ៉ៃ សហគមន៍​បាន​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ស្ថាប័ន​មួយចំនួន​ដែល​នៅ​ឆ្ងាយ​សែនឆ្ងាយ​ពី​ទឹកដី​កំណើត​របស់​ពួកគេ។ នៅខែកញ្ញា ឆ្នាំ ២០១៨ ដេននើត (Dennert)​ និងជនជាតិ Matawai ពីរនាក់ទៀត បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីងតោន ដើម្បី​ស្វែងរក​ឯកសារ​របស់ Edward C. Green នៅវិទ្យាស្ថាន ស្ម៊ីតសូនៀន (Smithsonian)។ Green ដែលជានរវិទូ បានប្រមូលទុកនូវកំណត់ហេតុជាច្រើន រួមមាន​ទាំង​កំណត់ត្រា​ក្នុងដំណើរ​តាម​មូលដ្ឋាន រូបថត សារជាសំឡេង ដែល​គាត់​បាន​ថតទុក​ក្នុងអំឡុង​ពេល​ដែល​គាត់​ស្នាក់នៅ​ជាមួយ​ជនជាតិ ម៉ាតាវ៉ៃ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៧០ ហើយ​ក្រោយមក​​បាន​ប្រគល់​កំណត់ហេតុ​ទាំងនោះ​ជាអំណោយ​ដល់​បណ្ណសារដ្ឋានជាតិ នរវិទ្យា របស់​វិទ្យាស្ថាន ស្ម៊ីតសូនៀន (Smithsonian’s National Anthropological Archives)។ ដោយមានការគាំទ្រពីកម្មវិធីស្តារសំឡេងឡើងវិញរបស់វិទ្យាស្ថាន ស្ម៊ីតសូនៀន អ្នកស្រាវជ្រាវ​ជនជាតិ ម៉ាតាវ៉ៃ ទាំងបីរូប​បាន​គាស់​កកាយ​កំណប់​ដ៏មានតម្លៃ​ជាប្រវត្តិសាស្រ្ត​នេះ​ឡើងវិញ​ជាលើក​ទីមួយ និងបាន​នាំយក​ឯកសារ​ចម្លង​ត្រឡប់​ទោ​ប្រទេស​របស់​ពួកគេវិញ ដើម្បី​ចែករំលែក​ជាមួយ​សហគមន៍​របស់​ពួកគេ។ នៅចុងបញ្ចប់នៃការងារនេះ basja (អ្នកដឹកនាំប្រពៃណី) និងអ្នកចូលរួមឈ្មោះ Tina Henkie បាន​ឆ្លុះបញ្ចាំង​ឡើងវិញ​អំពី​បទពិសោធន៍​របស់គាត់:

“នរវិទូទាំងនោះបានកត់ត្រារឿងរ៉ាវ ខណៈដែល​ប្រជាជន​របស់ខ្ញុំ​កាលនោះ​មិនទាន់​ចេះ​កត់ត្រា។ ពួកគេនិទានរឿង ហើយពួកនរវិទូកត់ត្រារឿងរ៉ាវទាំងនោះ។ ខណៈនេះ បុព្វបុរសរបស់យើងលែងនៅជាមួយពួកយើងទៀតហើយ ដូច្នេះ​យើង​គួរតែ​អាច​ស្វែងរក​រឿងរ៉ាវ​អំពី​ពួកយើង​នៅ​ទី​ណាមួយ។ ហើយនេះគឺជាអ្វីដែលពួកយើងកំពុងធ្វើ គឺនៅទីនេះ នៅបណ្ណសារដ្ឋាននេះ ខ្ញុំព្យាយាម​ស្រមៃ​អំពី​ជីវិត​របស់​បុព្វបុរស​របស់យើង​កាលពី​ពេលនោះ។ ហើយខ្ញុំមានមោទកភាពចំពោះខ្លួនឯងក្នុងនាមជាជនជាតិ ម៉ាតាវ៉ៃ ព្រោះ​រឿងរ៉ាវ​ទាំងនេះ​ជួយ​ឲ្យខ្ញុំ​យល់ដឹង​អំពី​ដើមកំណើត​របស់ខ្ញុំ។ “

ឥណទានរូបថត Amazon Conservation Team

វិវត្តន៍នៃកម្មវិធី Terrastories

ដើម្បីអាចផ្ទុកកំណត់ត្រារឿងរ៉ាវផ្ទាល់មាត់ និងភ្ជាប់រឿងរ៉ាវទាំងនោះទៅនឹងផែនទី ACT បាន​សហការ​ជាមួយ Mapbox ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផែនទី និង​ក្រុម​ស្ម័គ្រចិត្ត​សរសេរ​កម្មវិធី​ដែល​ហៅ​ខ្លួនឯងថា Ruby for Good បាន​បង្កើត​កម្មវិធី​មួយ​សម្រាប់​កត់ត្រា​រឿងនិទាន​តាមតំបន់ ដែល​កម្មវិធីនេះ​មាន​ឈ្មោះថា តេរ៉ាស្តូរី (Terrastories).

Interface របស់កម្មវិធីនេះរួមមាន ផែនទី interactive map និង sidebar មួយដែលមាន media content និងរឿងនិទាន។ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមាតិកា ក្រុមការងារ ម៉ាតាវ៉ៃ អាច​បន្ថែម​ទីតាំង​សំខាន់ៗ​និង​រឿងរ៉ាវ​នានា​ទៅលើ​ផែនទី និង​ចាត់ថ្នាក់​ឯកជនភាព​ទៅតាម​មាតិកា​នីមួយៗ។ កម្មវិធី តេរ៉ាស្តូរី អាចដំណើរការ​បាន​ដោយ​ពុំចាំបាច់​មាន​សេវា​​អ៊ីនធ័រនែត ហើយ​កូដ​របស់វា​ជា​ប្រភេទ open-source ដែល​សហគមន៍ណា​ក៏អាច​ប្រើប្រាស់បាន​ដើម្បី​បង្កើត​ផែនទី​ដោយ​ផ្អែក​ទៅលើ​ទំនៀមទម្លាប់​នៃការ​និទានរឿង​តាម​តំបន់។

តេរ៉ាស្តូរី (Terrastories) គឺជា​កម្មវិធី​សម្រាប់​សហគមន៍​បង្កើត​ផែនទី​និង​ចែករំលែក​រឿងរ៉ាវ​នានា​អំពី​ទឹកដី​របស់​ពួកគេ។ វាអាច​ប្រើប្រាស់​បាន​ដោយ​អត្តបុគ្គល ឬដោយសហគមន៍ ដែល​ចង់​ភ្ជាប់​វីដេអូ ឬសំឡេង ទៅនឹង​ទីតាំង​ណាមួយ​នៅលើ​ផែនទី។ កម្មវិធីនេះត្រូវបានរចនាឡើងតាមរបៀបដែលផ្តល់ភាពងាយស្រួលនិងភាពរីករាយដល់អ្នកប្រើប្រាស់ ដែល​សូម្បីតែ​​សមាជិក​​សហគមន៍​​ដែល​​មិនចេះ​បច្ចេកវិទ្យា​សោះក៏អាច​ប្រើបាន។ តេរ៉ាស្តូរី: ឧបករណ៍សម្រាប់និទានរឿងតាមតំបន់

នៅខែតុលា ឆ្នាំ២០១៨ នៅរដ្ឋធានី ប៉ារ៉ាម៉ារីបូ អង្គការរបស់សហគមន៍ ម៉ាតាវ៉ៃ ដែលមានឈ្មោះថា Stichting voor Dorpsontwikkeling បានធ្វើ​បទបង្ហាញ​អំពី​កម្មវិធី​តេរ៉ាស្តូរី ដែល​ផ្ទុក​ទិន្នន័យ​អំពី​រឿងរ៉ាវ​និង​ផែនទី​របស់​សហគមន៍ ម៉ាតាវ៉ៃ នៅ​ចំពោះមុខ​ទស្សនិកជន​ដែល​រួមមាន សមាជិក​ក្រុម ម៉ារូន មេដឹកនាំ​ប្រពៃណី និង​មន្ត្រី​រដ្ឋាភិបាល ស៊ូរីណាម។ គម្រោងនេះបានជំរុញឲ្យមានកិច្ចសន្ទនាថ្នាក់ជាតិ អំពី​ការទទួលស្គាល់​និង​អភិរក្ស​វប្បធម៌ ម៉ារូន និង​ចាត់ចូល​ជា​បិតិកភណ្ឌ​អរូបី​របស់​ប្រទេស ស៊ូរីណាម។

ឥណទានរូបថត Amazon Conservation Team
ឥណទានរូបថត Judith Andrews

ដំណើរការផលិតផែនទីប្រវត្តិសាស្រ្តផ្ទាល់មាត់របស់ជនជាតិ ម៉ាតាវ៉ៃ

មកដល់ឆ្នាំ ២០២០ ក្រុមការងារផែនទី​និង​រឿងនិទាន​ប្រវត្តិសាស្រ្ត​ផ្ទាល់មាត់​របស់ ម៉ាតាវ៉ៃ បាន​បញ្ចប់​ដំណើរការ​ខាងក្រោម ជាមួយ​ភូមិ​ចំនួន ១០ នៅ​ប៉ែក​ខាងលើ​នៃ​ដងទន្លេ សារ៉ាម៉ាក់កា។

សមាសធាតុៈ

មនុស្: ធាតុដ៏សំខាន់មួយក្នុងចំណោមធាតុសំខាន់ជាច្រើនដែលនាំមុខគម្រោងនេះគឺ បំណងប្រាថ្នា​និង​ឆន្ទៈ​របស់​តំណាង​សហគមន៍ ម៉ាតាវ៉ៃ ក្នុងការ​ផ្ទេរ​ប្រវត្តិសាស្រ្ត​ដ៏មាន​តម្លៃ​ទៅឲ្យ​យុវជន និង​ធានា​ថា​មនុស្ស​ជំនាន់ក្រោយ​មានឱកាស​ទទួលបាន​ចំណេះដឹងនេះ​និង​យល់ដឹង​អំពី​ប្រភពដើម​របស់​ពួកគេ។ បំណងប្រាថ្នានេះស្ថិតនៅក្នុងជម្រៅនៃ​មោទកភាព​និង​កតញ្ញូ ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​បុព្វបុរស ដែលបាន​ប្រយុទ្ធ​ដើម្បី​សេរីភាព​ពេញលេញ​ជាប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ព្រៃស្រោង។ 

ឥណទានរូបថត MediaVision N.V.

គុណតម្: ស្វ័យភាពគឺជាកូនសោរនៃជោគជ័យរបស់គម្រោងនេះ។ អង្គការរបស់ម៉ាតាវ៉ៃ ជាអ្នក​នាំមុខ​ក្នុងការ​រចនា​គម្រោង បញ្ចេញ​គំនិត​យោបល់ រៀបចំ​គម្រោង​សកម្មភាព និង​កំណត់​អត្តសញ្ញាណ​ចាស់ព្រឹទ្ធាចារ្យ​និង​អ្នក​មាន​ចំណេះដឹង​ដើម្បីសម្ភាស។ អង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត​បានដើរ​តួនាទី​ជា​អ្នកគាំទ្រ និង​ធ្វើ​ការងារ​ជាមួយ​សមាជិក​សហគមន៍ ម៉ាតាវ៉ៃ ដើម្បី​បង្កើន​ទំនុកចិត្ត​និងភាពជឿជាក់។ ជាងនេះទៅទៀត ការធ្វើជាម្ចាស់​កម្មសិទ្ធិ​លើ​ទិន្នន័យ​ព័ត៌មាន​ក៏ជា​កូនសោរ​នៃ​គម្រោងនេះ​ដែរ ជាពិសេស​ទាក់ទង​ទៅនឹង​សមត្ថភាព​របស់ ម៉ាតាវ៉ៃ ក្នុងការ​កំណត់​លក្ខខណ្ឌថា នរណា​អាច​ចូលមើល​ផែនទី​និង​រឿងនិទាន​បាន។ គុណតម្លៃទាំងនេះក៏ជាគុណតម្លៃនៃការផលិតកម្មវិធី តេរ៉ាស្តូរី ដែរ។

ឥណទានរូបថត Amit Madheshiya.
បច្ចេកវិទ្យា 
  • ក្រដាសផ្ទាំងធំៗ ប៊ិចហ្វឺតពណ៌
  • ឧបករណ៍ GPS សម្រាប់កាន់នឹងដៃ (Garmin 64)
  • សៀវភៅសម្រាប់សរសេរកំណត់ហេតុ
  • កុំព្យូទ័រយួរដៃ និង backup drives
  • ម៉ាស៊ីនបញ្ចាំងរូបភាព ដែលមានទំហំតូចអាចយួរដៃបាន ដើម្បីឲ្យ​អ្នកភូមិ​អាច​មើល​ផែនទី​ដែល​ពួកគេ​កំពុងតែ​គូស និងវីដេអូ អំពី​រឿងរ៉ាវ​ផ្ទាល់មាត់។
  • ម៉ាស៊ីនថតសំឡេង (Zoom H6N)
  • កាម៉េរ៉ាវីដេអូ (Canon Rebel t3i)
  • ឧបករណ៍ GIS និង cartography software: ArcGIS, Mapbox Studio
  • Design software: Adobe InDesign
  • Software សម្រាប់កាត់តវីដេអូ: Adobe Premiere
  • កុំព្យូទ័រទំហំតូច សម្រាប់ដើរតួជា offline servers សម្រាប់តេរ៉ាស្តូរី

ធនធានសម្រាប់ការធ្វើដំណើរ និងរៀបចំសិក្ខាសាលាៈ

  • ទូក ប្រេងឥន្ធនៈ និងស្បៀង
  • ឧបករណ៍ចាំបាច់សម្រាប់ការដើរ ដូចជា ស្បែកជើងកវែង សាក់កាដូ អាវភ្លៀង ។ល។
  • ក្រដាសបោះពុម្ពផែនទីព្រាង krutus នៃភូមិ ម៉ាតាវ៉ៃ នីមួយៗ

គិតត្រឹមឆ្នាំ ២០១៩ ម៉ាតាវ៉ៃ បានថតវីដេអូឃ្លីបដែលមានរយៈពេល ១៧ ម៉ោង អំពី​ព្រឹទ្ធាចារ្យចំនួន ៣៥រូប ដែល​និទានរឿង​ចំនួន ១៥០ ស្តីអំពី​ទីតាំង​បុព្វបុរស​ចំនួន​ជាង ៣០០ កន្លែង។ ក្រុមការងារ​ក៏បាន​គូសផែនទី​ទីតាំង​ប្រវត្តិសាស្រ្ត ចំនួនជាង ៧០០​ កន្លែង នៅក្នុង​ដែនដី​របស់​ពួកគេ គឺ​តំបន់​ដីល្បប់​ទន្លេ សារ៉ាម៉ាក់កា។​

ការយល់ព្រមពីសហគមន៍: ដឹកនាំដោយអង្គការ Stichting voor Dorpsontwikkeling Matawai ដែលបង្កើតឡើង​ដោយ​សហគមន៍ ម៉ាតាវ៉ៃ ខ្លួនឯង ក្រុមការងារ​បាន​ស្វែងរក​ការព្រមព្រៀង​និង​អនុញ្ញាត​ពី​ព្រឹទ្ធាចារ្យ​និង​ថ្នាក់ដឹកនាំ ម៉ាតាវ៉ៃ ដើម្បី​ចាប់ផ្តើម​គម្រោង។ អង្គការ Stichting voor Dorpsontwikkeling Matawai និង Amazon Conservation Team-Suriname (ACT) បាន​ព្រមព្រៀងគ្នា​ទៅលើ​តួនាទី​និង​ការទទួល​ខុសត្រូវ​របស់​ភាគី​នីមួយៗ។

ឥណទានរូបថត MediaVision N.V.

គំនូសព្រាងផែនទី: នៅឆ្នាំ ២០១៥ គម្រោង​បាន​ចាប់ផ្តើម​ជាមួយនឹង krutus (មានន័យថា សិក្ខាសាលា) នៅតាមភូមិ ដែលពេលនោះ សមាជិក​សហគមន៍​បានគូស​គំនូសព្រាង​ផែនទី​នៃទន្លេ សារ៉ាម៉ាក់កា ដោយ​ផ្អែក​ទៅលើ​ចំណេះដឹង​អំពី​ទឹកដី​និង​ទីតាំង។ អ្នកជំនាញផ្នែកផែនទីមកពីក្រុម ACT បាន​ចងក្រង​ទិន្នន័យ​ទាំងអស់​បញ្ចូលគ្នា​ទៅក្នុង​កម្មវិធី​ផលិត​ផែនទី ArcGIS ដែលនឹង​ក្លាយជា​គំនូសព្រាង​ផែនទី​ទីមួយ​នៃ​ទឹកដី​បុព្វបុរស​របស់ ម៉ាតាវ៉ៃ។

ឥណទានរូបថត Amazon Conservation Team

ការបណ្តុះបណ្តាលផ្នែកផែនទី GPS និងវិធីប្រមូលចងក្រងចំណេះដឹងអំពីទឹកដី: សមាជិក​សហគមន៍ ទាំង​បុរស​និង​ស្ត្រី បាន​ទទួល​ការ​បណ្តុះបណ្តាល​ពីក្រុម ACT អំពី​របៀប​ប្រើប្រាស់​ម៉ាស៊ីន GPS (Global Positioning System) ដើម្បី​ថតយក​ទិន្នន័យ​អំពី​ទីកន្លែង និង​ការប្រើប្រាស់ ឧទាហរណ៍ ផ្លូវ​សម្រាប់​ប្រមាញ់សត្វ ទីតាំង​ដាំដំណាំ និង​​ទីតាំង​ប្រមូលផល​ដទៃទៀត។ ក្នុងអំឡុងដំណាក់កាលនេះ ទីតាំងនីមួយៗដែលត្រូវបានគូសនៅលើក្រដាសផែនទីព្រាង ត្រូវបាន​ថត​នៅតាម​ទីតាំង​ជាក់ស្តែង​​​ដោយ​ម៉ាស៊ីន GPS។

ឥណទានរូបថត Amazon Conservation Team

ដំណើរដោយថ្មើរជើងទៅកត់ត្រាទិន្នន័យនៅតាមទីតាំងនីមួយៗនៅលើផែនទី: ពីរដង​នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ក្រុមការងារ​ផែនទី ដែលរួមមាន យុវជន​និង​ព្រឹទ្ធាចារ្យ​នៃ​សហគមន៍ ម៉ាតាវ៉ៃ ព្រមទាំង​អ្នកជំនាញ​ភូមិសាស្រ្ត​មកពី​ក្រុម ACT បាន​ធ្វើដំណើរ​ចុះឡើង​តាមបណ្តោយ​ដងទន្លេ សារ៉ាម៉ាក់កា អស់​រយៈពេល​ពីរសប្តាហ៍ ប្រើប្រាស់​ម៉ាស៊ីន GPS ដើម្បី​កត់ត្រា​ឈ្មោះ​ទីកន្លែង​នីមួយៗ ដូចជា ទឹកជ្រោះ ស្ទឹង កោះ ទីតាំងភូមិចាស់ ទីតាំងប្រវត្តិសាស្រ្ត ទីតាំងប្រមូលផល និង​ទីតាំង​ផ្សេងៗទៀត​ដែលមាន​តម្លៃ​ផ្នែក​ប្រវត្តិសាស្រ្ត។ ក្រុមការងារ ACT ប្រើប្រាស់ទិន្នន័យទាំងអស់នោះ ដើម្បី​បង្កើន​ប្រត្យក្សភាព​នៃផែនទី​នៅក្នុង ArcGIS។

ឥណទានរូបថត Amazon Conservation Team

ការផ្ទៀងផ្ទាត់ផែនទី: បន្ទាប់ពីដំណាក់កាលប្រមូលទិន្នន័យ អ្នកជំនាញ​ភូមិសាស្រ្ត​របស់​ក្រុម ACT ប្រើ ArcGIS ដើម្បី​រៀបចំ​ផែនទី​នៃ​ដែនដី ម៉ាតាវ៉ៃ ហើយអង្គការ Stichting voor Dorpsontwikkeling Matawai រៀបចំ សិក្ខាសាលា ដើម្បី​សមាជិក​សហគមន៍​ផ្តល់យោបល់​ទៅលើភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ ទៅលើ​កំហុស​ក្នុងការ​សរសេរ​ឈ្មោះ ឬ​ទីតាំង​ដែល​ពុំទាន់​ត្រូវបាន​បញ្ចូល​ទៅក្នុង​ផែនទី​ជាដើម។ មកដល់ចុងឆ្នាំ ២០១៧ ច្បាប់ព្រាងផែនទីធំអំពីទីតាំងដូនតាត្រូវបានបញ្ចប់។

ឥណទានរូបថត Amazon Conservation Team

កត់ត្រាប្រវត្តិសាស្រ្តផ្ទាល់មាត់: ក្នុងអំឡុងដំណាក់កាលផ្សេងៗគ្នានៃការធ្វើផែនទី ក្រុមការងារ​បាន​កត់ត្រា​ប្រវត្តិសាស្រ្ត​ផ្ទាល់មាត់​ជាមួយ​ចាស់ព្រឹទ្ធាចារ្យ​ដែលបាន​ទទួល​ចំណេះដឹង​អំពីប្រវត្តិសាស្រ្ត ម៉ាតាវ៉ៃ ពីដូនតា​របស់​គាត់។ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ក្រុមការងារ​បាន​កត់ត្រា​កិច្ចសន្ទនា​ជាមួយ​ចាស់ព្រឹទ្ធាចារ្យ ម៉ាតាវ៉ៃ ចំនួន ៣៥រូប ដែល​រស់នៅ​ក្នុង​ភូមិនានា​តាម​បណ្តោយ​ដងទន្លេ សារ៉ាម៉ាក់កា និងរដ្ឋធានី ប៉ារ៉ាម៉ារីបូ។

ឥណទានរូបថត Amazon Conservation Team

ការរចនានិងបោះពុម្ពផែនទី: នៅឆ្នាំ ២០១៨ ក្រុមការងារ ACT បាន​បង្ហើយ​ការងារ​ផលិត​ផែនទី​ទីតាំង​បុព្វបុរស​របស់ ម៉ាតាវ៉ៃ ដោយប្រើកម្មវិធី ArcGIS និង Adobe InDesign។ ផែនទីត្រូវបានបោះពុម្ព និងដឹកជញ្ជូលទៅភូមិនីមួយៗ ហើយដាក់តាំងនៅក្នុង kuutu wosoe (សាលប្រជុំរបស់សហគមន៍)។ 

ឥណទានរូបថត Amazon Conservation Team

អភិវឌ្ឍន៍កម្មវិធី តេរ៉ាស្តូរី (Building Terrastories): អ្នកជំនាញភូមិសាស្រ្តរបស់ក្រុម ACT សហការ​ជាមួយ​ក្រុមអ្នក​ស្ម័គ្រចិត្ត​សរសេរកូដ បាន​អភិវឌ្ឍ​កម្មវិធី តេរ៉ាស្តូរី ជាមួយនឹង​ផែនទី​និង​ប្រវត្តិសាស្រ្ត​ផ្ទាល់មាត់​របស់ ម៉ាតាវ៉ៃ។ ដើម្បីអាចធ្វើដូច្នោះបាន ក្រុមការងារបាន uploaded ទៅក្នុង Mapbox Studio បន្ទាប់មក downloaded ផែនទីជា map tiles ដែល​អាច​ដំណើរការ​ដោយ​ពុំត្រូវការ​អ៊ីនធឺនែត។ កម្មវិធី តេរ៉ាស្តូរី ដែលផ្ទុកផែនទីនិងរឿងរ៉ាវរបស់ ម៉ាតាវ៉ៃ ត្រូវបាន​ផ្ទុក​នៅក្នុង​កូន​កុំព្យូទ័រ​យួរដៃ ដែល​អាច​ចែកចាយ ដោយ​ពុំ​ត្រូវការ​អ៊ីនធឺនែត។ ពេលខ្លះ ក្រុមការងារនាំយកផែនទីនេះទៅភូមិម៉ាតាវ៉ៃចំនួនពីរ គឺPusugrunu និង Nieuw Jacobkondre និងបាន​បង្ហាញ​ផែនទី​និង​ប្រវត្តិសាស្រ្ត​ផ្ទាល់មាត់​ដល់​សហគមន៍ សាលារៀន និងអ្នកដឹកនាំប្រពៃណី នោទីនោះ។

ឥណទានរូបថត Amit Madheshiya.

ការដាក់ឲ្យប្រើប្រាស់កម្មវិធី តេរ៉ាស្តូរី Offline (ពុំត្រូវការអ៊ីនធឺនែត): ក្រុមការងារ​បាន​ធ្វើ​អំណោយ កូនកុំព្យូទ័រ​តូចៗ​ចំនួនពីរ ដែល​បំពាក់​ដោយកម្មវិធី តេរ៉ាស្តូរី និងផែនទី ម៉ាតាវ៉ៃ រួចជាស្រេច ដល់​សាលារៀន​នៅភូមិ​ម៉ាតាវ៉ៃ Pusugrunu និង Nieuw Jacobkondre ដើម្បីប្រើប្រាស់។ សាលារៀនត្រូវបង់ថ្លៃ​ការពារ​សុវត្ថិភាពព័ត៌មាន​​និង​ថ្លៃ​គ្រប់គ្រង​ទិន្នន័យ ខណៈដែល​សហគមន៍​នៅតែ​បន្តជាអ្នក​ធ្វើសេចក្តី​សម្រេចចិត្ត​ក្នុងការ​ចាត់ចំណាត់ថ្នាក់​ឯកជនភាព​នៃ​រឿង​នីមួយៗ ដឹកនាំដោយ Stichting voor Dorpsontwikkeling Matawai។

អានបន្ថែម